website_news:2018060402

អង្គការ IOM X ចាក់ផ្សាយរឿងអប់រំស្ត្រីទាក់ទងនឹងអាពាហ៍ពិពាហ៍ទៅរស់នៅបរទេស

https://thmeythmey.com/ 05, Apr 2018 , 2:56 pm

ដោយ: ថាន រស្មី ភ្នំពេញ៖ អង្គការ IOM X ក្រោមកិច្ចសហការជាមួយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ចាប់ផ្តើមយុទ្ធនាការចាក់ផ្សាយរឿងអប់រំតាមវិទ្យុ និងបញ្ចាំងតាមទូរទស្សន៍ សំដៅធ្វើយ៉ាងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ មុនសម្រេចចិត្តរៀបការចេញទៅរស់នៅបរទេស ក្នុងនោះមានប្រទេសចិន ជាដើម។

ដោយមើលឃើញថា ស្ត្រីដែលរៀបការទៅរស់នៅក្រៅប្រទេសជាមួយប្ដីបរទេស តែងប្រឈមលើការជួញដូរផ្លូវភេទ និងកម្លាំងពលកម្មនោះ អង្គការ IOM X រួមជាមួយមណ្ឌលព័ត៌មានស្ត្រី (WMC) បានផលិតខ្សែរឿងអប់រំ ដែលមានចំណងជើងថា «ចំណាកស្រុកដោយជោគជ័យ» ដើម្បីចាក់ផ្សាយនៅតាមស្ថានីទូរទស្សន៍ និងវិទ្យុ ចំនួន៤លើក ពេញមួយខែមេសា នេះ។ រឿងអប់រំ«ចំណាកស្រុកដោយជោគជ័យ» នេះ ក៏មានការចូលរួមពី គណៈកម្មកាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (NCCT) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MoFAIC) រូមជាមួយអង្គការជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។

វិទ្យុដែលចាក់ផ្សាយរឿងអប់រំនេះ មានវិទ្យុស្ត្រីកម្ពុជា FM102 និងវិទ្យុវាយោ រីឯខ្សែវីដេអូ ត្រូវចាក់បញ្ចាំងនៅទូរទស្សន៍ PNN នៅល្ងាចថ្ងៃទី៥ និងទី៦ខែមេសា និងទូរទស្សន៍ MyTV នៅព្រឹកថ្ងៃទី៧ និងទី៨ ខែមេសា។ បន្ថែមលើនេះ ក្រុមការងាររបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នឹងធ្វើដំណើរចុះទៅភូមិ តាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែមេសា ជូនដល់ប្រជាពលរដ្ឋទស្សនាដល់មូលដ្ឋាន។ អង្គការ IOM X គឺជាយុទ្ធនាការរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID)ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច៕

website_news/2018060402.txt · Last modified: 2018/04/06 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki