website_news:2018060404

ក្រសួងការងារ៖ពលករខ្មែរនៅថៃតិចតួចខកខានមិនបានបន្តសុពលភាពប័ណ្ណពណ៌ស៊ីជំម្ពូ

https://wmc.org.kh/ ថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា ឆ្នាំ២០១៨ធូ វីរៈ

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា ពលករខ្មែរមានចំនួនតិចតូចដែលបានខកខានមិនបានបន្តសុពលភាពប័ណ្ណស្នាក់នៅនិងធ្វើការបណ្តោះអាសន្ន ឬ ប័ណ្ណពណ៌ស៊ីជម្ពូ និងលិខិតទំនាក់ទំនងរវាងថៅកែ និង ពលករ ខណៈដែលអាជ្ញាធរថៃព្រមានពីការបណ្តេញចេញពលករបរទេសខុសច្បាប់។

នៅសប្តាហ៍មុនស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃបានអំពាវនាវដល់ពលករខ្មែរទាំងអស់ ប្រញាប់ទៅបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន ឬ ប័ណ្ណពណ៌ស៊ីជម្ពូ និងលិខិតទំនាក់ទំនងរវាងថៅកែ និង ពលករ នៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីបំពេញបែបបទជាពលករស្របច្បាប់ជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជានៅប្រទេសថៃ។ ជាមួយគ្នានេះ ការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងប័ណ្ណពណ៌ស៊ីជម្ពូ រួមទាំងលិខិតទំនាក់ទំនងរវាងថៅកែនិងពលករ បានផុតសុពលភាពហើយ កាលពីដើមខែ មេសានេះ។ កាសែតថៃ Bangkok Post បានចុះផ្សាយថា ពលករចំណាកស្រុកបរទេស ដូចជាពលករកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រមាណ ៦ ម៉ឺននាក់ កំពុងធ្វើការងារនិងស្នាក់នៅដោយខុសច្បាប់ ព្រោះពលករទាំងនោះ ខកខានមិនបន្តសុពលភាពប័ណ្ណស្នាក់នៅនិង ប័ណ្ណពណ៌ស៊ីជម្ពូនៅក្រសួងការងារថៃ ហើយពលករបរទេសទាំងនោះ នឹងប្រឈមការបណ្តេញចេញពីប្រទេសថៃ។

ទាក់ទិនករណីនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យដឹងថា ក្នុងចំណោមពលករមិនទាន់ស្របច្បាប់ប្រមាណ ៤០ ម៉ឺន នាក់ គឺ ពលករខែ្មរមានចំនួនតិចតួចទេ ដែលមិនទាន់បានមកបន្តសុពលភាពប័ណ្ណស្នាក់នៅនិងប័ណ្ណពណ៌ស៊ីជម្ពូ។ លោក ហេង សួរ៖ «បើធៀបជាមួយនឹងចំនួន៤០ម៉ឺននាក់ដែលមិនមានប័ណ្ណពណ៌ស៊ីជំម្ពូ ឥឡូវនេះយើងមានពលករតិចតួចតែប៉ុណ្ណោះមិនទាន់បានទៅពន្យាប័ណ្ណពណ៌ស៊ីជម្ពូនេះ។ អញ្ចឹងយើងបានដោះស្រាយបញ្ហាជូនបងប្អូនបានប្រមាណ៩៦ភាគរយរួចទៅហើយ។» លោក ហេង សួរ ជឿថា ពលករខ្មែរដែលខកខានទាំងនោះអាចនឹងទៅបន្តសុពភាពប័ណ្ណពណ៌ស៊ីជម្ពូនៅ ក្រោយពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ ទោះបីយ៉ាងណា លោកព្រមានថា អាជ្ញាធរថៃនឹងចាប់ផ្តើមរឹតបន្តឹងលើពលករចំណាកស្រុកខុសច្បាប់យ៉ាងយូរនៅដើមខែ មិថុនា ខាងមុននេះ។ លោក ហេង សួរ៖ «សម្រាប់ភាគីថៃគឺយូរនៅថ្ងៃទី ៣០ ខែ មិថុនា គាត់នឹងមានវិធានការសម្រាប់អ្នកដែលមិនមានឯកសារ ជាពិសេសមិនមានប័ណ្ណពណ៌ស៊ីជម្ពូ និងតែម្តង។ ប៉ុន្តែក៏មិនមែនមានន័យថាបិទសម្រាប់បងប្អូនមិនមានប័ណ្ណពណ៌ស៊ីជម្ពូត្រឡប់មកប្រទេសកំណើតបានទេ។ អញ្ចឹងប្អូនអាចត្រឡប់មកវិញរៀបចំឯកសារពីកម្ពុជាចូលទៅប្រទេសថៃវិញបាន។»

កាលពីអំឡុងខែ កុម្ភៈ កម្ពុជា-ថៃ ប្តេជ្ញាដោះស្រាយបញ្ហាពលករខ្មែរឲ្យក្លាយជាពលករស្របច្បាប់និងបញ្ចប់ការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅចុងខែ មិថុនា ឆ្នាំនេះ។ តាមច្បាប់ថ្មីរបស់ប្រទេសថៃ ពលករអន្តោប្រវេសន៍ ខកខានមិនបានធ្វើបែបបទស្នាក់នៅត្រូវ ពិន័យជាប្រាក់ពី ៥.០០០ បាត ទៅ ៥០.០០០ បាត។ សម្រាប់កម្មករ និយោជិត ត្រូវពិន័យជាប្រាក់ចាប់ពី ១ ម៉ឺនបាត ទៅ ១ សែនបាត។ បទល្មើសដែលកើតឡើងច្រំដែលៗរបស់និយោជកត្រូវពិន័យប្រាក់ ២ សែនបាត ក្នុងមួយករណី ហើយផ្តន្ទាទោសពន្ធាគារ ជិត ១ឆ្នាំ។ បន្ថែមពីនេះក្រុមហ៊ុនត្រូវហាមមិនឲ្យជ្រើសរើសពលករបរទេសរយៈពេល៣ឆ្នាំ។

យោងតាមរបាយការណ៍ក្រសួងការងារកម្ពុជា ពលករចំណាក់ស្រុកខ្មែរបម្រើការងារនៅប្រទេសថៃ ១ លាន ៥ ម៉ឺននាក់។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់ក្រសួងការបទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិបង្ហាញថាយ៉ាងតិចពលករខ្មែរជិត១ពាន់នាក់ត្រូវបាននិរទេសពីប្រទេសថៃមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕

website_news/2018060404.txt · Last modified: 2018/04/06 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki