website_news:2018060407

ជប៉ុនកំពុងសម្លឹងឃើញយុវវ័យកម្ពុជា ខណៈប្រទេសនេះជួបវិបត្តិកម្លាំងពលកម្ម

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១០:៥៨ សុវណ្ណណែត

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសជប៉ុនបានបង្ហាញពីហានិភ័យនៃការធ្លាក់ចុះធនធានមនុស្សពេញវ័យ ខណៈកំណើនមនុស្សវ័យចាស់កាន់តែច្រើន ដែលធ្វើឲ្យប្រទេសនេះបាត់បង់កម្លាំងពលកម្មនៅក្នុងវិស័យការងារ ដូចនេះហើយត្រូវការប្រើប្រាស់ការងារដោយស្វ័យប្រវត្តិ តែទោះជាយ៉ាងណា នៅក្នុងវិស័យការងារក៏ត្រូវការធនធានមនុស្សសម្រាប់ធ្វើការដែរ។ ដោយសារតែវិបត្តិធនធានមនុស្សពេញវ័យសម្រាប់បម្រើការងារថយចុះ ធ្វើឲ្យប្រទេសនេះស្វែងរកកម្លាំងពលកម្មពីបណ្ដាប្រទេសខាងក្រៅ ដើម្បីយកទៅបំពេញការងារតាមបណ្ដាសហគ្រាសផ្សេងៗ ។ ក្នុងនោះដែរ កម្ពុជាជាគោលដៅសំខាន់មួយសម្រាប់ជប៉ុន ក្នុងការបណ្ដុះបណ្ដាលពលករយកទៅធ្វើការ ។

បើតាមលោក Takeshi Kurada នាយកប្រតិបត្តិក្រុមហ៊ុនរីណេត ជប៉ុន គ្រុប អាយអុិនស៊ី បានឲ្យដឹងកាលពីថ្ងៃទី៥ មេសា ថា បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងជួបវិបត្តិសម្បូរមនុស្សចាស់ និងខ្សត់មនុស្សពេញវ័យធ្វើការ ដែលធ្វើឲ្យប្រទេសជប៉ុនបាត់បង់កម្លាំងការងារច្រើនសម្រាប់បម្រើការនៅតាមសហគ្រាស និងរោងចក្រនានា ។ លោកនិយាយថា ៖« ការដែលយើងសម្រេចមកកម្ពុជា ហើយស្វែងរកកម្លាំងពលកម្មពីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ដោយសារតែយើងគិតថា ទំនាក់ទំនងរវាងជប៉ុននិងកម្ពុជា មានភាពស្និទ្ធស្នាលនឹងគ្នា ហើយកម្ពុជាមានមនុស្សពេញវ័យបម្រើការងារក៏ច្រើន ។ ដូចនេះហើយទើបយើងបានសហការជាមួយបណ្ដាស្ថាប័ននានានៅជប៉ុន សម្រេចបណ្ដុះបណ្ដាលសិក្ខាកាមកម្ពុជាតែម្ដង » ។ លោកបន្តថា ការងារបច្ចុប្បន្ននៅក្នុងប្រទេសជប៉ុន ដែលគ្រោងនឹងបញ្ជូនសិក្ខាកាមពីកម្ពុជា ភាគច្រើនជាការងារក្នុងវិស័យយានយន្ត ដូចជា តាមបណ្ដាសហគ្រាសថែទាំយានយន្ត និងការងារដំឡើងរថយន្តនៅតាមរោងចក្រនានា ។ ក្រៅពីអត្ថប្រយោជន៍ដែលទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែហើយ ពលករកម្ពុជាដែលទៅធ្វើការនៅជប៉ុន ក៏នឹងអាចទទួលបានជំនាញមុនពេលចេញទៅធ្វើការ និងបទពិសោធន៍ជំនាញ ក្រោយពេលទៅធ្វើការនៅប្រទេសជប៉ុន ។

លោកបន្ថែមទៀតថា ដើម្បីសម្រួលដល់ការខ្វះខាតរបស់ពលករកម្ពុជា ភាគីជប៉ុនក៏បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ផ្ដល់កម្ចី ដែលពលកររូបណាខ្វះខាតហិរញ្ញវត្ថុសម្រាប់ធ្វើដំណើរ ។ ដូចនេះ នៅពេលពួកគេធ្វើការបានចំណូលអាចសងត្រឡប់ទៅគ្រឹះស្ថាននោះវិញតាមលទ្ធភាព ។ លោក Mitsugu Takeuchi ប្រធានសមាគមថែទាំរថយន្តប្រទេសជប៉ុន បានឲ្យដឹងថា ជប៉ុនគ្រោងនឹងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាឲ្យបាន១ពាន់នាក់នៅក្នុងឆ្នាំ២០២០ ។ មិនតែប៉ុណ្ណោះ ជប៉ុនក៏គ្រោងនឹងបណ្ដុះបណ្ដាលគ្រូបង្គោលជនជាតិខ្មែរផងដែរ ដើម្បីឲ្យគ្រូបង្គោលទាំងនោះទៅបណ្ដុះបណ្ដាលបន្តដល់ធនធានមនុស្សក្នុងវិស័យយានយន្តកម្ពុជា ។ លោកនិយាយថា ៖« ក្នុងនាមជាប្រធានសមាគមថែទាំរថយន្តនៅប្រទេសជប៉ុន យើងបានស្នើឲ្យសមាជិក ដែលជាម្ចាស់រោងចក្រដំឡើងរថយន្ត និងសហគ្រាសថែទាំរថយន្តនានាទទួលយកពលករកម្ពុជាទៅធ្វើការឲ្យបានច្រើនតាមលទ្ធភាព ហើយយើងក៏ជឿថា សមាជិកទាំងអស់ក៏កំពុងត្រូវការកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងសហគ្រាសរបស់ខ្លួនដែរ ស្របពេលកម្លាំងពលកម្មជប៉ុនកំពុងថយចុះ » ។

លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលមានប្រជាពលរដ្ឋវ័យក្មេង និងឈានដល់អាយុចូលធ្វើការច្រើន ។ ជាក់ស្ដែង បច្ចុប្បន្ននេះ កំណើនមនុស្សពេញវ័យធ្វើការមានប្រមាណ៣០ម៉ឺននាក់ក្នុង១ឆ្នាំ ។ ដូចនេះ ការស្វែងរកពលករកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន គឺជារឿងមួយល្អប្រសើរ ។ លោកថា ៖« កម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ ដូចនេះហើយទើបប្រទេសជាច្រើនទៀតបានចូលមកវិនិយោគ បង្កើតការងារជាបន្តបន្ទាប់ដល់ពលរដ្ឋ ហើយការវិនិយោគរបស់ពួកគេ ក៏មានភាពងាយស្រួលក្នុងការស្វែងរកកម្លាំងពលកម្មផងដែរ » ។ លោកបន្តថា ការផ្ដល់ឱកាសការងារដល់យុវជនកម្ពុជារបស់ភាគីជប៉ុន គឺជាការបង្ហាញពីចំណងមិត្តភាពវាងប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងខិតជិតគ្នា ។ ក្រៅពីឱកាសការងារទទួលបានប្រាក់ចំណូល ពលករកម្ពុជាក៏អាចទទួលបានជំនាញមួយសម្រាប់ជីវិតរបស់ខ្លួនផ្ទាល់ ។ មិនតែប៉ុណ្ណោះ ពលករដែលត្រឡប់មកពីធ្វើការនៅប្រទេសជប៉ុនវិញ ក៏អភិវឌ្ឍន៍ប្រទេស និងពង្រឹងបច្ចេកទេសក្នុងវិស័យយានយន្តកម្ពុជាកាន់តែរឹងមាំផងដែរ ។

គួរបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ចំនួន១,២លាននាក់ និងបានផ្ញើប្រាក់ត្រឡប់មកក្នុងស្រុកវិញ មានប្រមាណ២ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ៕

website_news/2018060407.txt · Last modified: 2018/04/06 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki