website_news:2018060601

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឲ្យទប់ស្កាត់-បង្ក្រាបបទល្មើសឆ្លងដែន អំពើភេរវកម្ម ការជួញដូរដឹកអាវុធគ្រឿងផ្ទុះ

http://www.rasmeinews.com/ June 5, 2018, 9:22 PM

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យកម្លាំងសមត្ថកិច្ចនៅតាមបណ្តោយព្រំដែនបង្កើនវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែនដូចជា អំពើភេរវកម្ម ការជួញដូរដឹកអាវុធគ្រឿងផ្ទុះ ការចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ជួញដូរពលកម្ម ការដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់…និងពង្រឹងត្រួតពិនិត្យច្រកចេញ-ចូល ឆ្លងកាត់ព្រំដែនឲ្យបានម៉ត់ចត់ និងលុបបំបាត់ច្រករបៀងព្រំដែនទាំងអស់។ នេះបើយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីណែនាំសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មកទល់ពេលនេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈល្អប្រសើរ បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សភាពការតាមតំបន់ព្រំដែនមានសភាពស្ងប់ស្ងាត់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ប៉ុន្តែសង្កេតឃើញថា នៅមានបាតុភាពកើតឡើងជារឿយៗ ពាក់ព័ន្ធនិងបទល្មើស និងការចេញ-ចូលឆ្លងកាត់ព្រំដែនខុសច្បាប់ដែលជាបច្ច័យអាក្រក់អាចបង្កឲ្យមានអសន្តិសុខតំបន់ព្រំដែន ប៉ះពាល់ដល់មិត្តភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃកម្ពុជា។ សម្តេចក្រឡាហោមបានបន្តថា ក្នុងគោលបំណងពង្រឹងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ តាមបណ្តោយព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង ព្រមទាំងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវផលប៉ះពាល់នានាជាអវិជ្ជមានក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់អគ្គស្នងការនគរបាលជាតិអគ្គនាយកដ្ឋានអន្តោប្រវេសន៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរពាក់ព័ន្ធដូចខាងក្រោម៖

១.ត្រូវយកចិត្តទុកដាក់ពង្រឹងសភាពការណ៍នៅតាមតំបន់ព្រំដែន ឲ្យបន្តស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយរក្សាបាននូវសន្តិភាពស្ថិរភាពសន្តិសុខនិងសណ្តាប់ធ្នាប់តាមរយៈបង្កើនវិធានការប្រមែប្រមូលព័ត៍មានជាប្រចាំ ដើម្បីមានវិធានការទាន់ពេលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែនដូចជាអំពើភេរវកម្ម,ការជួញដូរដឹកអាវុធគ្រឿងផ្ទុះការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ជួញដូរពលកម្មការដឹកជញ្ជូនអនុផលព្រៃឈើខុស ច្បាប់…

២.ត្រូវពង្រឹងវិធានការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែនឲ្យបបានហ្មត់ចត់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនោះត្រូវយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពការងារប្រចាំថ្ងៃរបស់មន្ត្រីចក្រទ្វារព្រំដែន។ …ត្រូវចាត់វិធានការទប់ស្កាត់នូវការចេញ-ចូលមិនស្របច្បាប់ឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវលុបបំបាត់ច្រករបៀងព្រំដែនទាំងអស់នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

៣.ត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែជិតស្និទ្ធជាមួយសមភាគីនៃប្រទេសជាប់ព្រំដែន ដោយយកចិត្តទុកដាក់ជម្រុញយន្តការដែលបានចាត់ទាំងកន្លងមកឲ្យបំពេញភារកិច្ចបានសកម្មក្លៀវក្លា ពង្រឹងរបបប្រជុំយន្តការព្រំដែននគ្រប់ថ្នាក់ដែលមានគោលការណ៍ឲ្យបានទៀងទាត់ដើម្បី ផ្លាស់ប្តូរសភាពការណ៍ និងរឹតចំណងមិត្តភាពសហប្រតិបត្តិកាតបាមស្អិតរមួតជាមួយគ្នាត្រូវរៀបចំ នូវប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីសហការដោះស្រាយលលិច្ចការបន្ទាន់។

៤.ត្រូវរៀបចំយន្តការដឹកនាំ ត្រួតពិនិត្យ និងរបៀបរបរាយការណ៍ សំដៅធានាប្រសិទ្ធភាពរាល់វិធាន ការដែលបានដាក់ចេញដោយត្រូវចាត់ឲ្យមន្ត្រីទទួលបន្ទុកតាមដានកិច្ចការច្បាស់លាស់ មានកម្មវិធីចុះត្រួតពិនិត្យជាក់ស្តែង ដើម្បីក្រើនរម្លឹកកែលំអរឬលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចតាមព្រំដែន និងក្តាប់បានអំពីស្ថានភាពប្រែប្រួលជាក់ស្តែងតាមបណ្តោយព្រំដែន៕មន

website_news/2018060601.txt · Last modified: 2018/06/06 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki