website_news:2018060703

តុលាការបង្គាប់ឲ្យនាំស្ត្រីខ្មែរ៣៣នាក់ពាក់ពន្ធ័ករណីស៊ីឈ្នួលពពោះជំនួសយកមកសួរនាំ

http://seatv24hours.com/ កក្កដា ០៦ ១០:០៧:៣៥ ព្រឹក២០១៨

ភ្នំពេញ ៖ ស្ត្រីខ្មែរចំនួន៣៣នាក់ ដែលពាក់ពន្ធ័រឿងស៊ីឈ្នួលពពោះជំនួស ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ ដើម្បីបន្តនីតិវិធី នូវរឿងរ៉ាវដ៏កម្រមួយនេះសម្រាប់ ប្រទេស កម្ពុជា។ ស្ត្រីរងគ្រោះទាំង៣៣នាក់ ត្រូវបានដឹកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ តាមរយៈរថយន្តរបស់អង្គការមេត្រីអន្តរជាតិចំនួន៣គ្រឿង។ មានជនត្រូវចោទប្រុសស្រី៥នាក់ ក្នុងនោះ មានបុរសចិនម្នាក់ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ក្រោមការចោទប្រកាន់ពីបទ «ជួញដូរមនុស្សឆ្លងដែន និងបទអន្តរការីជាមួយស្រ្តីពពោះ» យោងតាមមាត្រា១៦ នៃច្បាប់ស្តីពី ការបង្រ្កាបការជួញដូរមនុស្ស និងការពារអនីតិជន និងយោងតាមមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទដែលត្រូវតុលាការសម្រេចឃុំខ្លួនចំនួន០៥នាក់៖

ទី១៖ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ជាមេការ

ទី២៖ ឈ្មោះ ស្វាយ ស៊ីណុច ហៅសី ភេទស្រី អាយុ៣៤ឆ្នាំ ជាមេការ

ទី៣៖ ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជាមេការ

ទី៤៖ ឈ្មោះ លឹម សុភាព ហៅស្ដើង ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបកប្រែ

ទី៥៖ ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ជាមេការ។

ព្រះរាជអាជ្ញារង គុជ គឹមឡុង បានចុះបង្ក្រាបទីតាំងជួលស្ត្រីខ្មែរពពោះជំនួសកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួន បានជនត្រូវចោទទាំង៥នាក់ខាងលើ និងមនុស្សពាក់ព័ន្ធក្នុងរង្វង់ ប្រតិបត្តិការជិត៤០នាក់ និងដកហូតបានវត្ថុតាងមួយចំនួននិងឯកសារលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗមួយ ចំនួនធំ៕ ចាន់ ធឿន

website_news/2018060703.txt · Last modified: 2018/07/06 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki