website_news:2018060705

ឯកអគ្គរាជទូតខ្មែរ នៅកូរ៉េ និងប្រធាន HRD-Korea ឯកភាពគ្នា បន្តលើកកម្ពស់ ស្ថានភាព ការងារ របស់សហគមន៍ខ្មែរ

https://www.dap-news.com/kh/ សុក្រ, 06 កក្កដា ២០១៨ 11:14 ដោយ: ស៊ាន កុសល ID:112

ភ្នំពេញ ៖ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ និងទីប្រឹក្សាការងារ បានជួបពិភាក្សាការងារ ជាមួយលោក KIM DONG MAN ប្រធានទីភ្នាក់ងារ អភិវឌ្ឍន៏ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ HRD-Korea ថ្មីដែលទើបទទួលមុខតំណែង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ អោយកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ជាពិសេសនៅក្នុង អណត្តិរបស់លោក។ ក្នុងនោះលោក ឡុង ឌីម៉ង់ បានស្នើរសុំដល់ HRD-Korea បន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកកំពស់ស្ថានភាពការងារ ក៏ដូចជាការរស់នៅរបស់បងប្អូនពលករខ្មែរ ឲ្យកាន់តែមាន លក្ខណ:ប្រសើរឡើង។ ផ្តល់ការសម្របសម្រួល ដល់អជ្ញាធរកូរ៉េពាក់ព័ន្ធ ក្នុងការផ្តល់ឪកាស ពិនិត្យលើកទី២ ដល់ពលករខ្មែរ ដែលបានធ្វើតេស្តឃើញ សារធាតុហាមឃាត់។ និងបង្កើតមជ្ឈមណ្ឌលគាំពារ ពលករបរទេសនៅតាមតំបន់តូចៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការសេវារបស់ពលករខ្មែរ និងពលករបរទេស។

ជាលទ្ធផលប្រធានទីភ្នាក់ងារអភិវឌ្ឍន៏ធនធានមនុស្ស HRD ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅ កូរ៉េ និងឯកអគ្គរាជទូត បានឯកភាពគ្នាក្នុងការបន្តកិច្ច សហប្រតិបត្តិការ គ្នាដើម្បី លើកកំពស់ស្ថានភាពការងារ ក៏ដូចជាការរស់នៅរបស់បងប្អូនពលករខ្មែរ ឲ្យកាន់ តែមាន លក្ខណ:ប្រសើរឡើង ហើយនិងដោះស្រាយបញ្ហាលំបាក មួយចំនួនដែលបងប្អូនជួបប្រទះ ហើយនឹងទទួលយកសំណើររបស់ឯកឧត្តមឯកអគ្គរាជទូត ដើម្បីពិនិត្យ និងចាត់ការបន្ត។ ករណីពេលដែលពិនិត្យសុខភាពពលករឃើញមានសារធាតុហាមឃាត់ ស្ថានទូតបានស្នើសុំឲ្យមានផ្តល់ឱកាសពិនិត្យលើកទី២ ជាមួយនឹងការយកថ្នាំ ដែលបងប្អូនលេបមុនចេញ ដំណើរមកធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ។ ស្ថានទូតនឹងជម្រាបជូនបង ប្អូនប្រជាពលរដ្ឋ ពីការសម្រេចរបស់អជ្ញាធរអន្តោប្រវេសន៍កូរ៉េពេលទទួលបានលទ្ធផល ហើយក៏សូមឆ្លៀត ឱកាសនេះអំពាវនាវសូមឲ្យបងប្អូន ដែលត្រៀមចេញមកកូរ៉េក្រោយប្រលងជាប់ហើយ មេត្តាកុំប្រើប្រាស់ថ្នាំផ្តេសផ្តាស់ដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ព្រោះការផ្សំថ្នាំផ្តាសាយ ខ្លះវានឹងអាចមានសារជាតិខ្លះ ដែលនៅកូរ៉េគេហាមឃាត់៕

website_news/2018060705.txt · Last modified: 2018/07/06 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki