website_news:2018060802

នាំនាងៗទៅធ្វើការនៅម៉ាឡេស៊ី តាមពិតទៅបំរើតណ្ហាខ្លួន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១៧:០៦ យ៉ាន់ ចាន់ថេត

ខេត្តត្បូងឃ្មុំ ៖ បុរសពោះម៉ាយប្រពន្ធ២ម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តនាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ដោយចោទប្រកាន់នាំពលករចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីមិនស្របច្បាប់ជាមួយនោះបានកុហកថា យកកូនស្រីគេទៅធ្វើការតាមពិតយកទៅដើម្បីបំពេញចំណងតណ្ហារបស់ខ្លួនទៅវិញ ។

លោកវរសេនីយ៍ត្រី សេង ម៉ិ អធិការរងនគរបាលស្រុកត្បូងឃ្មុំប្រាប់ថា ជនសង្ស័យខាងលើឈ្មោះ ជូ ចំរើន ហៅវណ្ណា អាយុ៥៥ឆ្នាំ ជាបុរសពោះម៉ាយមានប្រពន្ធ២ មានទីលំនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ។ លោកអធិការបន្តថា កាលពីម៉ោង៨ព្រឹក ថ្ងៃទី៣ សីហា កម្លាំងជំនាញបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ បានប្តឹងពីបុរសពោះម៉ាយខាងលើដោយចោទប្រកាន់នាំពលករចេញមិនស្របច្បាប់មានគោលដៅ។ ក្រោយមកលោកបានបញ្ជាពីលោកអធិការនគរបាលស្រុក និងលោកស្នងការនគរបាលខេត្តឲ្យចាត់វិធានការស្រាវជ្រាវបន្ទាន់ ។

លោកអធិការរំលឹកថា នៅអំឡុងខែកក្កដា ២០១៧កន្លងទៅ ម៉ោង៧ព្រឹកបុរសសង្ស័យខាងលើបានមកជួបឪពុកម្តាយជនរងគ្រោះនិយាយបញ្ចុះបញ្ចូលឲ្យកូនស្រីច្បងអាយុ២៨ឆ្នាំទៅធ្វើការនៅម៉ាឡេស៊ី ។ ហេតុតែទុកចិត្តនោះក៏ព្រមឲ្យកូនស្រីចេញទៅតាមរយៈមេខ្យល់រូបនេះ ដោយរំពឹងថានឹងបានលុយផ្ញើឲ្យមកគ្រួសារដោះស្រាយជីវភាព។ លុះខែកុម្ភៈ ២០១៨ បុរសនេះត្រឡប់មកផ្ទះប្រាប់ឪពុកម្តាយជនរងគ្រោះថា កូនស្រីដែលចេញទៅធ្វើការនៅម៉ាឡេស៊ីនោះសុខសប្បាយទេកុំឲ្យព្រួយបារម្ភអី ។ ហើយក៏និយាយសុំយកកូនស្រីទី២អាយុ១៨ឆ្នាំនោះចេញទៅបន្តទៀត និងបានយល់ព្រមឲ្យទៅធ្វើការ ។

លោកអធិការបន្ថែមថា រហូតមកដល់ខែមេសា ឆ្នាំ២០១៨ ឪពុកម្តាយក៏ទទួលដំណឹងពីកូនស្រីតាមទូរស័ព្ទមកថា «ចាប់តាំងពីពេលដែលចេញដល់ម៉ាឡេស៊ីត្រូវបុរសឈ្មោះវណ្ណា មិនឲ្យចេញទៅណានោះទេ ថែមទាំងវាយធ្វើបាបលើរាងកាយ និងបង្ខំរួមផ្លូវភេទថែមទៀត និងថាយកពីរនាក់បងប្អូនធ្វើប្រពន្ធ ។ មិនតែប៉ុណ្ណោះបានយកទូរស័ព្ទមិនឲ្យនិយាយមកលេងផ្ទះ សួរសុខទុក្ខឪពុកម្តាយ ព្រមទាំងចាប់កោសក់ក្បាល ។ លោកអធិការបញ្ជាក់ថា បុរសមេខ្យល់នេះត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី០៣ សីហា ២០១៨ ចោទប្រកាន់នាំពលករចេញមិនស្របច្បាប់ដោយមានគោលដៅ ។ ហើយពីរនាក់បងប្អូនរងគ្រោះនោះកំពុងតែស្ថិតនៅប្រទេសម៉ាឡេស៊ី ដែលអង្គការមួយកំពុងតែអន្តរាគមន៍ ដើម្បីនាំត្រឡប់មកស្រុកកំណើតវិញហើយ ៕

website_news/2018060802.txt · Last modified: 2018/08/06 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki