website_news:2018060804

ពលករខ្មែរម្នាក់ និងជនជាតិថៃម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

http://nokorwatnews.com/ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៨

ប្រទេសថៃ៖ មនុស្ស២នាក់ម្នាក់ជាពលករខ្មែរ និងម្នាក់ទៀតជនជាតិថៃបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសថៃខណៈ ដែលភាគីម៉ូតូ ដែលជាជនជាតិថៃ បានបើកបរក្នុងល្បឿនលឿនទៅបុកជាមួយ និងពលករខ្មែរ ដែលកំពុងជិះកង់មិនដឹងខ្លួន ។

យោងតាមរបាយការណ៍ ដែលទទួលបានពីភាគីថៃបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ៤៥ នាទី យប់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវ សុខសុវត្ថិ ទល់មុខមន្ទីរពេទ្យ ប៉ៅឡូព្រះប្រាក់ដែងក្នុងឃុំ ប៉ាកខ្លងបាងប្លាកុត ស្រុកព្រះសមុទ្រចេតីយ៍ ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។ របាយការណ៍មិនបានបញ្ជាក់ថា ការធ្វើដំណើររបស់ភាគីទាំងពីរ ក្នុងទិសដៅពីណាទៅណានោះឡើយ ដោយគ្រាន់តែបញ្ជាក់ថានៅកន្លែងកើតហេតុគេឃើញមានពលករខ្មែរម្នាក់ ដែលជិះកង់បានដេកស្លាប់នៅកណ្តាលទ្រូងផ្លូវ ឈ្មោះ ពេជ្រ ស៊ីណា ភេទប្រុស អាយុ៣៩ឆ្នាំ ។ នៅចម្ងាយប្រមាណជាង ១០០ ម៉ែត្រ គេសង្គេតឃើញមានម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា R3 រមូរជាប់ជាមួយ និងកង់មួយគ្រឿង ដោយនៅក្បែរនោះមានជនជាតិថៃម្នាក់ឈ្មោះ វ៉ន វុធ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ដោយដាច់ ក ជើងស្តាំម្ខាង ដោយភ្លាមៗនោះដែរ សមត្ថកិច្ចបានបញ្ជូនចូលទៅក្នុងមន្ទីរពេទ្យ ដែលនៅក្បែរ ប៉ុន្តែអកុសលពួកគេក៏បានស្លាប់នៅពេលនោះដែរ។ សមត្ថកិច្ចបានសន្និដ្ឋានថា អ្នកជិះម៉ូតូជាជនជាតិថៃអាចបើកបរក្នុងល្បឿនលឿនហួសកំណត់ ។ បច្ចុប្បន្នសពពលករខ្មែរ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិ ដើម្បីបញ្ជូនទៅកាន់ស្រុកកំណើតវិញ ៕វណ្ណា

website_news/2018060804.txt · Last modified: 2018/08/06 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki