website_news:2018061201

រដ្ឋគួរបង្កើនខ្ទង់ចំណាយលើការស្តារនីតិសម្បទា ជនដែលត្រូវគេជួញដូរ

https://www.postkhmer.com/ តុង សុប្រាជ្ញ | Publication date 05 December 2018 | 10:06 ICT

នៅថ្ងៃទី ១២ ខែធ្នូ សប្តាហ៍ក្រោយនេះគឺជាទិវាជាតិប្រឆាំងនឹងអំពើជួញដូរមនុស្សលើកទី ១២ នៅឆ្នាំនេះ។ តាមរយៈការសិក្សារបស់អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ឆ្នាំ ២០១៧ ក្នុងចំណោមពលករចំណាកស្រុកពីប្រទេសកម្ពុជា ឡាវ និងវៀតណាមចំនួន ១៨០០ នាក់ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ និងម៉ាឡេស៊ីបានបង្ហាញថា ៩៣ ភាគរយនៃពួកគេបានសម្រេចចិត្តទៅធ្វើការនៅក្រៅស្រុក គឺចង់ផ្ញើលុយមកផ្ទះវិញ ដោយសារតម្រូវការជីវភាពប្រចាំគ្រួសារខ្លាំងជំពាក់បំណុលគេ កូនរៀន សន្សំលុយ និងទុកជួយសមាជិកគ្រួសារ។ អ៊ីចឹងហើយបានជាទៅមើលតាមភូមិនៅស្រុកខ្មែរ ឡើងស្ងាត់ភូមិសល់តែយាយតានៅមើលចៅគឺមនុស្សពេញវ័យធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសទាំងមានឯកសារផ្លូវច្បាប់ និងមិនមានឯកសារអ្វីសោះក៏ទៅដែរ។ គ្រាន់តែទិន្នន័យពលករខ្មែរនៅប្រទេសថៃប្រមាណជាង ១ លាន ៧ ម៉ឺននាក់កំពុងធ្វើការស្របច្បាប់នៅទីនោះដែលអន្តរក្រសួងរវាងប្រទេសកម្ពុជា និងថៃបានចុះទៅផ្តល់ឯកសារស្របច្បាប់ដល់ពលរដ្ឋទាំងនោះថ្មីៗផងដែរ។ តែទោះបីជាយ៉ាងណាក៏នៅមានពលរដ្ឋខុសច្បាប់ដែលចាញ់បោកមេខ្យល់ធ្វើការអត់មានឯកសារត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកវិញជារៀងរាល់ខែប្រមាណ ៥ ពាន់នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ។

តាមរយៈចំណាកស្រុកនេះក៏មានពលករខ្មែរមួយចំនួនត្រូវបានគេជួញដូរលក់ពីកន្លែងមួយទៅកន្លែងមួយពីប្រទេសមួយទៅប្រទេសមួយទៀត។ បើតាមការសិក្សាស្រាវជ្រាវបែបលឿន (Rapid Survey, 2010) នៃគម្រោងការអន្តរភ្នាក់ងាររបស់ អ.ស.ប ស្តីពីបញ្ហាជួញដូរមនុស្ស (UNIAP) ធ្វើការសម្ភាសពលករខ្មែរធ្វើការមិនមានក្រដាសស្នាមដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកស្រុកខ្មែរវិញនៅច្រកប៉ោយប៉ែតព្រំដែនខ្មែរ-ថៃបានបង្ហាញថា ១ ភាគ ៤ នៃចំនួនសរុប ៤០០ នាក់គឺជាជនរងគ្រោះដោយសារការជួញដូរ និង ១ ភាគ ៣ នៃពួកគេដែលផ្តល់សម្ភាសឲ្យដឹងថា ពួកគេធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ ដោយបានត្អូញត្អែរពីបញ្ហាធ្ងន់ធ្ងរនៅក្រៅប្រទេស។

តែបើមើលទៅលើរបាយការណ៍ប្រឆាំងនឹងការទប់ស្កាត់ការជួញដូរមនុស្សនៅស្រុកខ្មែរមានភាពផ្សេងៗគ្នាទៅតាមស្ថាប័ន បើលទ្ធផលបូកសរុបរបស់រដ្ឋាភិបាលគឺក្រសួងមហាផ្ទៃនិយាយអំពីការចាប់ជនល្មើស រំដោះជនរងគ្រោះ និងការអនុវត្តទៅតាមនីតិវិធីច្បាប់។ អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទបានចំនួន ១៥៩ ករណីនៅក្នុងឆ្នាំ ២០១៧ កន្លងទៅបើធៀបនឹងឆ្នាំ ២០១៦ គឺមានការកើនឡើង ៦៧ ករណីរំដោះជនរងគ្រោះដែលសង្គ្រោះបានក្នុងករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន ៣៤៥ នាក់។ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០១៧ និងទិសដៅអនុវត្តឆ្នាំ ២០១៨ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគឺបានបងា្ហញលម្អិតអំពីសកម្មភាពរបស់ការងារអន្តរក្រសួងពាក់ព័ន្ធទាំងបទដ្ឋានជាតិ និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ អង្គការដៃគូ និងបណ្តាក្រុមហ៊ុនឯកជនស្របច្បាប់ក្នុងការចូលរួមទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស។ តែទោះយ៉ាងណាក៏របាយការណ៍នេះបានបង្ហាញពីការប្រឈម និងខ្វះខាតផងដែរ ជាពិសេសរឿងថវិកាតាមស្ថាប័នសម្រាប់ការគាំពារជនរងគ្រោះដោយសារជួញដូរផងដែរ។ តែបើមើលតាមរបាយការណ៍របស់បណ្តាអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការតាមដានករណីជួញដូរមនុស្សវិញ គឺបានបង្ហាញជាករណីៗដែលលម្អិតទៅជនរងគ្រោះដោយសារចាញ់បោកគេយកទៅលក់តាមរយៈរៀបការទៅស្រុកចិនរងគ្រោះវេទនារងការរំលោភបំពាន និងបាត់បង់នីតិសម្បទា និងករណីជនរងគ្រោះដែលត្រូវគេលក់បន្តមកពីម៉ាឡេស៊ីទៅដល់ហុងកុងចិនកោះតៃវ៉ាន់ ឬក៏ពីធ្វើការពីសមុទ្រថៃត្រូវបានគេលក់ទៅធ្លាក់ដល់ប្រទេសឥណ្ឌាក៏មានដែរ។

បើតាមគម្រោងចំណាយថវិកាជាតិប្រចាំឆ្នាំ ២០១៨ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំពោះថវិកាក្រសួងសង្គមកិច្ចដែលពាក់ព័ន្ធទៅនឹងការធ្វើឲ្យប្រសើរឡើងនូវមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយសារការជួញដូរដែលមានចែងក្នុងខ្ទង់ចំណាយនៅក្នុងអនុកម្មវិធីទី ១៖ ដែលលើកឡើងសម្រាប់ចំណាយការអភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះ និងសម្រាប់ជនងាយរងគ្រោះ និងកិច្ចការគ្រួសារ និងអនុកម្មវិធីទី ២៖ អភិវឌ្ឍន៍សុខុមាលភាពកុមារ និងយុវនីតិសម្បទាសរុបបានតែ ១៥៧៨៣ លានរៀល (ប្រមាណជា ៤ លានដុល្លារតែប៉ុណ្ណោះ) ក្នុង ១ ឆ្នាំ។ ដូច្នេះថវិកានេះមានតិចតួចណាស់សម្រាប់បម្រើការនៅមន្ទីរសង្គមកិច្ចតាមខេត្ត និងរាជធានីនៅកន្លែងផ្តល់សេវាដែលជា (មណ្ឌលស្តារនីតិសម្បទា) និងការធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ដូចដែលមានចែងនៅក្នុងប្រព័ន្ធបញ្ជូននៃគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្របឆ្នាំ ២០១៥ និងគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារជនរងគ្រោះដោយសារអំពើជួញដូរមនុស្សឆ្នាំ ២០០៩។

ដោយសារមានការខ្វះខាតថវិកាជាតិនេះហើយបានជានៅក្នុងគោលការណ៍ណែនាំនេះត្រូវការជំនួយពីអង្គការដៃគូដើម្បីឲ្យដំណើរការបានដូចជាមណ្ឌលស្តារនីតិសម្បទាដែលរួមមានសេវាផ្តល់ប្រឹក្សា សេវាសុខាភិបាល សេវាគាំទ្រផ្លូវច្បាប់ សេវាស្តារនីតិសម្បទា សេវាអប់រំ សេវាជំនាញវិជ្ជាជីវៈជាដើម។ តែបើអស់ជំនួយសេវាទាំងនេះក៏បាត់ទៅវិញដែរពោលគឺមិនមាននិរន្តរភាពនោះទេ។ ហេតុដូច្នេះហើយទាំងគោលនយោបាយចាស់ និងគោលការណ៍ថ្មីនេះគួរតែកែសម្រួលឲ្យបានប្រសើរឡើងដោយមានភាពជាម្ចាស់ការក្នុងការដោះស្រាយចំពោះការស្តារនីតិសម្បទាចំពោះជនរងគ្រោះដោយសារអំពើជួញដូរនេះគឺមានន័យថារដ្ឋគួរតែដំឡើងថវិកាជាតិ និងកាត់បន្ថយថវិកាជំនួយពីអង្គការដៃគូ ដើម្បីឲ្យមាននិរន្តរភាព និងភាពជាម្ចាស់ប្រទេសរបស់ខ្លួនព្រោះពឹងលើថវិកាអង្គការគឺមិនស្ថិតស្ថេរនោះទេ។ លើសពីនេះរាជរដ្ឋាភិបាលគួរតែបង្កើនខ្ទង់ចំណាយ និងបង្កើតបន្ថែមមជ្ឈមណ្ឌលស្តារនីតិសម្បទាពេញលេញទាំងនៅភ្នំពេញ និងបណ្តាខេត្តនានាសម្រាប់ជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស និងផ្លូវភេទឲ្យដូចការយកចិត្តទុកដាក់ការគិតគូរពីគុកតូចចង្អៀតសម្រាប់អ្នកទោសដែលប្រព្រឹត្តបទល្មើស។ មិនតែប៉ុណ្ណោះរដ្ឋក៏កំពុងតែសាងសង់ពន្ធនាគារបំពាក់ឧបករណ៍ទំនើបៗសម្រាប់អ្នកទោសអ្នកមានៗ ដែលយកគំរូពីប្រទេសជឿនលឿនដូចនៅសហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់ទៀតផង៕

website_news/2018061201.txt · Last modified: 2018/12/06 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki