website_news:2018061203

របាយការណ៍ៈ ករណីកម្មករក្រោមអាយុក្នុងវិស័យកាត់ដេរធ្លាក់ចុះ

https://www.postkhmer.com/ គង់ មេត្ដា | Publication date 06 December 2018 | 08:57 ICT

ភ្នំពេញៈ តាមសេចក្តីថ្លែងការណ៍ប្រចាំឆ្នាំរបស់គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា (BFC) បានកត់សម្គាល់ឃើញថា ករណីកម្មករក្រោមអាយុនៅក្នុងវិស័យកាត់ដេរបានបង្ហាញការធ្លាក់ចុះយ៉ាងខ្លាំងពី ៧៤ ករណីក្នុងឆ្នាំ ២០១៤ ដល់ ១០ ករណីនៅក្នុងរបាយការណ៍បច្ចុប្បន្ន។ ការធ្លាក់ចុះនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធស្តីពីពិធីសារពលកម្មកុមាររវាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងមានសេចក្តីសោមនស្សរីករាយដោយកត់សម្គាល់ថា ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ផងដែរដោយគណៈកម្មាធិការនៃអ្នកជំនាញ ស្តីពីការអនុវត្តស្តង់ដាររបស់អង្គការអន្តរជាតិខាងការងារ (ILO) នៅក្នុងរបាយការណ៍ឆ្នាំ ២០១៨ របស់ខ្លួន»។ សេចក្តីថ្លែងការណ៍បន្តថា៖ «ខណៈយើងកត់សម្គាល់ភាពរីកចម្រើនយ៉ាងច្រើនចំពោះលក្ខខណ្ឌការងារនៅក្នុងរយៈកាល ១ ទសវត្សរ៍ចុងក្រោយក្នុងប្រទេសកម្ពុជា យើងទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងជាបន្តគឺជាភាពចាំបាច់នៅក្នុងការគាំទ្រវប្បធម៌អនុលោមភាពក្នុងវិស័យកាត់ដេរនៅកម្ពុជា»។ សេចក្តីថ្លែងការណ៍ដដែលបន្តថាភាពជាដៃគូត្រីភាគីរវាងអង្គការអន្តរជាតិខាងការងារព្រមទាំងអ្នកបញ្ជាទិញនិងរោងចក្រដែលផ្តោតលើដំណោះស្រាយចីរភាពគឺជាភាពចាំបាច់ដើម្បីធានាឲ្យមានភាពប្រសើរឡើងរយៈពេលវែង។

ប៉ុន្តែរបាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរក៏បង្ហាញថា មានការកើនឡើងក្នុងករណីពលករកុមារដែលមានអាយុក្រោម១៥ឆ្នាំ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅតែជាបញ្ហាប្រឈមចំពោះកម្មករធ្វើការនៅក្នុងរោងចក្រតាមរយៈការស្ទង់មតិរបស់គម្រោងរោងចក្រកាន់តែប្រសើរ។ តាមរបាយការណ៍ឲ្យដឹងថាចាប់ពីខែឧសភា ឆ្នាំ ២០១៧ ដល់ ខែមិថុនា ឆ្នាំ ២០១៨ មានករណីប្រើប្រាស់ពលករកុមារក្រោមអាយុមានចំនួន ១០ ករណីក្នុងនោះមាន ២ ករណីកើតឡើងក្នុងរោងចក្រស្បែកជើង ហើយមាន ៨ ករណីទៀតបានកើតឡើងក្នុងរោងចក្រកាត់ដេរ។ របាយការណ៍បានបង្ហាញថា៖ «អង្គការបានរកឃើញចំនួនពលករក្រោមអាយុ ១៥ ឆ្នាំមានចំនួន ១០ ករណីដែលក្នុងនោះពលករសុទ្ធតែជាកុមារីក្នុងនោះមាន ៤ ករណីបានទទួលស្គាល់ដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងគម្រោងរោងចក្រកាន់តែប្រសើរ និងបានបញ្ជួនឲ្យទៅបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួង»។ របាយការណ៍បន្ថែមថា៖ «មានចំនួន ៨៥ ភាគរយ (៣៩៤ រោងចក្រ) មិនមានបំពាក់បរិក្ខារពេទ្យគ្រប់គ្រាន់ និងបុគ្គលិកពេទ្យទេ នៅពេលរោងចក្រមួយមានកម្មករចាប់ពី ៥០ នាក់ឡើងទៅរោងចក្រត្រូវមានបំពាក់បរិក្ខារពេទ្យគ្រប់គ្រាន់ហើយត្រូវតែនៅក្បែរកម្មករធ្វើការងាយស្រួលក្នុងការចេញ-ចូលមានខ្យល់ចេញចូលល្អ មិនមានសំឡេងរំខានផ្តល់ភាពងាយស្រូយដល់កម្មករស្រីមានចំនួនវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាគ្រប់គ្រាន់ ដោយផ្អែកទៅលើចំនួនកម្មករ និងមានគ្រឿងបរិក្ខារគ្រប់គ្រាន់ និងការផ្គត់ផ្គង់»។

លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ថ្លែងថាពលកម្មកុមារមានការរីករាលដាលខ្លាំងនៅកម្ពុជា ហើយមានការរីករាលដាលគ្រប់វិស័យតាំងពីវិស័យសេវាកម្មរហូតដល់វិស័យសំណង់។ ទោះយ៉ាងណាក្តីមានឪពុកម្តាយខ្លះបានជំរុញកូនមិនគ្រប់អាយុរបស់ពួកគេ ដែលបានបោះបង់ការសិក្សាឲ្យទៅធ្វើការនៅតាមរោងចក្រ ដោយសារត្រូវការចំណូល។ ឪពុកម្តាយខ្លះក្លែងបន្លំអត្ថសញ្ញាណដើម្បីបង្ហាញថា កូនខ្លួនគ្រប់អាយុដែលអាចធ្វើការបាន ហើយករណីនេះធ្វើឲ្យរោងចក្រត្អូញថាពួកគេទៅវិញទេ ជាជនរងគ្រោះ៕

website_news/2018061203.txt · Last modified: 2018/12/06 13:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki