website_news:2018070203

កម្មសិក្សាការី ទៅធ្វើការនៅប្រទេសជប៉ុនមើលថែមនុស្ស តម្រូវឲ្យចេះភាសាជប៉ុន ងាយស្រួលទំនាក់ទំនង

http://www.cen.com.kh/ February 7, 2018

ភ្នំពេញ៖ប្រធានអង្គការ JCIA បានអះអាងថានឹងខិតខំពន្លឿន ទៅលើការបណ្តុះបណ្តាលធនធានមនុស្សកម្មសិក្សាការី ទៅធ្វើការនៅប្រទេសជប៉ុន ដែលតម្រូវឲ្យពួកគាត់ ចេះភាសាជប៉ុន ឲ្យបានច្រើន ដើម្បីងាយស្រួលទំនាក់ទំនង ព្រោះការងារនេះធ្វើរវាងមនុស្ស និងមនុស្ស ដែលអាចមានបញ្ហាខ្លះ នឹងកើតមានឡើង អំឡុងពេលធ្វើកិច្ចការនេះផងដែរ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឲ្យ លោក Fumio Yamada ប្រធានអង្គការ JCIA ដឹកនាំគណប្រតិភូជប៉ុន ជួបពិភាក្សាការងារពាក់ព័ន្ធ ទៅលើការបញ្ជូនកម្មសិក្សាការី ទៅធ្វើការនៅប្រទេសជប៉ុន ផ្នែកថែទាំមនុស្សចាស់ នៅទីស្តីការក្រសួង ថ្ងៃអង្គារទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Fumio Yamada លើកឡើងថា អង្គការJCIA និងក្រសួងសង្គមកិច្ចកម្ពុជាមានបំណងចង់បញ្ជូនកម្មសិក្សាការីទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដោយសារធនធានមនុស្សផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុនមានកម្រិតទាបនៅឡើយ បន្ទាប់មកកម្មសិក្សាការី ក៏អាចយកជំនាញនេះ មកប្រើប្រាស់នៅកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ កម្ពុជានឹងមានចំនួនមនុស្សចាស់ កើនឡើងដូចប្រទេសជប៉ុនដែរ អញ្ចឹងក៏ត្រូវការអ្នកដែលមានសមត្ថភាព ខាងថែទាំមនុស្សចាស់។ ជាមួយគ្នានេះ ទាក់ទងទៅនឹងសេវាថែទាំមនុស្សចាស់ ខាងអង្គការរបស់លោក នឹងគៀរគរអ្នកវិនិយោគទុន របស់ជប៉ុន មកកម្ពុជា កាន់តែច្រើនបន្ថែមទៀត ដូច្នេះគឺ ត្រូវការការសហការ និងការគាំទ្រជាមួយក្រសួងការងារអោយបានច្រើន។

ជាការឆ្លើយតបលោករដ្ឋមន្ត្រីមានប្រសាសន៍ថា ទាក់ទងសេវាថែទាំមនុស្សចាស់ដែលលោក Yamada បានលើកឡើងនេះ វាជាប្រធានបទ ដែលយើងកំពុងចាប់ដៃគ្នាធ្វើកិច្ចការនេះ។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ឲ្យប្រើប្រាស់ នូវគោលនយោបាយស្តីពីមនុស្សចាស់ ហើយដូច្នេះក្រោមគោលនយោបាយនេះ ត្រូវការអភិវឌ្ឍនូវធនធានមនុស្ស សេវាថែទាំមនុស្សចាស់នេះ ជាចាំបាច់។ លោកលើកឡើងថា “កន្លងមកខ្ញុំបានទទួលមិត្តភក្តិជប៉ុន ច្រើនដែលបានចាប់អារម្មរណ៍លើបញ្ហានេះ ឥឡូវនេះ ក្រៅពី JCIA ដែលមានកម្មវិធីសម្រាប់ការអភិវឌ្ឍ និងបណ្តុះបណ្តាលថែទាំមនុស្សចាស់ យើងមានក្រុមហ៊ុនមួយចំនួន ដែលជាដៃគូររបស់យើងដែរ កំពុងតែរៀបចំមជ្ឈមណ្ឌល ឬសាលាបណ្តុះបណ្តាលជំនាញថែទាំមនុស្សចាស់នេះ ហើយប្រទេសទាំងពីរក៏អាចសហការគ្នា បញ្ជូនកម្មសិក្សាការី ទៅធ្វើការផ្នែកនេះដែរ នេះជាឱកាសដែលយើង បានធ្វើជាដៃគូរជាមួយគ្នា ដើម្បីបញ្ជូនកម្មសិក្សាការីទៅជប៉ុន”។លោក បន្តថា “ឥឡូវនេះកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន គឺមានជាង៦ពាន់នាក់ ហើយមួយថ្ងៃទៅមួយថ្ងៃក៏មានការជ្រើសរើស ការបណ្តុះបណ្តាល និងការបញ្ជូនទៅកាន់តែច្រើន អញ្ចឹងទេខាងCJIA ក៏ខំប្រឹងរកដៃគូរបន្ថែមទៀតដើម្បីរូមចំណែកក្នុងការបណ្តុះបណ្តាល និងបញ្ជូនទៅ ក្រៅពីការគាំទ្រដល់គម្រោងរបស់មជ្ឈមណ្ឌលក៍យើងត្រូវគិតដល់កិច្ចសហប្រតិបត្តិការបើកទូលាយបន្ថែមទៀត”។

លោក Fumio Yamada សង្កត់ធ្ងន់ថា JCIA មិនត្រឹមតែ ខិតខំពន្លឿន ទៅលើការបណ្តុះបណ្តាលខាងធនធានមនុស្សទេ គឺយើងនឹងផ្តល់ខាងគ្រូបង្គោលដើម្បីហ្វឹកហាត់ទៅដល់កម្មសិក្សាការីផងដែរ។ កម្មសិក្សាការីថែទាំមនុស្សចាស់ វាខុសប្លែកពីកម្មសិក្សាការី ផ្សេងៗទៀត គឺតម្រូវឲ្យគាត់ចេះភាសាជប៉ុន ឲ្យបានច្រើន ដើម្បីងាយស្រួលទំនាក់ទំនង ព្រោះកិច្ចការងារនេះ យើងធ្វើរវាងមនុស្ស និងមនុស្ស អញ្ចឹងវាអាចមានបញ្ហាខ្លះ នឹងកើតមានឡើង អំឡុងពេលធ្វើកិច្ចការនេះផងដែរ៕ ដោយ៖បញ្ញាស័ក្តិ

website_news/2018070203.txt · Last modified: 2018/02/07 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki