website_news:2018070208

អភិបាលខេត្តប៉ៃលិន ស្នើឲ្យថៃបើកច្រកព្រំដែនថ្មី១ទៀត

http://kleykley.sabay.com.kh/ ថ្ងៃនេះ ម៉ោង 06:50

លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានស្នើឱ្យភាគីថៃ ធ្វើការពិនិត្យពីលទ្ធភាពបើកច្រកព្រំដែនថ្មី១ទៀត សម្រាប់ការធ្វើចរាចរណ៍ដឹកទំនិញ និងកសិកផលចេញចូលឆ្លងព្រំដែនរវាងខេត្តប៉ៃលិន និងខេត្តចាន់បុរីនៃប្រទេសទាំង២។ សំណើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក កើត សុធា ជាមួយគណៈប្រតិភូថៃដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ លូកភីត សេងគង់ លេខាធិការគណៈកម្មាធិការ ពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៃរដ្ឋសភាថៃ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅសាលាខេត្តប៉ៃលិន។ ក្នុងឱកាសនោះដែរ លោក កើត សុធា បានសំណូមពរដល់ភាគីថៃបន្តកិច្ចសហប្រតិបត្តិការលើការនាំចេញ កសិផលឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិន ការប្រើប្រាស់បណ្ណឆ្លងព្រំដែនថ្មី បញ្ហាពលករខ្មែរឆ្លងដែន ខុសច្បាប់ និងបទល្មើសឆ្លងដែននានា។

ជាការឆ្លើយតប លោក លូកភីត សេងគង់ បានមានលើកឡើងថា ប្រតិភូថៃ ដែលមកខេត្ត ប៉ៃលិននាពេលនេះ គឺក្នុងគោលបំណងមកសិក្សាពីកិច្ចសហការ និងបញ្ហាប្រឈមនានា រវាងខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ។ ចំណែកសំណូមពររបស់អភិបាលខេត្តប៉ៃលិន ភាគីថៃបានបញ្ជាក់ថា នឹងយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាលថៃ ដើម្បីរកលទ្ធភាព និងដំណោះស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឲ្យបានកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ថា បច្ចុប្បន្នច្រកព្រំដែនអន្តរជាតិរវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី មាន ចំនួន ១គឺច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ ដោយជាច្រកព្រំដែនដឹកទំនិញចេញចូលផង និងភ្ញៀវទេសចរផង ដែលមានលក្ខណៈតូចចង្អៀត៕

website_news/2018070208.txt · Last modified: 2018/02/07 16:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki