website_news:2018070211

ស្ដ្រីជាប់ចោទលក់កូនសុំឲ្យបន្ថយទោស

http://www.postkhmer.com/ គឹម សារុំ | Publication date 07 February 2018 | 09:44 ICT

ភ្នំពេញៈ ស្ត្រីជាប់ចោទម្នាក់កាលពីម្សិលមិញបានសុំចៅក្រមនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ឲ្យបន្ថយទោសពាក់ព័ន្ធករណីយកកូនស្រីទៅលក់ឲ្យជនបរទេសដើម្បីរួមភេទកាលពីឆ្នាំ ២០១០ ហើយត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ១០ ឆ្នាំ។

តាមអង្គហេតុ ស្ត្រីជាប់ចោទឈ្មោះ ចាន់ ផល្លី អាយុ ៤៩ ឆ្នាំមានកូនស្រីម្នាក់អាយុ ១៤ ឆ្នាំឈ្មោះ ច.ម.ល រស់នៅផ្ទះលេខ ៣១C សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញបានទាក់ទងជាមួយបុរសជនជាតិអាមេរិកាំងម្នាក់ដើម្បីលក់កូនស្រីខ្លួនឲ្យរួមភេទ។ លុះនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១០ សមត្ថកិច្ចបានចុះបង្ក្រាបក្នុងផ្ទះស្ត្រីជាប់ចោទហើយឆែកឃើញស្រោមអនាម័យ និងសម្ភារមួយចំនួនទៀតហើយបានឃាត់ខ្លួនគាត់ជាម្ចាស់ផ្ទះតែម្ដង។

សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១១ ដាក់ពន្ធនាគារ ១០ ឆ្នាំចោទបទ «សមគំនិតក្នុងអំពើទិញពេស្យាចារកុមារ» តាមមាត្រា ៣៤ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរ និងធ្វើអាជីវកម្មផ្លូវភេទ។ ចំណែកបុរសជាតិអាមេរិកម្នាក់ត្រូវចាប់បញ្ជូនទៅអាមេរិកវិញ។

ក្នុងបន្ទប់សវនាការពីម្សិលមិញស្ត្រីជាប់ចោទមិនបានឆ្លើយច្រើនទេដោយគ្រាន់តែប្រាប់ចៅក្រមថា៖ «ខ្ញុំទទួលស្គាល់កំហុសរបស់ខ្ញុំដែលលក់កូនស្រីឲ្យគេរួមភេទ ប៉ុន្តែកូនខ្ញុំបន្ទាប់ពីសមត្ថកិច្ចរំដោះបានពីហេតុការណ៍នោះ ខាងអង្គការមួយគេយកនាងទៅរស់នៅក្នុងមណ្ឌលគេហើយ។ ខ្ញុំសុំឲ្យតុលាការបន្ថយទោសដល់ខ្ញុំផងព្រោះខ្ញុំជាប់ពន្ធនាគារបាន ៩ ឆ្នាំ ២ ខែហើយនៅសល់តែ ៨ ខែទៀតប៉ុណ្ណោះនឹងគម្រប់ឆ្នាំឃុំខ្លួនខ្ញុំហើយ»។ លោកព្រះរាជអាជ្ញា ង៉ែត សារ៉ាត តំណាងមហាអយ្យការសន្និដ្ឋានថាស្ត្រីជាប់ចោទបានសារភាព ប៉ុន្តែសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង។

«ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញត្រឹមត្រូវ ហើយដូច្នេះខ្ញុំសូមតម្កល់សាលក្រមទុកជាបានការដដែល»។ លោក នូ ចន្ថា មេធាវីការពារសិទ្ធិស្ត្រីជាប់ចោទសន្និដ្ឋានថាក្នុងអង្គហេតុនេះជនបរទេសនោះត្រូវបញ្ជូនទៅប្រទេសគេវិញឯកូនក្តីលោកក៏បានជាប់ពន្ធនាគារជាង ៩ ឆ្នាំហើយដែរ។ លោកថ្លែងថា៖ «សូមក្រុមប្រឹក្សាជំនុំជម្រះមេត្តាពិនិត្យពិចារណាតម្រឹមទោសរបស់កូនក្តីខ្ញុំឲ្យនៅត្រឹម ៩ ឆ្នាំ ២ ខែនេះបានហើយ»។ ក្រោយជំនុំជម្រះលោកចៅក្រម ប៉ាក ច័ន្ទសំបូរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកានេះនឹងប្រកាសនៅថ្ងៃទី ១ ខែមីនាខាងមុខ៕

website_news/2018070211.txt · Last modified: 2018/02/07 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki