website_news:2018070212

បង្ក្រាបទីតាំងម៉ាស្សាកោសជប់យីហោ ម៉ាស្សាខ្មែរបុរាណ ឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះបុរស៣នាក់ជាភ្ញៀវ

http://nokorwatnews.com/ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ សហការជាមួយអង្គការ NGO និងនគរបាលមូលដ្ឋាន និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង កុល ប៊ុន បានធ្វើការចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែង យីហោ ម៉ាស្សាខ្មែរបុរាណ ជាក់ស្តែងឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ ក្នុងនោះបុរស៣នាក់ជាភ្ញៀវផងដែរ ។ ករណីចុះបង្ក្រាបទីតាំងហាងម៉ាស្សាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ២៥៤ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីមន្រ្តីនគរបាលដែលចុះបង្រ្កាបជាក់ស្តែង បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរ:សេនីយ៍ឯក ឆាន វុធ នាយការិយាល័យ និងនាយកដ្ឋានការជូញដូរមនុស្សនិងអនិតិជន រួមទាំងលោក កាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមដោយអង្គការ NGO និងមានការសម្របសម្រួលដោយលោក កុល ប៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បច្ចុប្បន្នមនុស្សប្រុស ស្រីទាំង៩នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅមន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជនក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ស តារា

website_news/2018070212.txt · Last modified: 2018/02/07 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki