website_news:2018070214

ពលករត្រូវសង្គ្រោះពី អារ៉ាប៊ី សាអ៊ូឌីត ថាខ្លួនត្រូវគេបង្ខំឲ្យធ្វើការដូចទាសករ

http://www.postkhmer.com/ យន់ ស៊ីនាត and Daphne Chen | Publication date 07 February 2018 | 14:01

ភ្នំពេញៈ កាលពី ១៣ ឆ្នាំមុនបុរស ២ នាក់បានមកផ្ទះរបស់អ្នកនាង អេង ពៅ ក្នុងខេត្តត្បូងឃ្មុំ និងបានគោះទ្វារផ្ទះរបស់នាង។ អ្នកនាង ពៅ ដែលកាលពេលនោះអាយុប្រមាណជា ២១ ឆ្នាំមិនបានចាំឈ្មោះពួកគេទេ។ អ្វីដែលនាងចាំគឺពួកគេសន្យាផ្តល់ឲ្យនូវការងារជាស្ត្រីបម្រើតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រាក់ខែ ១៨០ ដុល្លារក្នុងមួយខែជាមួយនិយោជកចិត្តល្អផ្តល់អាហារហូបចុក សម្លៀកបំពាក់ និងសេរីភាពទូរស័ព្ទមកផ្ទះតាមការចង់។ ១៣ ឆ្នាំក្រោយមកអ្នកនាង អេង ពៅ ទើបដឹងថានាងគឺជាទាសករម្នាក់។ អ្នកនាង ពៅ បានថ្លែងខណៈកំពុងជូតទឹកភ្នែក និងរៀបរាប់អំពីការរំលោភបំពានរយៈពេលជាងមួយទសវត្សរ៍ និងការរត់គេចដែលបានធ្វើឲ្យអ្នកនាង ត្រូវបានបញ្ជូនត្រឡប់មកប្រទេសវិញតាមរយៈការជួយពីក្រសួងការងារកាលពីខែមុនថា៖ «[ខណៈកំពុងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត] ខ្ញុំស្ទើរតែបាត់បង់ជីវិត»។ អ្នកនាង ពៅ ឥឡូវនេះគឺជាស្ត្រីទី ២ ត្រូវបានជួយសង្គ្រោះចេញពីស្ត្រីបម្រើការងារតាមផ្ទះប្រមាណ ១០០ នាក់ដែលត្រូវបានជ្រើសរើសដោយលោកអះម៉ាត់ យ៉ះយ៉ា ដែលជាមេដឹកនាំសហគមន៍អ៊ិស្លាមក្នុងឆ្នាំ ២០០៥ ដើម្បីទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោមកម្មវិធីដែលក្រសួងការងារឥឡូវនេះ និយាយថាខុសច្បាប់។

លោក យ៉ះយ៉ា បានទទូចថាលោកត្រូវបានផ្តល់ឲ្យនូវការអនុញ្ញាតច្បាស់លាស់ក្នុងការជ្រើសរើស និងបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះ តាមរយៈប្រកាសមួយស្តីពី «ការអនុញ្ញាតឲ្យក្រុមហ៊ុន ACCEPT Group ជ្រើសរើសបណ្តុះបណ្តាល បញ្ជូននិង គ្រប់គ្រងពលករកម្ពុជាទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត] ដែលចុះហត្ថលេខាដោយលោក ញ៉េប ប៊ុនជិន ដែលជារដ្ឋមន្ត្រីការងារកាលពេលនោះ និងជាតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិចបច្ចុប្បន្ន។

ប៉ុន្តែលោក ប៊ុនជិន នៅពេលទាក់ទងបានថ្លែងថាលោកបានផ្តល់ការអនុញ្ញាតដល់លោក យ៉ះយ៉ា តែដើម្បី «ស្វែងរកទីផ្សារ» ហើយរាយការណ៍មកក្រសួងវិញ។ លោក ប៊ុនជិន ថ្លែងថា៖ «ខ្ញុំនិយាយថានេះជាពេលវេលាត្រឹមត្រូវ ដោយសារទីផ្សារបានបើកចំហមួយរយៈហើយវាជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីស្វែងរក និងបញ្ជូនពលករចំណាកស្រុកទៅប្រទេសផ្សេងៗ» ។ ទោះបីយ៉ាងណាក្តីលោកបន្តថា៖ «ខ្ញុំប្រាកដថា ខ្ញុំមិនបានផ្តល់សិទ្ធិនូវកិច្ចព្រមព្រៀងបច្ចេកទេសណាមួយដើម្បីបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះទេ»។ គេមិនដឹងថាតើមានស្ត្រីចំនួនប៉ុន្មាននាក់នៅក្នុងក្រុមរបស់អ្នកនាង ពៅ មានសំណាងបានត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាពនោះទេ។

លោក យ៉ះយ៉ា ដែលជាមេដឹកនាំសហគមន៍អ៊ិស្លាមល្បីម្នាក់ថ្លែងថាលោកបានបាត់ដានពួកគេ បន្ទាប់ពីក្រសួងដកអាជ្ញាប័ណ្ណរបស់លោក ទើបតែបីខែបន្ទាប់ពីទទួលបានលិខិតអនុញ្ញាត។ លោក យ៉ះយ៉ា ថា៖ «វាមិនស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ខ្ញុំទៀតទេ»។ ខ្ញុំបារម្ភ ប៉ុន្តែតើខ្ញុំអាចធ្វើអ្វីបាន? គ្មាននរណាម្នាក់ទាក់ទងមកខ្ញុំ ដូច្នេះតើខ្ញុំអាចដឹងអំពីស្ថានភាពនៅទីនោះយ៉ាងម៉េចទៅ?»។ កាលពេលនោះបុគ្គលិកក្រុមហ៊ុនជ្រើសរើសពលកររបស់លោក យ៉ះយ៉ា បានចុះទៅឃុំស្វាយឃ្លាំង ក្នុងស្រុកក្រូចឆ្មារ ខណៈអ្នកនាង ពៅ កំពុងចង់ផ្លាស់ប្តូរជីវិតរបស់ខ្លួន។

អ្នកនាង ពៅ បានរត់ចេញពីឪពុកចុងដែលមានលក្ខណៈបំពាននៅអាយុ ១៦ ឆ្នាំ។ អ្នកនាងមិនចេះអក្សរ និងរស់នៅជាមួយម្តាយចិញ្ចឹមអាយុ ៥៤ ឆ្នាំឈ្មោះ ស្លិះ ម៉ាស់យ៉ាន់ ហើយនៅទីបំផុតបានរៀបការជាមួយក្មួយប្រុសរបស់ ម៉ាស់យ៉ាន់ និងមានកូនប្រុសម្នាក់។ នៅពេលទៅដល់ទីភ្នាក់ងារជ្រើសរើសស្ត្រីបម្រើការងារតាមផ្ទះនៅទីក្រុង Jeddah អ្នកស្រី ពៅ និងស្ត្រីបម្រើការងារតាមផ្ទះដទៃៗទៀតត្រូវបានគេរឹបអូសយកលិខិតឆ្លងដែន និងបំបែកឲ្យរស់នៅផ្សេងគ្នា។ បន្ទាប់ពីធ្វើការងារបានពីរបីខែជាមួយគ្រួសារមួយ អ្នកនាងត្រូវបានគ្រួសារនោះប្រាប់ឲ្យរើអីវ៉ាន់ចេញ។ ភ្លាមៗនោះអ្នកនាង ពៅ ត្រូវបានបញ្ជូនទៅផ្ទះមួយទៀតដែលមានចម្ងាយជាង ២០០០ គីឡូម៉ែត្រគឺនៅទីក្រុង Riyadh។ នៅទីនោះអ្នកនាង ពៅ បាននិយាយថាប្តីប្រពន្ធក្នុងវ័យអាយុជាង ៥០ ឆ្នាំបានបង្ខំអ្នកនាងឲ្យធ្វើការងារ ២០ ម៉ោងក្នុងមួយថ្ងៃ និងហូបរបស់នៅសល់ ហើយចាក់សោឃុំអ្នកនាងនៅក្នុងផ្ទះ នៅពេលពួកគេចាកចេញ និងកាត់ផ្តាច់លទ្ធភាពប្រើប្រាស់ទូរស័ព្ទ។ អ្នកនាងបន្តថា នៅពេលអ្នកនាងសួររកប្រាក់ខែ ពួកគេស្រែកដាក់នាង។ នៅពេលបុណ្យរ៉ាម៉ាដាន អ្នកនាងត្រូវបានផ្តល់ឲ្យនូវការងារច្រើនដែលស្ទើរតែមិនអាចដេកបានរយៈពេលជាច្រើនសប្តាហ៍។

បន្ទាប់ពីស្ថានភាពដូចទាសកររយៈពេល ៥ ឆ្នាំ អ្នកនាង ពៅ បានព្យាយាមរត់ប៉ុន្តែត្រូវគេចាប់បាន។ អ្នកនាងថ្លែងថា៖ «ពួកគេបានចាប់ផ្តើមវាយខ្ញុំ ទះកំផ្លៀង មុខខ្ញុំ និងទាត់ខ្លួនខ្ញុំ»។ «បុរសទាំង ២ នាក់នោះគឺជាឪពុក និងកូនបានវាយខ្ញុំយ៉ាងខ្លាំង…បន្ទាប់មកពួកគេឃុំខ្ញុំនៅជាន់ក្រោមដី ហើយប្រពន្ធបុរសនោះបានមកដល់ ហើយចាប់ផ្តើមវាយខ្ញុំដែរ»។

ខណៈកំពុងអង្គុយនៅក្នុងភោជនីយដ្ឋានតូចមួយរបស់គ្រួសារដែលមានពេទ្យធ្មេញផងដែរនោះអ្នកនាង ពៅ មានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងនៅពេលកំពុងរៀបរាប់អំពីការចាក់សោនៅក្នុងជាន់ក្រោមដីរយៈពេលច្រើនថ្ងៃហើយទទួលរងការវាយដំ។ «ខ្ញុំមិនអាចទាក់ទងនរណាបាន។ ខ្ញុំគ្មានមិត្តភក្តិ ឬគ្មាននរណាជួយខ្ញុំ»។ ត្រឡប់មកត្បូងឃ្មុំវិញម្តាយចិញ្ចឹមរបស់អ្នកនាង ពៅ និង មីង បានថ្លែងថា ពួកគាត់បានទៅជួបលោក យ៉ះយ៉ា ចំនួន ២ ដងម្តងប្រហែល ២ ឆ្នាំបន្ទាប់ពីនាងបានបាត់ខ្លួន និងម្តងទៀត ៣ ឆ្នាំក្រោយមក ខណៈការអះអាងនេះត្រូវលោក យ៉ះយ៉ា បដិសេធ។

អ្នកស្រី ម៉ាស់យ៉ាន់ ដែលជាម្តាយចិញ្ចឹមរបស់អ្នកនាង ពៅ បានថ្លែងទាំងទឹកភ្នែកថានៅទីបំផុតអ្នកស្រីបាន «សន្មតថានាងបានស្លាប់»។ ប្តីរបស់អ្នកនាង ពៅ បានធ្វើការជាអ្នកនេសាទនៅប្រទេសថៃ និងបានស្លាប់នៅក្នុងការប្លន់មួយមិនយូរប៉ុន្មានបន្ទាប់ពីអ្នកនាង ពៅ បានចាកចេញ។ កូនប្រុសរបស់អ្នកនាង ពៅ ឥឡូវនេះធាត់ កាលពីមុនស្គមមានតែឆ្អឹង។ អ្នកស្រី ម៉ាស់យ៉ាន់ ថ្លែងថា៖ «ខ្ញុំស្ទើរតែភ្លេចនាង»។ នៅទីក្រុង Riyadh អ្នកនាង ពៅ បានសម្រេចចិត្តព្យាយាមរត់គេចម្តងទៀត លើកនេះក្នុងអំឡុងបុណ្យរ៉ាម៉ាដានធំនៅសួនច្បាររបស់គ្រួសារនោះ។ ដោយគ្មានយកអ្វីជាប់នឹងខ្លួនច្រើន អ្នកនាង ពៅ បានរត់ទៅប៉ុស្តិ៍នគរបាលក្នុងស្រុក ដែលនគរបាលបានបដិសេធជួយនាង។ បន្ទាប់មកអ្នកនាងបានដើរដោយគ្មានគោលដៅអស់រយៈពេលជាច្រើនម៉ោងរហូតដល់អ្នកនាងទៅដល់មុខផ្ទះចម្លែកមួយ និងបានលុតជង្គង់សុំការជួយ។

ប្រពន្ធម្ចាស់ផ្ទះនេះអាណិតនាង ហើយនៅទីបំផុតបានយកអ្នកនាង ពៅ ធ្វើជាអ្នកបម្រើក្នុងផ្ទះ និងផ្តល់លេខទូរស័ព្ទទំនាក់ទំនងមកគ្រួសារ។ វាចំណាយពេលមួយឆ្នាំទៀតសម្រាប់អ្នកនាង ពៅ និងគ្រួសាររបស់អ្នកនាង ដើម្បីស្វែងរកពលរដ្ឋជនជាតិកម្ពុជាម្នាក់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបុរសម្នាក់នោះជាមន្ត្រីរដ្ឋាភិបាលដែលនៅទីបំផុតអ្នកនាង ពៅ បានរៀបការជាមួយ។ បុរសម្នាក់នេះមានឆន្ទៈជួយបញ្ជូនអ្នកនាងត្រឡប់មកប្រទេសកំណើតវិញ។ នៅត្រឹមរយៈពេល អ្នកនាងពៅបានត្រឡប់មកដល់ព្រលានយន្តហោះភ្នំពេញកាលពីខែមុនតាមរយៈការជួយពីមន្ត្រីក្រសួងការងារ លោក ឧស្មាន ហាស្សាន់ អ្នកនាង ពៅ បានជាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតរយៈពេល ១៣ ឆ្នាំ។ អ្នកតស៊ូមតិដើម្បីសិទ្ធិការងារថ្លែងថាសាច់រឿងរបស់អ្នកនាង ពៅ គឺជាឧទាហរណ៍នៃហានិភ័យដែលពលករចំណាកស្រុកជួបប្រទះនៅពេលទៅធ្វើការនៅក្រៅប្រទេស រួមមានដូចជាការរំលោភបំពានសិទ្ធិមនុស្ស។

លោក មឿន តុលា នៅអង្គការ Central ថ្លែងថាករណីរបស់អ្នកនាងពៅ «គឺជារឿងគួរឲ្យរន្ធត់ ជាពិសេសដោយសារអ្នកនាងត្រូវបានកាត់ផ្តាច់ពីគ្រួសារអស់រយៈពេលជាង ១០ ឆ្នាំ»។ បើតាមលោក តុលា លិខិតអនុញ្ញាតដែលបានចុះហត្ថលេខាដោយលោក ប៊ុនជិន ហាក់ដូចជារំលោភច្បាប់ដោយបានអនុញ្ញាតឱ្យក្រុមហ៊ុន Yahya បញ្ជូនពលករបម្រើការងារតាមផ្ទះទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតទោះបីជាការពិតរដ្ឋាភិបាលមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋនៅឈូងសមុទ្រនោះក៏ដោយ។ លោក តុលា បន្តថា៖ «វាគួរតែមានវិធានការរដ្ឋបាលត្រឹមត្រូវ ដើម្បីប្រឆាំងនឹងអ្នកដែលបានផ្តល់អាជ្ញាប័ណ្ណហើយវាក៏គួរតែមានវិធានការជាក់លាក់ចំពោះក្រុមហ៊ុន … ដើម្បីព្រមានដល់អ្នកជ្រើសរើស ឬក្រុមហ៊ុនឯកជនដែលមិនអនុវត្តតាម»។

អ្នកស្រី សូហ្វា រីណា ជាអ្នកស្រាវជ្រាវជនជាតិចាមថ្លែងថារដ្ឋាភិបាលគួរតែពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងរបស់ខ្លួនដែលមានស្រាប់ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារតែមានករណីរំលោភបំពានលើអ្នកស្រី ពៅ និងមានករណីជាច្រើនផ្សេងទៀតដែលបានកើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រទេសកម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីតបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយដើម្បីចាប់ផ្តើមការពិភាក្សាចុងក្រោយអំពីការបញ្ជូនពលករបម្រើការងារតាមផ្ទះកាលពី ២ ឆ្នាំមុន ប៉ុន្តែកិច្ចព្រមព្រៀងនោះមិនដែលបានបញ្ចប់នោះទេ។

ទោះបីយ៉ាងនេះក្តីក៏នៅតែមានក្រុមហ៊ុនជ្រើសរើសពលករចំនួន ១៨ នៅតែបានទទួលការអនុញ្ញាតឱ្យបញ្ជូនពលករបម្រើការតាមផ្ទះទៅកាន់រដ្ឋក្នុងឈូងសមុទ្រនោះដដែល ប៉ុន្តែពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ និយាយថាពួកគេបានទៅតាមរយៈឈ្មួញកណ្តាលឯករាជ្យ។ អ្នកស្រី ហ្វារីយ៉ា បានថ្លែងថា៖ «ស្ត្រីម្នាក់នេះត្រូវបានបញ្ជូនត្រឡប់មកវិញ ប៉ុន្តែវាបានផ្តល់សញ្ញាមួយឱ្យយើងគួរតែមានការប្រុងប្រយ័ត្នជាងមុន។ ឥឡូវនេះយើងបានដឹងពីបញ្ហានោះ។ យើងមិនចង់ឲ្យបញ្ហាបែបនោះកើតឡើងជាថ្មីម្តងទៀតទេ»។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនបានឆ្លើយសំណួរទាក់ទងទៅនឹងស្ថានភាពនៃអនុស្សរណៈនៃការយោគយល់គ្នានេះទេ ហើយសំណួរថាតើក្រសួងមានបានធ្វើការស៊ើបអង្កេតលើករណីរំលោភបំពានពលករបម្រើការងារតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីអតីតកាលដែរឬក៏អត់? លោកសួរបានលើកឡើងតាមរយៈសារមួយថា៖ «នៅពេលណាយើងទទួលបានពាក្យបណ្តឹង និងព័ត៌មាននោះយើងនឹងធ្វើអន្តរាគមន៍»។

ប៉ុន្តែលោកស្រី ជូ ប៊ុនអេង ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានថ្លែងថាវាមិនងាយស្រួលទេ សម្រាប់ករណីរបស់អ្នកស្រី ពៅ ក្នុងការស្វែងរកយុត្តិធម៌ពីអ្នករំលោភបំពានលើរូបគាត់។ លោកស្រីបន្តថា៖ «គាត់អាចដាក់ពាក្យបណ្តឹងបាន ប៉ុន្តែការសម្រេចគឺអាស្រ័យលើតុលាការនៅទីនោះ [នៅអារ៉ាប៊ីសាអ៊ូឌីត]។ មិនមែននៅខាងយើងទេ»។ ចំពោះអ្នកស្រី ពៅ ការទទួលបានយុត្តិធម៌ហាក់ដូចជានៅឆ្ងាយណាស់។ គាត់នៅតែមានបញ្ហាចំពោះការនិយាយភាសាអារ៉ាប់ជំនួសឱ្យការនិយាយភាសាខ្មែរនៅឡើយ ហើយត្រូវចំណាយពេលវេលាយូរដើម្បីបំភ្លេចអំពីការរំលោភបំពានលើរូបនាង។ លើសពីនេះអ្នកស្រី ពៅ កំពុងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្រួសាររបស់នាងឡើងវិញ បន្ទាប់ពីនាងអវត្តមានអស់រយៈពេល ១៣ ឆ្នាំមកហើយនោះ។

អ្នកស្រី ម៉ាយ៉ាន ថ្លែងថានៅពេលអវត្តមានរបស់អ្នកស្រី ពៅ គឺពិតជាលំបាកខ្លាំងណាស់សម្រាប់កូនប្រុសរបស់គាត់។ ដោយអ្នកស្រីបានរំឭកថា ពេលនោះកូនអ្នកស្រី ពៅ គឺគ្រាន់តែជាក្មេងប្រុសតូចម្នាក់ដែលមានអាយុទើបតែ ៦ ឬ ៧ ឆ្នាំប៉ុណ្ណោះ ហើយគាត់តែងតែយំនៅពេលក្មេងៗដទៃទៀតសើចចំអកឲ្យគាត់ថាជាក្មេងដែលត្រូវឪពុកម្តាយបោះបង់ចោល។ អ្នកស្រីថ្លែងថារហូតមកដល់ពេលនេះកូនអ្នកស្រី ពៅ ឈ្មោះ ស្មាន សុគ្រី អាយុ ១៨ ឆ្នាំហើយ ប៉ុន្តែនៅមិនទាន់និយាយរកម្តាយរបស់គាត់នៅឡើយទេ បើទោះបីជាមានការជំរុញក្តី

ប៉ុន្តែគាត់និយាយថាគាត់សប្បាយចិត្តនៅពេលម្តាយរបស់គាត់ត្រឡប់មកផ្ទះវិញ។ សុគ្រី ថា៖ «ខ្ញុំគ្រាន់តែអៀន»។ «ខ្ញុំមិនដែលគិតថាខ្ញុំនៅមានម្តាយនោះទេ»។ ប៉ុន្តែនៅពេលអ្នកស្រី ពៅ ដាក់ដៃលើស្មាដើម្បីថតរូប សុគ្រី បានងាកចេញមិនឲ្យគាត់ដាក់ដៃឱបទេ។ អ្នកស្រី ពៅ និយាយថា៖ «គាត់ខឹងខ្ញុំ នៅពេលនោះទឹកភ្នែកគាត់បានហូរម្តងទៀតហើយការពិតនេះហាក់ដូចជាបានធ្វើឱ្យគាត់សោកសៅខ្លាំងបំផុត»៕ PS /NS

website_news/2018070214.txt · Last modified: 2018/02/08 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki