website_news:2018070301

ក្រសួងយុត្ដិធម៌ប្រកាសថា កម្ពុជានឹងមានច្បាប់ពរពោះជំនួស ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្ម និងការជួញដូរមនុស្ស

http://www.akp.gov.kh/ AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨

មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្ដិធម៌បានប្រកាសថា កម្ពុជានឹងមាន ច្បាប់ពរពោះជំនួស ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មមនុស្ស ស្របពេលដែលសេចក្ដីពង្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងយុត្តិធម៌ ដែលត្រៀមបើកកិច្ចពិភាក្សា ជាមួយអន្តរក្រសួងក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យយុត្តិធម៌បានប្រកាសថា ក្រសួងនឹងបញ្ជូនសេចក្ដីពង្រាងច្បាប់ពរពោះជំនួសនេះ ទៅក្រសួង កិច្ចការនារី ដើម្បីឱ្យពិនិត្យលើលក្ខណៈបច្ចកទេសឡើងវិញ មុននឹងដាក់ ចូលក្នុងកិច្ចប្រជុំអន្ដរក្រសួង។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីជំនួបពិភាក្សារវាងឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្ដីក្រសួង យុត្ដិធម៌ និងលោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងយុត្ដិធម៌ ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ច្បាប់ស្ដីពីការ ពរពោះជំនួសនេះ ត្រូវបានបញ្ចប់សេចក្ដី ព្រាងបឋមរួចរាល់ហើយ ប៉ុន្ដែនៅសល់ការពិនិត្យឡើងវិញនូវខ្លឹមសារ ពាក្យពេជន៍ច្បាប់មួយចំនួន ដើម្បីឱ្យមានអត្ថន័យ និងខ្លឹមសារ គ្រប់ គ្រាន់។

ឯកឧត្តមបានលើកឡើងថា ការធ្វើច្បាប់ពរពោះជំនួសនេះ គឺស្របទៅតាមបរិបទ សង្គមនាពេលបច្ចុប្បន្ន ហើយប្រសិនបើកម្ពុជាមិនមានច្បាប់ក្នុងការគ្រប់គ្រងនោះទេ បញ្ហាពរ ពោះជំនួសនេះ វានឹងក្លាយទៅជា ផលអវិជ្ជមាន និងប៉ះពាល់ដល់ស្រ្ដី និងកុមារក្នុងករណីនៃការបម្រើចេតនាក្នុងវិស័យពាណិជ្ជកម្ម និងការជួញដូរមនុស្ស។ ឯកឧត្តមបានបន្ថែមថា ករណីពរពោះជំនួបនេះកន្លងមកបានកើតឡើងនៅកម្ពុជា និងបណ្ដាមួយចំនួនក្នុងតំបន់និងពិភពលោក ដែលកម្ពុជាត្រូវតែមានច្បាប់នេះ ដើម្បីការពារផលប្រយោជន៍ដល់ស្រ្ដី និងកុមារកម្ពុជា ជាពិសេសធានាឱ្យមានសណ្ដាប់ធ្នាប់សង្គម។ លោកស្រី រ៉ូណា ស្មីត (Rhona Smith) បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ តាក់តែងសេចក្ដីព្រាងច្បាប់នេះក្នុងគោលដៅជួយការពារដល់កុមារ និងស្រ្ដីដែលស្របទៅតាមស្ដង់ដារអន្ដរជាតិ និងសិទ្ធិមនុស្ស។

លោកស្រីបានបន្ដថា អង្គការសហប្រជាជាតិនឹងជួយដល់ការរៀបចំសេចក្ដីព្រាងច្បាប់នេះ និងការផ្ដល់យោបល់ទាក់ទង នឹងខ្លឹមសារច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់នេះមានលក្ខណៈល្អស្របតាមស្ដង់ដារអន្ដរជាតិ និងជាគំរូសម្រាប់ឱ្យប្រទេសផ្សេងៗទៀតដែលបាន និងកំពុងរៀបចំធ្វើច្បាប់នេះយកគំរូតាមកម្ពុជា។ លោកស្រីបានបន្ដទៀតថា អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នឹងជួយផ្ដល់យោបល់ការសិក្សាស្រាវជ្រាវបន្ថែមទៀតដល់សេចក្ដីព្រាងច្បាប់ ស្ដីពីការពរពោះជំនួប ដើម្បីឱ្យការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ សូមបញ្ជាក់ថា ច្បាប់ស្ដីពីការពរពោះជំនួសនេះត្រូវបានក្រសួងយុត្ដិធម៌ពិនិត្យរួចរាល់ហើយដែលមាន ៩ជំពូក និង៦២មាត្រា ដែលមានក្រុមការងារបច្ចេកទេសអន្ដរក្រសួងធ្វើការពិនិត្យឡើងវិញ និងសម្រេចជាចុងក្រោយ មុននឹងដាក់ជូនទៅគណៈរដ្ឋមន្រ្ដី៕ ដោយ អ៊ុន រិទ្ធី

website_news/2018070301.txt · Last modified: 2018/03/07 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki