website_news:2018070503

ថៃឃាត់ខ្លួនពលករខ្មែរ១៣នាក់ដែលលបឆ្លងដែនគ្មានច្បាប់អនុញ្ញាត

http://cambodiapolice.com/ 3:07 pm 6 ឧសភា 2018 52

ប្រទេសថៃ ៖ មេខ្យល់ និងពលករខ្មែរសរុបចំនួន១៣នាក់ ត្រូវបានក្រុមតម្រួតថៃដេញតាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួន នៅក្នុងស្រុកអារញ្ញប្រាថេត បន្ទាប់ពីពលករទាំងនេះត្រូវបានមេខ្យល់រៀបចំគម្រោងអោយដេកសំងំនៅលើរថយន្ត ដោយគ្របបិទបាំងយ៉ាងជិតដើម្បីបញ្ជូនទៅធ្ងើការនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។ កិច្ចប្រតិបត្តិការរបស់ក្រុមតម្រួតថៃនេះ បានធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវពីព្រំដែនកម្ពុជា ទៅកាន់ទីក្រុងបាងកក ត្រង់ចំណុចមុខស្ថានីយ៍ហ្គាស LPG ស្ថិតក្នុងឃុំ ណងសាំង ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ គេសង្គេតឃើញថា មានការឃាត់រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា វីហ្គូ ពណ៌ប្រផេះ ពាក់ស្លាកលេខ បាងកក ៥៣០០ ខណៈដែលរថយន្តនេះមានដឹកអ្វីម្យ៉ាងដោយមានគ្របស្បៃ និងតង់យ៉ាងជិតផង ដោយអ្នកបើកបរមានឈ្មោះ អាំងផន សានណារៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិ៣ ឃុំបាងណាំខៀវ ស្រុកព្រុំបុរី ខេត្តសិង្ហបុរី ។ នៅក្នុងរថយន្តនោះដែរ ក្រោយពេលបើកតង់ឡើង គេឃើញមានពលករខ្មែរដេកតម្រៀបគ្នា រដូករណែលដែលសរុបមានចំនួន១២នាក់ រួមជាមួយនិងមេខ្យល់ម្នាក់ដែលជាជនជាតិខ្មែរដែរដែលគេនោះមានឈ្មោះ លូន ភេទប្រុស អាយុ៤៥ឆ្នាំ ដោយពួកគេទាំងពីរនាក់មានការឃុបឃិត និងត្រូវរ៉ូវគ្នាក្នុងការដឹកជញ្ជូនពលករខុសច្បាប់អោយចូលទៅបម្រើការងារនៅក្នុងប្រទេសថៃ ។

សមត្ថកិច្ចថៃបានអះអាងថា ជនទាំងពីរនាក់នេះគឺមានទោសទៅតាមកំហុសរៀងៗខ្លួនដោយអ្នកបើកបរខុសលើការជួយបិទបាំង និងដឹកជញ្ជូនពលករអោយគេចផុតពីការត្រួតពិនិត្យ និងចាប់ខ្លួន រីឯមេខ្យល់ គឺជាជនជាតិខ្មែរ ដែលហ៊ាននាំពលករជាច្រើននាក់អោយលបឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត ដូច្នេះពួកគេត្រូវបានកំលាំងបញ្ជូនទៅកាន់តុលាការដើម្បីសម្រេច ៕

website_news/2018070503.txt · Last modified: 2018/05/07 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki