website_news:2018070507

ស្ថានតំណាងកម្ពុជា អន្តរាគមជួយពលរដ្ឋខ្មែរ២១នាក់

http://www.rasmeinews.com/ May 7, 2018, 11:35 AM

ដោយ : មុន្នីរ័ត្ន / ភ្នំពេញ ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច របស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន១៥នាក់ (នារី១៤នាក់) មកពីខេត្តកណ្តាល កំពត ក្រចេះ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងពោធិ៍សាត់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។ ពលករ-ពលការិនីទាំង១៥នាក់នោះ បានមកដល់កម្ពុជាវិញ ជាបន្តបន្ទាប់ ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០១៨ ។

លោកបន្តថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានរៀបចំមាតុភូមិនិវត្តន៍របស់ស្ត្រីខ្មែរចំនួន៦នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតបម្រុងយកទៅរៀបការជាមួយបុរសជនជាតិ នៅប្រទេសចិន។ ស្ត្រីរងគ្រោះទាំងនោះ មកពីខេត្តកណ្តាល កំពង់ចាម កោះកុង និងក្រចេះ ត្រូវបានមេខ្យល់នាំធ្វើដំណើរពីភ្នំពេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ហើយបានទៅដល់អាកាសយានដ្ឋាន អន្តរជាតិ តាន់សឺនញឹត ទីក្រុងហូជីមិញ នៅយប់ថ្ងៃទី២៦ ខែមេសា បម្រុងបន្តដំណើរទៅប្រទេសចិន តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តតៃនិញ ប្រទេសវៀតណាម ជួយសង្គ្រោះទាន់ពេល។ ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគ ហើយជូនស្ត្រីខ្មែរទាំង៦នាក់ ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងបាន ប្រគល់ជូនអាជ្ញាធរកម្ពុជាចាត់ចែងបន្ត ៕B

website_news/2018070507.txt · Last modified: 2018/05/07 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki