website_news:2018070601

បែកប្តីមួយយប់សោះ! មិនគួរណាប្រុសថ្លៃទៅជាយ៉ាងនេះ!

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១២:៤៨ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យក្មេងស្រស់សោភាម្នាក់យំរៀបរាប់ទាំងទឹកភ្នែកថា មិនគួរសោះបែកប្តីមួយយប់ បែជាទទួលព័ត៌មានថា ប្តីបានដេកស្លាប់ សង្ស័យខ្យល់គរ ហើយត្រូវបានភាគីថៃបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅម៉ោងជិត១២ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នេះ ។

ស្ត្រីដែលយំខាងលើឈ្មោះ សិ អួន អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នាងប្រាប់ថា ជនរងគ្រោះជាប្តីឈ្មោះ ស៊ិន សោម អាយុ២៧ឆ្នាំ ជាកម្មករសំណង់ និងមានទីលំនៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ នាងជាប្រពន្ធប្រាប់ថា បើនៅជុំគ្នាប្តីនាងប្រហែលជាមិនស្លាប់ទេ ព្រោះនាងអាចកោសជប់ឲ្យប្តី ។ នាងថា មុនស្លាប់មួយថ្ងៃបុរសជាប្តីជូននាងឡើងជិះរថយន្តពីខេត្តឈុនបុរីមកកម្ពុជាវិញ ដើម្បីធ្វើលិខិតឆ្លងដែនដឹងអីបែកគ្នាតែ១ថ្ងៃ ព្រឹកឡើងទទួលព័ត៌មានថា ប្តីស្លាប់ទៅវិញ ។

ជនរងគ្រោះដេកស្លាប់នៅខេត្តឈុនបុរីប្រទេសថៃ ខណៈទៅធ្វើការជាកម្មករសំណង់នៅទីនោះត្រូវកម្មកររួមអាជីពប្រទះឃើញដេកស្លាប់ នៅព្រឹកថ្ងៃទី០៦មិថុនា ម្សិលមិញ ។ សាច់ញាតិសពប្រាប់ថា ជនរងគ្រោះមុនស្លាប់នៅរសៀលថ្ងៃទី២៥ ខណៈកំពុងធ្វើការប្រាប់គេឯងថា ខ្លួនចុកពោះ ប៉ុន្តែមិនព្រមសម្រាកពីការងារទេ បើទោះជាកម្មកររួមអាជីពគ្រប់គ្នាប្រាប់ឲ្យឈប់សម្រាក ។ សពរងគ្រោះក្រោយបញ្ជូនដល់កម្ពុជាត្រូវបានសាច់ញាតិជួលរថយន្តម៉ាកស៊ីណាដឹកទៅស្រុកក្រឡាញ់ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

website_news/2018070601.txt · Last modified: 2018/06/07 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki