website_news:2018071103

ស្ថានទូតកូវ៉ែត អំពាវនាវឲ្យពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួន

https://www.postkhmer.com/ គង់ មេត្ដា | Publication date 07 November 2018 | 09:01 ICT

ភ្នំពេញៈ ស្ថានទូតកូវ៉ែតបានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួន និងបានជំរុញជាមុនឲ្យអ្នកទៅធ្វើការនៅទីនោះ ត្រូវតែខិតខំប្រឹងប្រែងធ្វើការជាមួយនឹងការព្រមានថា ប្រសិនបើធ្វើឲ្យមានកំហុសម្តងហើយម្តងទៀតនោះនឹងត្រូវបញ្ជូនត្រឡប់មកវិញ បើទោះបីជានៅពេលនេះពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់បានទៅធ្វើការនៅប្រទេសមួយនេះនៅឡើយក៏ដោយ។

ប្រទេសកម្ពុជា និងប្រទេសកូវ៉ែតបានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០០៩ ក្នុងវិស័យផ្លាស់ប្តូរហត្ថពលកម្ម ហើយក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី ហ៊ីន ស៊ូពែហ៍ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារនៃរដ្ឋកូវ៉ែតកាលពីថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ ២០១៨ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាបានឯកភាពថានឹងបញ្ជូនពលករចំនួន ៥០០០ នាក់ជាលើកដំបូងឲ្យទៅធ្វើការនៅប្រទេសកូវ៉ែត នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។

នៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី ៦ ខែវិច្ឆិកា លោក ហ្សាហឺ អេមប៊ី អេមអាល់ ខូរ៉េនិច ភារធារីស្ថានទូតកូវ៉ែតប្រចាំនៅកម្ពុជាបានជំរុញឲ្យពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសកូវ៉ែត។ លោក ហ្សាហឺ អេមប៊ី អេមអាល់ ខូរ៉េនិច បានថ្លែងថា៖ «ខ្ញុំសូមឲ្យប្រជាជនកម្ពុជាមកធ្វើការនៅកូវ៉ែតហើយខំប្រឹងធ្វើការ។ សូមឲ្យគាត់មានភាពស្មោះត្រង់នឹងការងាររបស់គាត់។ កុំលួចដេក ហើយនិយាយថាហេតុអ្វីអត់បើកប្រាក់ខែឲ្យយើង។ បើសិនជាអ្នកមកធ្វើការត្រូវតែមានភាពស្មោះត្រង់។ ត្រូវតែធ្វើការងារឲ្យបានត្រឹមត្រូវ ហើយគោរពក្រុមហ៊ុន អ៊ីចឹងក្រុមហ៊ុននឹងគោរពអ្នកវិញ»។

ជាមួយគ្នានេះលោកក៏បានព្រមានផងដែរថា៖ «បើសិនជាអ្នក (ពលករ) លួចខ្ជិល ដើរទៅមកអត់ធ្វើការ បើសិនជាបង្កើតកំហុសដែលគេបានបង្រៀន ម្តងហើយម្តងទៀត អ៊ីចឹងគេនឹងចាត់វិធានការបណេ្តញចេញ»។ ទោះយ៉ាងណាលោក ហ្សាហឺអេមប៊ី អេមអាល់ ខូរ៉េនិច បញ្ជាក់ថា ប្រសិនបើពលករទាំងនោះត្រូវបានគេកេងប្រវ័ញ្ច រំលោភបំពាន ឬបៀតបៀន ពួកគេអាចរាយការណ៍ទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅកូវ៉ែត។ លោកបញ្ជាក់ថា៖ «ប្រទេសនីមួយៗតែងតែមានបញ្ហា ប៉ុន្តែយើងមិនមើលលើតែផ្នែកនៃបញ្ហានោះទេ គឺយើងត្រូវមើលពីថា តើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហា? ក្រសួងការងាររបស់យើង ប្រទេសកូវ៉ែត យើងមានទូតរបស់ប្រទេសកម្ពុជានៅកូវ៉ែត។ អ្នកអាចប្រាប់ទូតរបស់អ្នក និងធ្វើការទាក់ទងទៅក្រសួងការងារ ពួកគេនឹងជួលមេធាវីដើម្បីការពារសិទ្ធិរបស់កម្មករ និងដោះស្រាយបញ្ហា»។ លោកអះអាងថា ច្បាប់ការងារ និងច្បាប់ផ្សេងទៀតរបស់ប្រទេសកូវ៉ែតគឺសុទ្ធតែត្រូវបានតាក់តែងឡើងដោយផ្អែកទៅលើច្បាប់អន្តរជាតិ។ ប៉ុន្តែទោះយ៉ាងណាលោកបានបញ្ជាក់ថាជាទូទៅនិយោជកគឺជាអ្នកកាន់កាប់លិខិតឆ្លងដែនរបស់ពលករ។

ទាក់ទងទៅនឹងករណីនេះលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងកាលពីម្សិលមិញថា ប្រទេសកូវ៉ែតមាននីតិវិធីរបស់គេ ហើយកម្ពុជាក៏មាននីតិវិធីរបស់ខ្លួនផងដែរ។ លោកបានបញ្ជាក់តាមសារអេឡិចត្រូនិកថា៖ «យើងបញ្ជូនពលករយើងទៅ តែនៅពេលតម្រូវការរបស់កម្ពុជាទាំងអស់ត្រូវបានសម្រេច ហើយយើងច្បាស់ថា សុវត្ថិភាព សិទ្ធិ និងអត្ថប្រយោជន៍ពលករយើង គឺត្រូវការពារយ៉ាងល្អ»។

លោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ ជាអង្គការដែលធ្វើការជួយគាំពារសិទ្ធិពលករចំណាកស្រុកបានថ្លែងថា អ្វីដែលលោកចង់ក្រើនរំឭកដល់ប្រទេសទាំង ២ គឺត្រូវពិនិត្យលើផ្លូវច្បាប់ជាពិសេសត្រូវត្រួតពិនិត្យច្បាប់កម្មករចំណាកស្រុក ថា តើមានហើយឬនៅ នៅក្នុងប្រទេសកូវ៉ែត? បន្ទាប់មកកម្ពុជាត្រូវពិនិត្យមើលយន្តការផ្សេងៗថាតើប្រសិនបើមានអំពើហិង្សា ឬវិវាទការងារកើតឡើង តើគេដោះស្រាយយ៉ាងដូចម្តេច? លោក តុលា បញ្ជាក់ថា៖ «ប្រទេសកម្ពុជាត្រូវធានាថា យើងមានសមត្ថភាពដើម្បីតាមដាន និងជួយសង្គ្រោះពេលពលករយើងមានបញ្ហា។ ខ្ញុំសូមផ្តល់យោបល់ថា គួរមានការធ្វើគម្រោងសាកល្បងសិន ឧទាហរណ៍ដូចជាត្រូវបញ្ជូនពលករត្រឹម១០០នាក់សិន៕

website_news/2018071103.txt · Last modified: 2018/11/07 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki