website_news:2018071204

អ្នកទោសវៀតណាម ជាប់ពន្ធនាគារនៅថៃ ស្នើសុំផ្ទេរ មកជាប់ពន្ធានាគារនៅខ្មែរវិញ

https://www.dap-news.com/ ByID:114 Posted on 07 December 2018 | 12:27

ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍ ពីស្ថានទូតខ្មែរប្រចាំប្រទេសថៃ មានអ្នកទោសជាជនជាតិវៀតណាមកំពុងជាប់ពន្ធនាគារនៅថៃ ប៉ុន្តែបែរជាស្នើសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជាវិញ ខណៈ បច្ចុប្បន្នអ្នកទោសជនជាតិខ្មែរ ចំនួន ២៩១០នាក់ (ស្រ្តីចំនួន ២៦៩នាក់ បុរសចំនួន ២៦៤១នាក់) កំពុងជាប់ពន្ធនាគារនៅថៃ ។

យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨បានឲ្យដឹងថា ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខទណ្ឌិត តាមមន្ទីរឃុំឃាំងជារៀងរហូត។ ចំពោះបញ្ហាផ្ទេរទណ្ឌិត គឺត្រូវអនុវត្តតាមកិច្ចព្រមព្រៀង ស្តីពី ការផ្លាស់ប្តូរអ្នកទោស រវាងកម្ពុជា និងថៃ ដែលមានដូចជា៖ ទី១-បទល្មើស ដែលអាចផ្ទេរអ្នកទោសបានលុះត្រាបទល្មើសនោះ ត្រូវជាប់ពន្ធនាគារចាប់ពីមួយឆ្នាំទ្បើងទៅ , ២- ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាទណ្ឌិតនោះ ត្រូវជាប់ទោស២/៣ នៃទោសរួម និងទី៣-ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាសាម៉ីខ្លួនស្នើសុំជាលាយលក្ខអក្សរ ។ សេចក្ដីជូនដំណឹងបន្ថែមថា “កន្លងមកមានអ្នកទោសខ្លះ ជាជនជាតិវៀតណាម ហើយសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ប៉ុន្តែករណីនេះ ស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះស្ថានទូតត្រូវទៅមើលអ្នកទោសនោះថា គាត់សញ្ជាតិអ្វីពិតប្រាកដ ព្រោះស្ថានទូតអាចដោះស្រាយបានលុះត្រា តែអ្នកទោសនោះជាជនជាតិខ្មែរ”។ ប្រភពឲ្យដឹងទៀតថា មានអ្នកទោសខ្លះសុំផ្ទេរ មកជាប់នៅពន្ធនាគារកម្ពុជា ដោយផ្ទាល់មាត់ លុះដល់ស្ថានទូត ឲ្យធ្វើពាក្យស្នើសុំផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនស្ម័គ្រចិត្តមកបន្តជាប់ពន្ធនាគារនៅកម្ពុជាវិញ បែរជាគាត់មិនព្រម ធ្វើលិខិតស្នើសុំទាល់តែសោះ។ ស្ថានទូតមិនអាចបង្ខិតបង្ខំទណ្ឌិត ឲ្យផ្ទេរមកកម្ពុជាបានទេ បើសាម៉ីខ្លួនមិនស្ម័គ្រចិត្ត ផ្ទេរមកកម្ពុជា៕ ដោយ៖ នឿត សម្ផស្ស

website_news/2018071204.txt · Last modified: 2018/12/07 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki