website_news:2018080102

ពលករខ្មែរ៣នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន ករណីលួចចូលកាប់ឈើក្រញូង

http://ann.com.kh/site/news/ ប្រភព ann ថ្ងៃចន្ទ, 8 ខែមករា 2018 8:47 ព្រឹក

ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន៣នាក់ទៀត ក្នុងចំណោមបក្ខពួកសរុបជាង២០នាក់ ដែលលួចចូលកាប់ឈើ ក្នុងតំបន់ឧទ្យានជាតិ ប្រទេសថៃ ត្រូវបានសមត្ថកិច្ចថៃ សហការជាមួយកំលាំងជំនាញរដ្ឋបាលព្រៃឈើ ធ្វើការឃាត់ខ្លួន ជាមួយនឹងឈើគ្រញូងចំនួន ១៧២ដុំ។ ករណីនេះ កើតឡើងកាលពីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ត្រង់ចំណុចចុងភូមិតាលីងឆាន់ ឃុំចរ៉ាខេហិន ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ។ សមត្ថកិច្ចថៃ បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនពលករខ្មែរទាំង៣នាក់រួច មកកម្លាំងជំនាញនៃប្រទេសថៃ បានធ្វើការដកហូតឈើគ្រញូងសរុបចំនួន ១៧២ដុំ ដែលចងជាបាច់ដាក់ចូលក្នុងសាកាដូ ជាមួយនឹងរណាយន្តចំនួន៣គ្រឿងទៀតផងដែរ។

ពលករខ្មែរម្នាក់ បានសារភាពថា ពួកគេត្រូវបានមេខ្យល់នាំផ្លូវចូលទៅក្នុងព្រៃចំនួន២ក្រុម ដោយក្រុមរបស់ខ្លួនមានគ្នាសរុបចំនួន២០នាក់ ជាអ្នកលីសែង និងក្រុមមួយទៀត ជាក្រុមកាប់ឈើមានគ្នាប្រមាណជាង១០០នាក់ ហើយពេលនេះពួកគេមួយចំនួនបានរត់គេចខ្លួនចូលទៅក្នុងព្រៃអស់ហើយ។

បច្ចុប្បន្នជនសង្ស័យដែលជាពលករខ្មែរទាំង៣នាក់នោះ ត្រូវបានសមត្ថកិច្ចថៃ កំពុងឃាត់ខ្លួន។ ដោយឡែកឈើក្រញូងទាំងអស់ ត្រូវបានដឹកយកទៅរក្សាទុកនៅទីតាំងឧទ្យានជាតិ ថាប់ឡានទី៣ ក្នុងភូមិសាស្ត្រ ភូមិខ្លងណាំម៉ាន់ ឃុំគោកក្រាក់ឆាយ ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ៕

website_news/2018080102.txt · Last modified: 2018/01/15 16:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki