website_news:2018080103

ឡើងជញ្ជាំងថ្ម ប្រុងចូលទៅធ្វើការនៅថៃ ត្រូវតម្រួតចាប់ជើងជាប់

http://www.prakpheaktra.com/ ប្រភពដំណឹងពលករស្រុកថៃ January 8, 2018

ពលរដ្ឋខ្មែររស់នៅខេត្តតាកែវនិងបាត់ដំបង ចំនួន 5នាក់ ត្រូវកម្លាំងអាជ្ញាធរថៃ ឃាត់ខ្លួនខណៈពេលកំពុងឡើងតាមជញ្ជាំងរបងថ្មជាប់ព្រំដែន ដើម្បីចូលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ។ កាលពីម៉ោង09ព្រឹក ថ្ងៃអាទិត្យទី07 ខែមករា ឆ្នាំ2018 កម្លាំងអាជ្ញាធរតម្រួតអន្តោប្រវេសន៍ថៃ ប្រចាំស្រុកអារញ្ញយាថេត ខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចំនួន05 នាក់ ខណៈពេលកំពុងនាំគ្នាឆ្លងដែនខុសច្បាប់ដោយប្រើវិធីឡើងតាមជញ្ជាំងរបងថ្ម តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្បែរផ្សារលុងក្លឿរស្រុកអារញ្ញ ដើម្បីចូលទៅធ្វើការខុសច្បាប់ក្នុងប្រទេសថៃ។

ក្នុងព្រឹត្តិការណ៍ខាងលើនេះកម្លាំងអាជ្ញាធរថៃ បានធ្វើការឃាត់ខ្លួនបានពលរដ្ឋខ្មែរគ្មានឯកសារស្នាក់នៅក្នុងប្រទេសថៃចំនួន 05នាក់ ក្នុងនោះមានបុរស03នាក់ និងនារី 02នាក់ យោងតាមរបាយការណ៍សមត្ថកិច្ចថៃបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង05នាក់ រស់នៅក្នុងខេត្តតាកែវ និងខេត្តបាត់ដំបង ប្រទេសកម្ពុជា។

តាមចម្លើយសារភាពរបស់ពលរដ្ឋខ្មែរទាំងប្រាំនាក់បានប្រាប់ថា ពួកគេទាំងអស់គ្នាបានធ្វើដំណើរមកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចហើយមានខ្យល់នាំចូលផ្លូវឆ្លងដែនចូលទៅខាងផ្សារថៃ ដោយបង់ថ្លៃនាំផ្លូវក្នុងម្នាក់500បាត ដើម្បីឡើងជញ្ជាំងរបងព្រំដែន ដើម្បីចូលទៅធ្វើការនៅក្នុងឆាក់ឈើងសៅ និងទីក្រុងបាងកកប្រទេសថៃ។ ក្រោយពេលឃាត់ខ្លួនពលរដ្ឋខ្មែរទាំង05នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានប៉ូលិសអន្តោប្រវេសន៍ស្រុកអារញ្ញ ដើម្បីធ្វើប្រវត្តិរូបចូលក្នុងបញ្ជីខ្មៅ(បុគ្គលហាមឃាត់) រួចបញ្ជូនខ្លួនអោយវិលត្រឡប់ទៅស្រុកកំណើតវិញតាមរយៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

website_news/2018080103.txt · Last modified: 2018/01/09 11:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki