website_news:2018080801

បុរសម្នាក់ត្រូវបានឃុំខ្លួន ក្រោយពីជាប់ចោទអំពើជួញដូរមនុស្ស

https://www.postkhmer.com/ វ៉ន ដារ៉ា 08 August 2018 | 10:02

ខេត្តត្បូងឃ្មុំៈ តុលាការខេត្តកាលពីម្សិលមិញបានសម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ក្រោយពីជាប់សង្ស័យថាបានបោកបញ្ឆោតនារីខ្មែរអ៊ិស្លាម ២ នាក់យកទៅបង្ខាំងទុកក្នុងផ្ទះឯកជនមួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី សម្រាប់បម្រើតណ្ហាផ្លូវភេទដោយប្រើអំពើហិង្សាអស់រយៈពេលប្រមាណ ១ ឆ្នាំមុនពេលដែលនគរបាលរកឃើញកាលពីដើមខែសីហានេះ។

មន្ត្រីនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងកាលពីម្សិលមិញថាជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែសីហានៅក្នុងផ្ទះស្ថិតក្នុងភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ក្រោយពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដោយបានបោកបញ្ឆោតនារី ២ នាក់នៅក្នុងគ្រួសារតែមួយទៅប្រទេសម៉ាឡេស៊ី។ នារីរងគ្រោះ ២ នាក់កំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈអង្គការក្រៅរដ្ឋាភិបាលមួយកំពុងធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីសង្គ្រោះជនរងគ្រោះមកស្រុកកំណើតវិញ។

លោក ថេង គៀង អ្នកនាំពាក្យតុលាការខេត្ដបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ជនជាប់ចោទឈ្មោះ ជូ ចំរើន ហៅ វណ្ណា ភេទប្រុស អាយុ ៥៥ ឆ្នាំ មានលំនៅក្នុងភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ត្រូវបញ្ចូនទៅឃុំឃាំងនៅពន្ធនាគាបណ្ដោះអាសន្នហើយ ដើម្បីរង់ចាំការកាត់ក្ដីបន្ដ។ លោក គៀង ថ្លែងថា៖ «យើងបានធ្វើការចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅតាមមាត្រា ៨ និងមាត្រា ១០ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ហើយរឿងនេះក៏បញ្ចូនទៅឲ្យចៅក្រមស៊ើប ចៅក្រមក៏បានឲ្យចាប់បញ្ចូនទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃអាទិត្យទី ៥»។

លោក សេង និ អធិការរងស្រុកត្បូងឃ្មុំឲ្យដឹងថា កាលពីឆ្នាំ ២០១៧ ជនជាប់ចោទបានប្រើល្បិចលួងលោមឪពុកម្ដាយនារី ២ នាក់បងប្អូនបង្កើត ឱ្យចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយចេញមុខធានារត់ការ ចេញសោហ៊ុយឱ្យទាំងអស់រហូតម្តាយនារីរងគ្រោះយល់ព្រមឲ្យកូនស្រីទាំង ២ នាក់ចេញទៅជាមួយ។ លោកអធិការថ្លែងថា ក្រោយមកជនសង្ស័យនាំនារីរងគ្រោះចេញទៅប្រទេសម៉ាឡេស៊ីរួចបង្ខាំងទុកឲ្យនៅតែក្នុងផ្ទះខ្លួន មិនបានឲ្យទៅធ្វើការងារអ្វីទេ ដោយឲ្យរស់នៅជាមួយគាត់ ដោយទុកយកជាប្ដីប្រពន្ធ។ ក្រោយមកជនជាប់ចោទបានប្រើទារុណកម្មវាយដំ និងចាប់កោរសក់ជនរងគ្រោះថែមទៀត ទើបនារីរងគ្រោះរកទូរស័ព្ទ ខលមកប្រាប់ម្ដាយនៅស្រុកខ្មែររហូតដល់រឿងរ៉ាវបែកធ្លាយ ម្តាយនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃសុក្រ ទី ៣ ខែសីហា ឆ្នាំ ២០១៨ នេះ។ លោក សេង និ ថ្លែងដោយសុំលាក់អត្តសញ្ញាណនារីរងគ្រោះទាំង ២ នាក់ដោយគ្រាន់តែអះអាងថាជនរងគ្រោះម្នាក់អាយុ ២៨ ឆ្នាំ និងម្នាក់ទៀតអាយុ ១៨ ឆ្នាំ។ នារីរងគ្រោះទាំង ២ នាក់ជាជនជាតិខ្មែរ-អ៊ិស្លាម និងត្រូវជាបងប្អូនបង្កើតនឹងគ្នាមានលំនៅក្នុងស្រុកត្បូងឃ្មុំ។

ក្នុងខែកុម្ភៈឆ្នាំ ២០១៨ ឈ្មោះ ជូ ចំរើន បានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញបានមកជួបឪពុកម្ដាយនារីរងគ្រោះម្ដងទៀតដោយបានប្រាប់ថាកូនស្រីរបស់គាត់ម្នាក់មុនដែលបានទៅដល់កាលពីខែកក្កដា ២០១៧ សុខសប្បាយទេ ហើយបានលួងលោមសុំយកកូនស្រីម្នាក់ទៀតមានអាយុ ១៨ ឆ្នាំ។ មកដល់ពេលនេះនារីរងគ្រោះទាំង ២ នៅមិនទាន់ត្រឡប់មកដល់ស្រុកខ្មែរវិញនៅឡើយទេ ប៉ុន្ដែមានអង្គការក្រៅរដ្ឋាភិបាលមួយបានទាក់ទងទៅស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ី និងបានឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ ដើម្បីដោះស្រាយបញ្ជូននារីរងគ្រោះត្រឡប់មកស្រុកខ្មែរវិញ៕

website_news/2018080801.txt · Last modified: 2018/08/08 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki