website_news:2018081104

សង្គមស៊ីវិលស្នើឲ្យរបបក្រុងភ្នំពេញជួបជជែកជាមួយភាគីថៃករណីថៃចាប់បញ្ជូនពលរដ្ឋខ្មែរ

Headline

https://www.rfa.org/khmer/ 2018-11-07

សង្គមស៊ីវិលធ្វើការងារទាក់ទងនឹងពលរដ្ឋចំណាកស្រុក ស្នើទៅរបបក្រុងភ្នំពេញឲ្យជួបជជែកជាមួយភាគីថៃរកដំណោះស្រាយលើបញ្ហាសមត្ថកិច្ចថៃ ចុះចាប់ពលរដ្ឋខ្មែរដែលធ្វើការខុសច្បាប់។ សង្គមស៊ីវិលលើកឡើងបែបនេះដោយសារតែសមត្ថកិច្ចប្រទេសថៃកំពុងសម្រុកចុះចាប់ពលរដ្ឋខ្មែររាប់រយនាក់ជារៀងរាល់ថ្ងៃបញ្ជូនមកកម្ពុជាវិញ។ ក្រុមសង្គមស៊ីវិលយល់ថា បើជំនួបទ្វេភាគីកម្ពុជា-ថៃបន្តអូសបន្លាយទៀតនឹងធ្វើឲ្យពលរដ្ឋខ្មែរដែលធ្វើការងារនៅប្រទេសនេះរងគ្រោះ ព្រោះការចាប់បញ្ជូនពលរដ្ឋខ្មែរពីសំណាក់សមត្ថកិច្ច ថៃនឹងធ្វើឲ្យពលករទាំងនោះជួបប្រទះបញ្ហាជីវភាពគ្រួសារធ្ងន់ធ្ងរ។

មន្ត្រីកម្មវិធីសិទ្ធិការងារនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា និយាយថា ភាគីកម្ពុជា-ថៃគួរតែពិចារណាពីដំណោះស្រាយការចាប់បញ្ជូនពលករខ្មែរពីសំណាកអាជ្ញាធរថៃ។ លោកបន្តថា បើគ្មានការអន្តរាគមន៍ទាន់ពេលវេលាទេ ក្រុមពលករទាំងនោះនឹងរងគ្រោះកាន់តែខ្លាំងថែមទៀត៖ «រដ្ឋាភិបាលគួរយកចិត្តនិងតាមដានឲ្យមែនទែនទៅលើករណីចាប់បញ្ជូនដោយអាចថា មានការំលោភសិទ្ធិមនុស្សអីចឹង យើងដឹងហើយថាថៃគាត់ពិន័យជាប្រាក់ឬចាប់ដាក់គុកជាដើម»។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងនឹងពលករចំណាកស្រុករូបនេះប្រាប់ថា បញ្ហាចំណាកស្រុករបស់ពលករខ្មែរមិនអាចទប់ស្កាត់បាននោះទេ ដូច្នេះភាគីកម្ពុជាគួរធ្វើផែនការទទួលពលករទាំងនោះ ដោយរៀបចំឯកសារស្របច្បាប់ដល់ពួកគេខណៈសំណើបំពេញឯកសារនេះមានលក្ខណៈស្មុគស្មាញ៖ «គួរមានគម្រោងច្បាស់លាស់ទាក់ទងទៅរឿងការធ្វើឯកសារ ហើយរយៈពេលនៃការផ្ដល់ភាពស្របច្បាប់កុំអោយរង់ចាំរយៈពេលវែងពេក និងកុំឲ្យមានភាពស្មុគស្មាញនៃដំណើរដាក់ពាក្យស្នើសុំ»។

សមត្ថកិច្ចអន្តោប្រវេសន៍ថៃរាប់ពាន់នាក់បានចុះឆែកឆេរ និងចាប់ខ្លួនពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅខុសច្បាប់លើទឹកដីថៃដល់កន្លែងពួកគេស្នាក់នៅតែម្ដង។ ពលករខ្មែរនិយាយថា សូម្បីតែអ្នកមានឯកសារក៏ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនខ្លួនទៅសួរនាំដែរ។ ការចាប់បញ្ជូននេះត្រូវបានអាជ្ញាធរថៃហៅថាជាយុទ្ធនាការណ៍បោសសំអាតឧក្រិដ្ឋកម្មឆ្លងដែនដើម្បីសេចក្ដីសុខពលរដ្ឋថៃ។

អាស៊ីសេរីមិនទាន់អាចសុំការប្រតិកម្មពីអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និង អ្នកនាំពាក្យក្រសួងការបរទេសលោក កេត សោផាន់ បានទេ ដោយទូរស័ព្ទរោទ៍ជាច្រើនដង គ្មានអ្នកទទួល។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា លោកចង់ឃើញភាគីកម្ពុជា និងថៃ រកដំណោះស្រាយមួយដែលក្នុងនាមជាប្រទេសជិតខាងក្នុងក្របខ័ណ្ឌមនុស្សធម៌។ លោកបន្តថា បើសិនគ្មានដំណោះស្រាយបន្ទាន់ទេ ពលករនឹងត្រូវបាត់បង់ការងារ និងមិនទទួលបានប្រាក់ឈ្នួលពីថៅកែហើយ ថែមទាំងត្រូវសមត្ថកិច្ចថៃជំរិតទារលុយពួកគេថែមទៀតផង៖ «រដ្ឋាភិបាលទាំងពីរគួរជជែកគ្នារកដំណោះស្រាយដើម្បីធ្វើឲ្យពលករខ្មែរទាំងនៅប្រទេសថៃទទួលបានភាពស្របច្បាប់ កាលពីបញ្ជូនមកស្រុកខ្មែរវិញគឺពិបាក»។

របាយការណ៍ ៦ខែ នៃឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបង្ហាញថា យ៉ាងហោចណាស់ពលករខ្មែរជិត ២ម៉ឺននាក់ត្រូវបានអាជ្ញាធរប្រទេសចំនួន ១៨ចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ។ រីឯរបាយការណ៍ក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងដែរថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៨នេះ ពលករខ្មែរ ១លាន ៥ម៉ឺននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសថៃ ក្នុងនោះមានពលករស្របច្បាប់ជិត៥៥ម៉ឺននាក់(៥៤៨ ៤៧០នាក់)

website_news/2018081104.txt · Last modified: 2018/11/08 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki