website_news:2018081105

កម្ពុជា-ថៃនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធជ្រើសរើសពលករតាមប្រព័ន្ធអនឡាញ

http://bayontv.com.kh/ 08/11/2018

ភ្នំពេញ ៖ ក្នុងគោលបំណងដើម្បីសម្រួលភាពងាយស្រួល ក្នុងការបញ្ជូនពលករកម្ពុជា ទៅធ្វើការ និងរស់នៅប្រទេសថៃមានភាពរហ័ស និងអាចកាត់បន្ថយការចំណាកស្រុកប្រទេសកម្ពុជា-ថៃ គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ សម្រាប់ជ្រើសរើសពលករតាម អនឡាញ (Online) នៅចុងឆ្នាំនេះ។

ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការការពារ និងគ្រប់គ្រងពលករកម្ពុជាធ្វើការនៅថៃរវាងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា សមាគមជ្រើសរើសពលករកម្ពុជា និងសមាគមទំនាក់ទំនងកម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការដាក់ឲ្យដំណើរការប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ដើម្បីសម្រួលដល់ដំណើរការបញ្ជូន និងទទួលពលករបានស្រួលកាត់បន្ថយពេលវេលាយ៉ាងច្រើន ជាពិសេសភាគីថៃនឹងកាត់បន្ថយរយៈពេលពីប្រមាណ៣ខែ មកត្រឹម២សប្តាហ៍ ចាប់ពីការស្នើសុំការប្រើប្រាស់ពលករបរទេស (កូតា) ដល់ការបញ្ជូនពលករ មកធ្វើការព្រមទាំងកាត់បន្ថយបែបបទឯកសារ ដោយប្រើប្រាស់តាមប្រព័ន្ធអេឡិច-ត្រូនិកជំនួសវិញ។

ឯកឧត្តម បន្តថា ក្រៅពីការបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ តាមប្រព័ន្ធអនឡាញ ក៏បានបញ្ចៀសបានពីការធ្វើទេសន្តរប្រវេសក៍ ដោយប្រថុយប្រថាន គ្មានឯកសារ និងជាការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្សឆ្លងដែនផងដែរ។ ទន្ទឹមនោះ ឯកឧត្តម បានស្នើសមាគមពិចារណា ក្នុងការរៀបចំផ្ទះស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករកម្ពុជា នៅតាមតំបន់ក្នុងប្រទេសថៃ ដែលអាចឲ្យពលករកម្ពុជាស្នាក់នៅបណ្តោះអាសន្នក្នុងអំឡុងពេលប្តូរការងារ ឬរង់ចាំការដោះស្រាយវិវាទជាមួយនិយោជក។ ឯកឧត្តម អ៊ិត សំហេង បានបន្តថា នេះជាវឌ្ឍនភាព និងយន្តការបន្ថែមថ្មីមួយទៀតក្នុងការការពារដល់ពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃបន្ថែម លើកិច្ចការពារ ដែលមាននាពេលបច្ចុប្បន្ន ព្រមទាំងចូលរួមចំណែកប្រទេសថៃឲ្យមានភាពកាន់តែប្រសើរឡើងប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់៕

website_news/2018081105.txt · Last modified: 2018/11/08 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki