website_news:2018090201

ក្រុមប្រទេសដែលបញ្ជូនពលករទៅថៃ នឹងជួបប្រជុំគ្នានៅកម្ពុជា នាចុងខែក្រោយ

http://kleykley.sabay.com.kh/ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង 17:07

មន្ត្រីរដ្ឋាភិបាល ដែលធ្វើការខាងប្រឆាំងអំពើជួញដូរមនុស្សរបស់កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា គ្រោងនឹងជួបគ្នាជាត្រីភាគី នៅចុងខែមីនា ឆ្នាំ២០១៨ ដើម្បីកំណត់បញ្ហា ភាពប្រឈម និងដាក់ចេញនូវដំណោះស្រាយរួមគ្នា ពាក់ព័ន្ធនឹងសុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍របស់ពលករទាំងបីប្រទេស ដែលកំពុងធ្វើការនៅប្រទេសថៃ។កិច្ចប្រជុំត្រីភាគី ដែលគ្រោងនឹងរៀបចំឡើងនៅកម្ពុជានេះ គឺខណៈដែលពលករជាច្រើនមកពីប្រទេសទាំងបីនេះ កំពុងតែធ្វើទេសន្តប្រវេសន៍ ចូលទៅធ្វើការនៅទឹកដីថៃ និងមួយចំនួន រកការងារធ្វើដោយខុសច្បាប់ ហើយជួបបញ្ហាប្រឈមជាច្រើន។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា កិច្ចប្រជុំក្រុមប្រទេស ដែលជាប្រភពបញ្ជូនពលករ ទៅធ្វើការងារនៅប្រទេសថៃ ដែលគ្រោងរៀបចំនៅចុងខែមីនា ឆ្នាំ២០១៨ខាងមុខនេះ គឺធ្វើយ៉ាងណា រកវិធីសាស្ត្ររួមមួយ យកទៅសម្របសម្រួល និងពិភាក្សាជាមួយប្រទេសគោលដៅ ដោយចាប់ផ្តើមពីប្រទេសថៃ ដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការធានាសុវត្ថិភាពផ្នែកច្បាប់ ការគោរពសិទ្ធិ និងផលប្រយោជន៍របស់ពលករ។

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបន្តថា កិច្ចប្រជុំរបស់ប្រទេសទាំងបី ក៏នឹងរកវិធីគ្រប់គ្រងលំហូរពលករ ដែលមិនប្រក្រតី ជៀសវាងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចគ្រប់រូបភាព។ លោកស្រី ជូ ប៊ុនអេង បានអះអាងថា ប្រសិនបើការគ្រប់គ្រងទេសន្តប្រវេសន៍នេះ បានល្អប្រសើរនោះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ក្នុងការលើកកម្ពស់ជីវភាពពលករ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ៖ លីហៀង

website_news/2018090201.txt · Last modified: 2018/02/09 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki