website_news:2018090202

ដោះលែងបរទេស ៧នាក់ ដែលរងការចោទរឿងរាំអាសអាភាស នៅសៀមរាប

http://www.postkhmer.com/ នៀម ឆេង | Publication date 08 February 2018

សៀមរាបៈ ភ្ញៀវបរទេសចំនួន ៧នាក់ ក្នុងចំណោម ១០នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ចេញដីកាដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី៧ ខែកុម្ភៈនេះ ក្រោយពួកគេបាននៅក្នុងពន្ធនាគារខេត្តតាំងពីចុងខែមករា ដោយសារសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងរាំបែបអាសអាភាស។ លោកយិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់នូវការដោះលែងក្រៅឃុំនេះ តែមិនទាន់បញ្ជាក់ក្នុងចំណោមមនុស្សទាំង១០នាក់ ដែលបានចាប់ខ្លួនមានសញ្ជាតិអ្វីខ្លះនោះទេ។ លោកបាននិយាយថា ៖.«៧នាក់ហ្នឹង បានដោះនៅក្រៅឃុំហើយ គិតថាកាលពីម្សិលមិញ។ តែខ្ញុំមិនបានដឹងពួកគាត់ជានរណាខ្លះនោះទេ។ អ្នកសម្រេចដោះលែងគឺចៅក្រម ឆែ វីរៈ»។

ចំណែកលោកមេធាវី អ៊ុច សុភត្រា ការពារក្តីឲ្យបរទេសទាំង១០ បាននិយាយថា លោកសុំឲ្យតុលាការដោះលែងកូនក្តី ៧នាក់ ឲ្យនៅក្រៅឃុំ ដោយសារ ពួកគាត់មិនពាក់ព័ន្ធនឹងការរៀបចំពិធីជប់លៀងនោះ។

គួរបញ្ជាក់ថា ភ្ញៀវទេសចរបរទេសចំនួន ១០ នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៥ ខែមករា ហើយត្រូវតុលាការចោទក្រោយមានការបង្ក្រាប ទីតាំងរាំបែបអាសអាភាស នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងត្រូវតុលាការចោទប្រកាន់ពីបទ ««ផលិតរូបភាពអាសអាភាស» ដែលអាចប្រឈមនឹងការជាប់ទោសពី ១ខែ ដល់ ១ឆ្នាំ បើសិនគេរកឃើញកំហុស។ ជនដែលត្រូវឃាត់ខ្លួនទាំងនោះមកពីប្រទេសអង់គ្លេស កាណាដា និងនូវែលសេឡង់៕

website_news/2018090202.txt · Last modified: 2018/02/09 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki