website_news:2018090206

អតីតសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមការចោទពីបទជួញដូរមនុស្ស

http://www.postkhmer.com/ នៀម ឆេង | Publication date 08 February 2018 | 21:21 ICT

ភ្នំពេញៈលោក អ៊ីស្មាអែល ពិនឧស្មាន អតីតសមាជិក គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយរងការចោទប្រកាន់ពីបទជួញដូរមនុស្ស ចំណែកឯមន្ត្រីនគរបាលមិនបានផ្តល់ព័ត៌មានលំអិត អំពីមូលហេតុដែលគាត់ត្រូវបានចាប់ខ្លួននោះទេ។ លោក ពិនឧស្មាន ដែលជាអ្នកធ្វើស្លាកលេខឡាន នឹងកំពុងមានដីកាចាប់ខ្លួនផងដែរនោះ ត្រូវបានប៉ូលីសប្រឆាំងការជួញដូរមនុស្សចាប់ខ្លួន។

លោក ប៉ុល ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសំដៅដល់ពាក្យដែលត្រូវបានប្រើប្រាស់សម្រាប់ករណីការជួញដូរមនុស្សក្នុងច្បាប់កម្ពុជាថា៖«គាត់ត្រូវបានចាប់ខ្លួន ពីបទឆ្លងព្រំដែនខុសច្បាប់ និងត្រូវបានចាប់ខ្លួនតាមពាក្យបណ្តឹង»។

លោក អ៊ីសា អូស្មាន អតីតមេដឹកនាំចលនារបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោកពិនឧស្មានត្រូវបានចាប់ខ្លួន នៅក្នុងខណ្ឌឫស្សីកែវ ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលជាតិ។ដីការកោះហៅរបស់ប៉ូលីស ដែលបានចេញកាលពីខែវិច្ឆិកា បានជម្រាបឱ្យលោក ពិនឧស្មាន បង្ហាញខ្លួននៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ទាក់ទងពីបទបញ្ជូនពលករជាស្ត្រីច្រើននាក់ទៅបរទេស។ បន្ទាប់មកដីកាចាប់ខ្លួន ចុះថ្ងៃទី ៥ ខែកុម្ភៈ បានតម្រូវឱ្យអាជ្ញាធរ ចាប់ខ្លួនលោក ពិនឧស្មាន និងនាំខ្លួន ទៅកាន់នាយកដ្ឋានដដែល ឲ្យបានមុនថ្ងៃទី៦ខែមីនា ហើយពេលនេះគឺបានលើកឡើងអំពីពាក្យបណ្តឹងរបស់លោក ឡោះ អូស្មាន ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកម៉ៅ មុនីវណ្ណ បានថ្លែងថា លោកគ្រាន់តែបានឮថា មានការចាប់ខ្លួន លោកពិនឧស្មាន ដែលធ្លាប់បានឈរឈ្មោះជាបេក្ខជនបម្រុង នៅខេត្តកំពង់ចាម ក្នុងអំឡុងពេលបោះឆ្នោតជាតិឆ្នាំ ២០១៣។ លោកបញ្ជាក់ថា៖ «បន្ទាប់ពីការបោះឆ្នោត គាត់គឺជាសមាជិកក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ នៅខេត្តត្បូងឃ្មុំ»។ លោកបានបន្ថែមថា ករណីនេះ អាចជាប់ទាក់ទងទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាច ដើម្បីធ្វើឱ្យអតីតមន្ត្រីគណបក្សប្រឆាំងចុះចូល៕ NS

website_news/2018090206.txt · Last modified: 2018/02/09 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki