website_news:2018090304

អ្នកទោសខ្មែរម្នាក់ត្រូវបានក្រុមអាជ្ញាធរថៃដោះលែងហើយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៨ម៉ោង ០៩:២៦ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរម្នាក់ឱ្យមានសេរីភាពវិញ នាំមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា កាលពីវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី៨ ខែមិនានេះ នៅមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃដោះលែងឈ្មោះ មី អៀង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ កន្លងទៅចូលតាមច្រកអូរឬស្សី ស្ថិតនៅក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទល់មុខភូមិស្ទឹងច័ន្ច ឃុំស្ទឹងច័ន្ច ស្រុកឃុនហាន ខេត្តស៊ីសាកេតប្រទេសថៃ ។

យោងតាមរបាយការណ៍ពីក្រុមអាជ្ញាធរកម្ពុជាដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរ ដែលចោទពីបទឆ្លងដែនខុសច្បាប់ កាប់ឈើគ្រញូង ជាបន្តបន្ទាប់ នៅដើមខែមករារហូតមកទល់ខែមិនា ២០១៨នេះ មាន៣៧នាក់ ស្រីម្នាក់ តាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ខណៈនោះក្រោយពីបានទទួលពីក្រុមអាជ្ញាធរ រួចខាងក្រុមអាជ្ញាធរកម្ពុជាបានធ្វើការអប់រំ និងឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ៕

website_news/2018090304.txt · Last modified: 2018/03/12 11:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki