website_news:2018090307

កម្មករនេសាទខ្មែរ នៅថៃ ជាញឹកញាប់ត្រូវគេកេងប្រវ័ញ្ច

http://www.postkhmer.com/ Leonie Kijewski | Publication date 09 March 2018 | 10:43 ICT

ភ្នំពេញៈ កម្មករនេសាទជនជាតិកម្ពុជា និងមីយ៉ាន់ម៉ាក្នុងប្រទេសថៃជាញឹកញាប់ត្រូវបានផ្តល់ឲ្យនូវប្រាក់ឈ្នួលក្រោមកម្រិតប្រាក់ឈ្នួលអប្បបរមា ហើយប្រាក់ឈ្នួលរបស់ពួកគេត្រូវបានរក្សាទុក និងប្រឈមមុខនឹងការកេងប្រវ័ញ្ច និងរំលោភបំពានផ្សេងៗ។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការពលកម្មអន្តរជាតិ។ ចំពោះការសិក្សាស្រាវជ្រាវនេះអង្គការពលកម្មអន្តរជាតិបានសម្ភាសកម្មករនេសាទភាគច្រើនបំផុតជាជនជាតិកម្ពុជា និងជនជាតិមីយ៉ាន់ម៉ា និងកម្មករនៅក្នុងឧស្សាហកម្មអាហារសមុទ្រដើម្បីវាយតម្លៃស្ថានភាពការងាររបស់ពួកគេ។ ទោះយ៉ាងណាក្តីពួកគេបានផ្តោតតែទៅលើទូកនេសាទដែលធ្វើដំណើរនេសាទរយៈពេលខ្លី។

លោក មុំ សុខចា នាយកអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រីបានថ្លែងថា ស្ថានភាពគឺមានលក្ខណៈកាន់តែអាក្រក់ខ្លាំងជាងនេះចំពោះទូកនេសាទដែលចេញរយៈពេលយូរដែលកំពុងនេសាទនៅសមុទ្រជ្រៅ។ លោកថ្លែងថា៖ «អ្នកនេសាទដែលយើងបានធ្វើការជាមួយបានប្រាប់យើងថា ពួកគេមិនមានទឹកស្អាត ឬមានអាហារគ្រប់គ្រាន់ដើម្បីទទួលទាន ហើយជាញឹកញាប់ទទួលរងការដាក់ទោសទណ្ឌរាងកាយ ឬថែមទាំងរងការធ្វើទារុណកម្ម»។ ប៉ុន្តែសូម្បីតែទូកនេសាទរយៈពេលខ្លីមានតែ ២៩ ភាគរយនៃអ្នកឆ្លើយតបនៅក្នុងវិស័យនេសាទដែលមានអ្នកនេសាទជនជាតិកម្ពុជាភាគច្រើនបានរាយការណ៍មិនមានសូចនាករនៃការងារបង្ខំ ខណៈ ៤៨ ភាគរយបានបង្ហាញសូចនាករនៃការងារបង្ខំចំនួន ២ ឬច្រើនជាងនេះ។ ឧទាហរណ៍ សូចនាករទាំងនេះរួមមានលក្ខខណ្ឌការងាររំលោភបំពានការបំភិតបំភ័យ ការរក្សាទុកឯកសារអត្តសញ្ញាណ ឬការរក្សាទុកប្រាក់ឈ្នួល។ ជាលក្ខណៈកត់សម្គាល់ ការរក្សាទុកប្រាក់ឈ្នួលបានកើនពី ១២ ភាគរយក្នុងឆ្នាំ ២០១៣ ទៅ ២៤ ភាគរយក្នុងឆ្នាំ ២០១៧។ លោក មុំ សុខចា ថ្លែងថាការរក្សាទុកប្រាក់ឈ្នួលគឺជាបញ្ហាសំខាន់នៅក្នុងឧស្សាហកម្មនេសាទ ហើយបានកើតឡើងចំពោះអ្នកត្រឡប់មកវិញជាច្រើនដែលអង្គការរបស់លោកបានធ្វើការជាមួយពួកគេ។

«វិធីបើកប្រាក់ឈ្នួលគឺថា អ្នកត្រូវធ្វើការរយៈពេល ៦ ខែ ១ ឆ្នាំឬ ២ ឆ្នាំហើយបន្ទាប់មកអ្នកទទួលបានប្រាក់ឈ្នួលនោះ»។ លោកបានថ្លែងថា នៅពេលដែលទូកនេសាទត្រឡប់មកវិញអ្នកនេសាទជាញឹកញាប់ត្រូវបានចាប់ខ្លួននៅពេលនគរបាលរកឃើញថា ពួកគេមិនមានឯកសារ។ លោក សុខចា បានថ្លែងថា អ្នកនេសាទទាំងនេះមិនដែលទទួលបានប្រាក់ខែរបស់ខ្លួនទេ។ អ្នកដទៃទៀតឃើញថា ប្រាក់ឈ្នួលរបស់ពួកគេត្រូវបានកាត់យ៉ាងច្រើននៅពេលត្រឡប់មកដីគោកវិញ។ ជាងនេះទៀតមានតែ ៤១ ភាគរយនៃអ្នកនេសាទបានរាយការណ៍អំពីលទ្ធភាពទទួលបានបង្គន់សមស្រប។ការសិក្សានេះក៏បានរកឃើញគម្លាតរវាងបុរស និងស្ត្រីដោយបុរសជាមធ្យមទទួលបានប្រាក់ ៩៨៥០ បាត (ប្រហែល ៣១៤ ដុល្លារ) ហើយស្ត្រីទទួលបាន ៩០១០ បាត (ប្រហែល ២៨៨ ដុល្លារ) ជាមធ្យមក្នុងមួយឆ្នាំ។ ប្រាក់ឈ្នួលអប្បបរមាគឺ ៩០០០ បាត (ប្រហែល ២៨៧ ដុល្លារ)។

រដ្ឋាភិបាលថៃក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ គ្មានការរាយការណ៍ និងមិនមានការដាក់បញ្ញត្តិ ដើម្បីឆ្លើយតបនឹង «កាតលឿង» ដែលប្រទេសថៃបានទទួលពីការព្រមានរបស់សហភាពអឺរ៉ុប ដែលបានដាក់កម្រិតការនាំចេញរបស់ថៃទៅសហភាពអឺរ៉ុបឲ្យស្ថិតក្នុងការពិនិត្យតឹងរ៉ឹងខ្លាំងជាងមុន។ ប្រភពពីសហភាពអឺរ៉ុបបានថ្លែងកាលពីថ្ងៃពុធថា បេសកកម្មបច្ចេកទេសដោយអ្នកជំនាញសហភាពអឺរ៉ុបនឹងធ្វើទស្សនកិច្ចទៅប្រទេសថៃនាខែមេសាដើម្បីវាយតម្លៃពីវឌ្ឍនភាព៕ PS

website_news/2018090307.txt · Last modified: 2018/03/12 11:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki