website_news:2018090402

មេប៉ូលិសអន្តោប្រវេសន៍ថា គ្មានការយកលុយពីពលករមកពីថៃទេ

http://kleykley.sabay.com.kh/ សៅរ៍, 7 មេសា 2018 14:14

ឧត្ដមសេនីយ៍ត្រី សៅ ប៊ុនរិទ្ធ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង បានឲ្យដឹងថា គ្មានករណីយកប្រាក់ពីពលករខ្មែរដែលចាកចេញពីថៃ មកលេងស្រុកកំណើតនោះទេ។ លោកថា តាមគោលការណ៍ថ្នាក់លើគឺមិនឲ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែនយកប្រាក់ពីពលករខ្មែរនោះឡើយ បើប៉ូលិសណាយកប្រាក់ពីពលករខ្មែរត្រូវកត់អត្តលេខ និងមើលឈ្មោះ ដើម្បីចាត់វិធានការ។

ចំណែក នាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា លោកបានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យមើលករណីនេះហើយ។ ប៉ុន្តែលទ្ធផលយ៉ាងណា លោកមិនបានបញ្ជាក់នោះទេ។

សូមជម្រាបថា ការចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យមើលករណីយកប្រាក់ពីពលករខ្មែរនេះ បន្ទាប់ពីមានព័ត៌មានលេចឮថា ប៉ូលិសបានយកលុយពួកគាត់ ពេលឆ្លងដែនពីថៃ ចូលមកទឹកដីកម្ពុជា។ ពលករខ្មែរដែលចេញតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានចោទប្រកាន់សមត្ថកិច្ចទាំងភាគីថៃ និងកម្ពុជា ថាបានទារប្រាក់ពួកគាត់ម្នាក់ជិត ៤ម៉ឺនរៀល។ ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃរាប់ពាន់នាក់ បាននាំគ្នាធ្វើដំណើរសម្រុកចាកចេញពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តជាតិដូង ជាប់នឹងច្រកបានឡែម ស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ ដើម្បីទៅលេងស្រុកកំណើត ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។ ក្រៅពីច្រកទ្វារព្រំដែនអន្តជាតិដូង ពលករខ្មែរជាច្រើននាក់ ក៏បានដំណើរចាកចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងច្រកខ្លងឡឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃផងដែរ៕ អត្ថបទ៖ សោភា

website_news/2018090402.txt · Last modified: 2018/04/09 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki