website_news:2018090405

បុណ្យចូលឆ្នាំ៖ អាជ្ញាធរថាពលករខ្មែរសម្រុកមកស្រុកកំណើតច្រើនជាងរាល់ឆ្នាំ

http://km.rfi.fr/ ដោយ អេង គីមហុង 08/04/2018

នៅបាំងតែមួយសប្ដាហ៍ទៀតទេ ពិធីបុណ្យចូលឆ្នាំខ្មែរនឹងចូលមកដល់។ នៅអំឡុងពេលនេះ អាជ្ញាធរក្រុងប៉ោយប៉ែត បានកត់សម្គាល់ថា ពលករខ្មែរធ្វើការនៅថៃ បានសម្រុកវិលមកស្រុកកំណើតច្រើនជាងឆ្នាំមុន។ ចំណែកមន្ត្រីសង្គមស៊ីវិលវិញមើលឃើញថា ពលករខ្មែរបានចំណាយលុយឱ្យមន្រ្តីច្រកព្រំដែនជាច្រើនដំណាក់ ទម្រាំបានទៅដល់ផ្ទះ។ ជាទូទៅការធ្វើដំណើរចេញចូលរកការងារធ្វើនៅប្រទេសថៃ ត្រូវបែងចែកជាបីដំណាក់កាលដោយរួមមាន៖ ដំណើរចេញព្រឹកវិលល្ងាច មួយសប្ដាហ៍ត្រឡប់មកម្ដង និងចុងក្រោយ មួយឆ្នាំត្រឡប់មកម្ដងក្នុងឱកាសបុណ្យទាន។ ដូច្នេះទាំងអាជ្ញាធរ និងមន្ត្រីអង្គការសង្គមស៊ីវិលកត់សម្គាល់ស្រដៀងគ្នាថា ដំណើរចូលស្រុកមួយឆ្នាំ ត្រឡប់មកលេងស្រុកម្ដងៗ កំពុងចរាចរយ៉ាងខ្លាំងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យនេះថា ក្រៅពីប្រើប្រាស់មធ្យោបាយរថយន្ត ពលករខ្មែរធ្វើការនៅថៃ គួរងាកមកជិះរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៤ មេសា ដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ។ រថភ្លើងថ្មីនេះត្រូវបានដាក់ឱ្យដំណើរការដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនមុនពិធីបុណ្យចូលឆ្នាំខ្មែរកាលពីថ្ងៃទី៤ ខែមេសា។ ទោះជាមានមធ្យោបាយធ្វើដំណើរថ្មីដោយឥតគិតថ្លៃយ៉ាងណាក៏ដោយ តែរូបភាពនៃការដំឡើងថ្លៃរថយន្តឈ្នួល ឬការទារប្រាក់ពីពលករខ្មែរពីសំណាក់អាជ្ញាធរខ្មែរមួយចំនួន និងពីខាងអាជ្ញាធរថៃនៅតែកើតមានដដែល ដែលបញ្ហានេះធ្វើឱ្យពលករចំណាយប្រាក់អស់ច្រើនមុនមកដល់ស្រុកកំណើត។ នេះបើតាមការអះអាងរបស់លោក ស៊ុម ចាន់គា មន្ត្រីអង្គការអាដហុកប្រចាំនៅខេត្តបន្ទាយមានជ័យ។ តែបើតាមអាជ្ញាធរ ខ្លួនបានចំណាយ និងជួយសម្រួលដល់ពលករអស់លទ្ធភាពហើយ។ ចំពោះការទាមទារឬក៏ដំឡើងសេវាណាមួយវាជារឿងចៀសមិនផុតទេនៅក្នុងប្រទេសដែលកាន់របបទីផ្សារសេរីនោះ។ នេះបើតាមលោកសាន ស៊ានហូ។

បើតាមរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នពលករកម្ពុជាចំនួន៦៣ម៉ឺននាក់ មានប័ណ្ណស្នាក់នៅពណ៌ស៊ីជម្ពូបណ្ដោះអាសន្ន។ ក្នុងចំណោម៦៣ម៉ឺននាក់នេះអាជ្ញាធរបានធ្វើលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរជូនដល់ពលករចំនួន៤៣ម៉ឺននាក់រួចរាល់ហើយ។ ចំនួនសល់ពីនេះ ប្រមាណ១៩ម៉ឺននាក់ផ្សេងទៀត អាជ្ញាធរកម្ពុជាកំពុងធ្វើលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរជូន។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ៕

website_news/2018090405.txt · Last modified: 2018/04/09 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki