website_news:2018090406

ពលរដ្ឋ និងសង្គមស៊ីវិលថា កម្ពុជាអាចនឹងខ្វះកម្លាំងពលកម្ម ប្រសិនបើលំហូរចំណាកស្រុកនៅតែកើតមានឡើង ដោយគ្មានវិធានការទប់ស្កាត់

https://www.rfa.org/ ដោយ សន ចាន់រដ្ឋា 2018-04-07

ពលរដ្ឋនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម និង សង្គមស៊ីវិលផង លើកឡើងថាកម្ពុជា អាចនឹងប្រឈមកង្វះកម្លាំងពលកម្មក្នុងស្រុក ពិសេសកង្វះកម្លាំងបម្រើការងារនៅតាមមូលដ្ឋានក្នុងវិស័យកសិកម្មនៅពេលខាងមុខ។ ការលើកឡើងនេះ ដោយសារពួកគេកត់សម្គាល់ថា ចលនាចំណាកស្រុករបស់ពលរដ្ឋនៅតាមមូលដ្ឋានកើតមានកាន់តែច្រើន រីឯវិធានការដោះស្រាយរបស់រដ្ឋនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។

ពលរដ្ឋ និងសង្គមស៊ីវិលយល់ថា មានកត្តាមួយចំនួន ដែលអាចរក្សាធនធានមនុស្ស ឬកម្លាំងពលកម្ម មិនឱ្យចំណាកស្រុកបន្តទៀត គឺរបបលោក ហ៊ុន សែន ធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមរបស់កសិករដូចជា ដោះស្រាយបញ្ហាតម្លៃកសិផលជាដើម។ លើសពីនេះ ខិតខំទាក់ទាញវិនិយោគបរទេសឱ្យបានច្រើន ដែលអាចបង្កើតការងារក្នុងស្រុកដល់ពលរដ្ឋបន្ថែមទៀត។ របបលោក ហ៊ុន សែន គប្បី ដោះស្រាយបញ្ហាដីធ្លីនៅតំបន់ដែលមានជម្លោះ និង ចាត់វិធានការចំពោះបទល្មើសផ្សេងៗ ដូចជាបទល្មើសនេសាទ បទល្មើសព្រៃឈើ និងសត្វព្រៃ។ មិនតែប៉ុណ្ណោះ រដ្ឋគប្បីខិតខំបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដល់កសិករ។

កសិករនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក កម ស្រស់ មានប្រសាសន៍ថា ការចំណាកស្រុកនៅមូលដ្ឋានរបស់លោកកើតឡើងដោយសារបញ្ហាជីវភាពរបស់ពលរដ្ឋមួយចំនួនជួបការលំបាក ដូចជា ការជំពាក់បំណុលធនាគារ រីឯតម្លៃកសិផលកសិកម្ម និងកសិ-ឧស្សាហកម្ម ធ្លាក់ចុះយ៉ាងកំហុក។ ជាក់ស្តែង តម្លៃម្រេចនៅឆ្នាំនេះ ធ្លាក់មកនៅមួយម៉ឺនរៀល (១០.០០០) ក្នុងមួយគីឡូក្រាម។ ស្របពេលតម្លៃម្រេចកាលពីឆ្នាំមុនៗ កសិករអាចលក់បានចន្លោះពី ២ម៉ឺនរៀល ទៅជាង ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ រីឯតម្លៃជ័រកៅស៊ូវិញ កសិករនៅខេត្តត្បូងឃ្មុំធ្លាប់លក់បានក្នុងពីបួនពាន់រៀល (៤.០០០) ឡើងទៅក្នុងមួយគីឡូក្រាម បែរជាធ្លាក់មកនៅជាងមួយពាន់រៀល ក្នុងមួយគីឡូក្រាមនៅឆ្នាំ២០១៨៖ «សុំឱ្យរាជរដ្ឋាភិបាលជួយ ចំពោះក្រុមហ៊ុនដែលប៉ះពាល់ដីពលរដ្ឋប៉ុន្មានឱ្យរដ្ឋាភិបាលចែកជូនពលរដ្ឋ ដើម្បីឱ្យពលរដ្ឋមានការងារធ្វើ។ ដំឡើងប្រាក់ខែ ក៏ដូចជាជួយឱ្យមានទីផ្សារ ដូចជាដំឡូងមី ឱ្យមានតម្លៃ ៤រយរៀល ហើយជ័រកៅស៊ូ មានតម្លៃបីបួនពាន់រៀលអីចឹង»។

ស្រដៀងគ្នានេះ កសិករនៅឃុំត្រពាំងព្រីងស្រុកតំបែរ លោក សែម ចំណាន លើកឡើងថា ពួកគាត់បារម្ភចំពោះស្ថានភាពចំណាកស្រុក ក្នុងមូលដ្ឋានរបស់ខ្លួន។ លោកបន្តថា ពលរដ្ឋមួយចំនួនចាកចេញពីភូមិកំណើតទៅរកការងារធ្វើនៅតាមបណ្តាខេត្តផ្សេងៗ ក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្នកភូមិមួយចំនួនទៀត នាំគ្នាទៅរកការងារធ្វើនៅក្រៅប្រទេស ពិសេសប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដោយខ្លះទៅស្របច្បាប់ និងខ្លះទៀត ចេញទៅដោយប្រថុយប្រថានតែម្តង។ លោក សែម ចំណាន បារម្ភថា ប្រសិនបើលំហូរចំណាកស្រុកនៅតែកើតមានឡើងឥតឈប់ឈរដូចពេលបច្ចុប្បន្ន ថ្ងៃអនាគតប្រទេសកម្ពុជា នឹងខ្វះកម្លាំងពលកម្ម ពិសេសខ្វះកម្លាំងមនុស្សសម្រាប់បម្រើការងារក្នុងវិស័យកម្មនៅតាមមូលដ្ឋានតែម្តង៖ «នៅស្រុកខ្ញុំមុនវាមានការងារច្រើនដូចជាធ្វើស្រែវស្សាស្រែប្រាំង ហើយមួយទៀតយើងប្រកបមុខរបរដូចជាស៊ីឈ្នួលអ្នកក្នុងស្រុក»។ ពលរដ្ឋនៅឃុំត្រពាំងព្រីង មានចំនួនជាងបីពាន់គ្រួសារ (៣.៥៨៣) ហើយភាគច្រើនពួកគាត់មានមុខរបរធ្វើស្រែ និងចម្ការ។ ក្នុងចំណោមពលរដ្ឋទាំងនេះ គឺមានប្រមាណ ៨០ភាគរយ ជំពាក់បំណុលធនាគារ។

ចំណែកពលរដ្ឋនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក រ៉ែន រ៉ាន់ មើលឃើញថា ចំនួនពលរដ្ឋដែលរស់ពឹងអាស្រ័យលើផលនេសាទលក្ខណៈគ្រួសារនៅតំបន់បឹងធំ ក៏ចាប់ផ្តើមចាកចោលស្រុកកំណើតជាបន្តបន្ទាប់ ដើម្បីស្វែងរកការងារធ្វើនៅតាមបណ្តាខេត្តផ្សេងៗ ឬទៅរាជធានីភ្នំពេញ។ លោកសង្កេតឃើញថា ក្នុងភូមិរបស់លោក មិនមានអ្នកចំណាកស្រុកទៅក្រៅប្រទេសទេ ប៉ុន្តែភូមិផ្សេង គឺមានអ្នកចំណាកស្រុកទៅក្រៅប្រទេស។ លោកបន្តថា មូលហេតុចំណាកស្រុក ដោយសារទិន្នផលត្រីក្នុងបឹងកាន់តែថយចុះ ហើយបទល្មើសនៅតែកើតមាន៖ «សំណូមពរដែលដល់រាជរដ្ឋាភិបាលកម្ពុជា គាត់គួរតែធ្វើអ្វីមួយ ដូចជាឧទាហរណ៍ជាក់ស្តែងបទល្មើសនេសាទ គាត់គួរធ្វើម៉េច បំបាត់អាបទល្មើសហ្នឹងឱ្យអស់ ដើម្បីឱ្យត្រីកើនឡើងវិញសម្រាប់ប្រជាពលរដ្ឋគាត់រក»។ របាយការណ៍បូកសរុបការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញផ្សាយកាលពីខែមីនា ឆ្នាំ២០១៨ បង្ហាញថា ក្រសួងបានផ្តល់សេវាជួយស្វែងរកការងារធ្វើនៅក្រៅប្រទេសជូនពលករខ្មែរមានចំនួនជាងមួយលានពីរសែននាក់(១.២០០.០០០)។ ប្រទេសទាំងនោះរួមមានប្រទេសថៃមានចំនួនជាង ១លាននាក់ (១.០៥៦.៣៥៨) ប្រទេសកូរ៉េខាងត្បូងជាងបួនម៉ឺននាក់ (៤៤.២២៩) ប្រទេសម៉ាឡេស៊ី ប្រមាណបីម៉ឺននាក់ (៣០.០០០) ប្រទេសជប៉ុន មានចំនួនប្រាំមួយពាន់នាក់ (៦.០០០) ប្រទេសសិង្ហបុរីជិត ៥រយនាក់ (៤៨៧) ព្រមទាំងរដ្ឋបាលពិសេសក្រុងហុងកុងជាង ដប់នាក់ (១៥) ។ ចំនួនទាំងនេះ នៅមិនទាន់រាប់បញ្ចូលចំនួនពលករ ដែលចាញ់បោកមេខ្យល់ ឬទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់នៅឡើយទេ។

កាលពីខែធ្នូ ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស គឺពុំមែនមានតែប្រទេសកម្ពុជានោះឡើយ ហើយទីផ្សារកម្លាំងពលកម្មរបស់កម្ពុជា ត្រូវប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ថែមទៀត៖ «យើងហ្នឹងបន្តពង្រីកជាមួយហ្នឹងទីផ្សារការងារ របស់យើងនៅក្រៅប្រទេស។ ជាមួយហ្នឹង ការប្រកួតប្រជែងជាមួយកម្មករនៃប្រទេសដទៃ»។ យ៉ាងនេះក្តី លោក ហ៊ុន សែន ប្តេជ្ញាថានឹងខិតខំពង្រឹកទីផ្សារការងារក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀត។ ជាមួយគ្នានេះ នៅឆ្នាំ២០១៨ របបលោក ហ៊ុន សែន សម្រេចដំឡើងប្រាក់ខែគោលជូនកម្មករ ពី ១៥៣ដុល្លារសហរដ្ឋអាមេរិក ទៅ ១៧០ដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍របស់ក្រសួងការងារ ដដែលកំណត់ទិសដៅសម្រាប់ឆ្នាំ២០១៨ គឺមាន ៩ចំណុច ក្នុងនោះ មាននិយាយអំពីការពង្រឹងគុណភាពកម្មវិធីអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងរយៈពេលខ្លី និងវែង ដើម្បីឱ្យស្របតាមតម្រូវការទីផ្សារការងានៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត ឱ្យបានទូលំទូលាយ។ បន្ថែមពីនេះ លើកកម្ពស់ការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញកិច្ចសហការជាមួយប្រទេសជាដៃគូ ក្នុងការប្រើប្រាស់កម្លាំងពលកម្ម។

កន្លងមក គេសង្កេតឃើញថា មានពលករមួយចំនួនត្រូវជួបបញ្ហាប្រឈមផ្សេងៗ ដូចជាមិនអាចទ្រាំទ្រនឹងការងារបាន ហើយមានពលករខ្លះទៀត ត្រូវជួបគ្រោះថ្នាក់ការងារបណ្តាលឱ្យបាត់បង់ជីវិតនៅស្រុកគេ។ ការធ្វើទារុណកម្ម ឬការរំលោភបំពានកម្លាំងពលកម្ម ពីសំណាក់ថៅកែ ឬម្ចាស់ផ្ទះដែលខ្លួនបម្រើ ពិសេសពលករដែលទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញផ្សាយជាបន្តបន្ទាប់ក្នុងរយៈពេលបីខែដើមឆ្នាំ២០១៨ ឱ្យដឹងថា មានពលករជិតមួយរយនាក់ហើយ ដែលបានជួយសង្គ្រោះពីក្រៅប្រទេស ដូចជាប្រទេសប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ប្រទេសឡាវ ជាដើម និងបានបញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ។ ការជួយសង្គ្រោះពលករទាំងនោះ ដោយសារពួកគាត់ចាញ់បោកមេខ្យល់នាំទៅធ្វើការងារ និងឆ្លងដែនដោយខុសច្បាប់ ហើយខ្លះមិនអាចទ្រាំទ្រការងារលំបាកនៅក្រៅប្រទេសបានផងដែរ។

មន្ត្រីផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន មានប្រសាសន៍ថា ប្រទេសក្នុងតំបន់អាស៊ាន ដូចជាប្រទេសថៃជាដើមនោះ ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ភាគច្រើនជាប្រភេទកម្មករជំនាញ មិនមែនភាគច្រើនជាប្រភេទកម្មករប្រើកម្លាំង ឬជាពលករបម្រើការងារតាមផ្ទះដូចកម្ពុជាទេ។ លោកថា ការចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ក៏មានចំណុចវិជ្ជមានដែរ ដូចជាទទួលបានប្រាក់ខែខ្ពស់ និងមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ប្រសិនបើការចំណាកស្រុកនោះធ្វើឡើងដោយស្របច្បាប់ និងមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមហ៊ុន ព្រមទាំងរាជរដ្ឋាភិបាល។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា នៅក្នុងសម័យសកលភាវូបនីយកម្ម និងស្ថិតនៅក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរីផង ប្រសិនបើប្រទេសមួយមិនមានយន្តការគ្រប់គ្រងកម្លាំងពលកម្មច្បាស់លាស់ ប្រទេសដទៃនឹងស្រូបយកកម្លាំងពលកម្មពីប្រទេសនោះជាក់ជាមិនខាន។ លោកមើលឃើញថា ការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា និងធនធានមនុស្ស នៅមិនទាន់ចំទិសដៅនៅឡើយ៖ «បញ្ហាចំបង គឺវិស័យកសិកម្ម និងវិស័យផលិតផល ពីប្រទេសកម្ពុជា ពិសេសកម្លាំងពលកម្មពីប្រទេសកម្ពុជា គឺកាន់តែថយចុះទៅៗ នៅក្នុងស្រុក ហើយវាកាន់តែកើនឡើងនៃលំហូរចំណាកស្រុក»។ លោក ថេង សាវឿន យល់ថា រដ្ឋគប្បីរៀបចំប្រព័ន្ធអប់រំមួយ ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបបញ្ហាប្រឈម ដែលកំពុងកើតមានឡើង។ លើសពីនេះ រដ្ឋគប្បីលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងវិស័យអភិវឌ្ឍន៍សហគមន៍ឱ្យបានច្រើន ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម។ ជាងនេះទៀត ត្រូវពង្រីកអ្នកមានចំណេះជំនាញទៅតាមទីជនបទឱ្យបានច្រើន តាមរយៈផ្តល់កញ្ចប់ថវិកាលើកទឹកចិត្ត និងការអភិវឌ្ឍន៍ដល់ពួកគាត់។ រដ្ឋត្រូវរៀបចំ និងស្តាឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រជូនកសិករឱ្យបានត្រឹមត្រូវ៕

website_news/2018090406.txt · Last modified: 2018/04/09 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki