website_news:2018090407

ពលករខ្មែរធ្វើការនៅកោះមួយនៅថៃខកចិត្តដែលមិនបានទៅលេងបុណ្យចូលឆ្នាំនៅខ្មែរ

https://www.rfa.org/ ដោយ តាំង សារ៉ាដា 2018-04-08

ពលករខ្មែរជាច្រើននាក់ ដែលធ្វើការងារនៅលើកោះមួយក្នុងប្រទេសថៃ សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ព្រោះមិនបានត្រឡប់ទៅលេងស្រុកកំណើតដូចពលរដ្ឋដទៃ ដោយសារពួកគេរវល់បំពេញការងារ ដែលធ្វើឲ្យពុំមានឱកាសបានទៅលេងស្រុកកំណើតក្នុងរដូវបុណ្យប្រពៃណីរបស់ជាតិ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០១៨នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃសៅរិ៍ ទី១៤ ដល់ថ្ងៃចន្ទទី១៦ ខែមេសា។ តើមូលហេតុអ្វីបានជាពលករទាំងនោះនៅតែបំពេញការងារដោយមិនព្រមត្រឡប់លេងបុណ្យចូលឆ្នាំនៅស្រុកកំណើត? ក្រុមពលករខ្មែរដែលមិនបានទៅលេងបុណ្យចូលឆ្នាំខ្មែរនៅស្រុកកំណើតនោះ ធ្វើការនៅលើតូចកោះមួយក្នុងខេត្តឈុនបូរី (Chunbori)របស់ថៃ។ ពលករប្រុសស្រីទាំងអស់នោះភាគច្រើនរស់នៅធ្វើការដូចលលកញីឈ្មោល ដែលជាប្ដីប្រពន្ធមកពីស្រុកខ្មែរ ហើយមានវ័យប្រមាណ៣០ប្លាយដូចគ្នា។ ក្នុងនោះអ្នកខ្លះមានកូនមួយនិងខ្លះមានកូនហើយ តែពួកគាត់មិនបានយកកូនទៅនៅជាមួយទេ ដោយទុកកូនឲ្យម្ដាយជួយមើលនៅឯស្រុកកំណើត។

អង្គុយក្រោមដើមឈើខាងមុខបន្ទប់ស្នាក់នៅរបស់អ្នកទេសចរណ៍ សម្បុរស្រអែម លោក នី ភិរម្យ រៀបរាប់ថា លោកមានស្រុកកំណើតនៅខេត្តកំពង់ចាម គឺបានទៅធ្វើការនៅប្រទេសថៃជិត ១០ឆ្នាំ ក្នុងនោះលោកភ្លក់រសជាតិការគ្រប់បែបយ៉ាង មានទាំងការងារសំណង់ និងការងាររត់តុជាដើម។ បុរសវ័យ ៣២ឆ្នាំរូបនេះ ថ្លែងក្នុងទឹកមុខញញឹម ញញែមថា លោកមានកូន២ តែទុកឲ្យម្ដាយមើលថែនៅឯខេត្តកំពង់ចាម ដោយមិនបានយកទៅតាមជាមួយទេ ហើយសព្វថ្ងៃលោកធ្វើការជាអ្នករត់តុបម្រើភ្ញៀវនៅលើកោះជាមួយប្រពន្ធ តែប្រពន្ធមានភារកិច្ចអង្គុយចាំយកប្រាក់ពីភ្ញៀវចូលបន្ទប់ទឹក។ ពលករ នី ភិរម្យ បន្ថែមថា លោកធ្វើការនៅលើកោះនេះជាង២ឆ្នាំហើយ ដោយបានប្រាក់ឈ្នួលមួយថ្ងៃ ៣៥០បាត ស្នើនឹងប្រមាណ ៤ម៉ឺន ៥ពាន់(៤៥,០០០)រៀល។ លោកថា ការងារនៅលើកោះនេះកាក់កបជាងការងារកន្លងមក ប៉ុន្តែក៏ជួបការលំបាកមួយចំនួនដែរ ព្រោះថ្ងៃខ្លះមានមនុស្សមកលែងលើកោះច្រើន ហើយលោកនិងប្រពន្ធស្ទើរតែមិនបានសម្រាកនោះទេ៖ «ខ្ញុំធ្វើការច្រើនមុខធ្វើម្ហូបផង រត់តុផង បើថាចូលម៉ោង៧ព្រឹក បើមានភ្ញៀវច្រើនខ្ញុំសម្រាកម៉ោង៧ទៅម៉ោង៨យប់ ប៉ុន្តែការងារនឹងខ្ញុំជួយគេ បើតាមធម្មតាគេឲ្យសម្រាកម៉ោង៥ល្ងាច តែពេលយើងជួយគេទៅជួលកាលគេឲ្យប្រាក់បន្ថែមខ្លះដែរ។ យើងនៅនេះធ្វើការរហូតមែនប៉ុន្តែនៅនេះសល់លុយច្រើនជាងនៅស្រុកខ្មែរ»។ ពលកររូបនេះបន្ថែមទៀតថា បើទោះបីជាការងារនេះមមាញឹកយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ លោកសប្បាយចិត្តព្រោះធ្វើការបានប្រាក់ផ្ញើទៅឲ្យម្ដាយរាល់ខែ ហើយប្រសើរជាងធ្វើការនៅក្នុងស្រុកដែលធ្វើការមិនសល់ប្រាក់ ហើយថែមទាំងជំពាក់គេវាន់ករទៀតផង។

យ៉ាងណាក៏ដោយចុះ លោក នី ភិរម្យ អះអាងថា លោកនឹកស្រុកកំណើតណាស់ហើយលោកចង់ទៅលែងបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែរ ប៉ុន្តែឆ្នាំនេះ ថៅកែមិនអនុញ្ញាតឲ្យលោក និងប្រពន្ធបានទៅលេងស្រុកកំណើតទេ ព្រោះនៅកន្លែងធ្វើការមានភ្ញៀវទេសចរណ៍មកលេងនៅលើកោះច្រើន ដែលត្រូវការពលករជាច្រើននាក់ដើម្បីជួយបម្រើភ្ញៀវ៖ «ខ្ញុំនឹកផ្ទះថ្ងៃខ្លះដេកយំក៏មានដែរ ហើយនឹកមិនដឹងធ្វើយ៉ាងមិចបើយើងគ្មានជម្រើស ព្រោះចូលឆ្នាំលក់ដាច់ខ្លាំង បើចិត្តខ្ញុំចង់ទៅលែងចូលឆ្នាំណាស់ទៅហើយ ប៉ុន្តែយើងក៏ត្រូវគិតម្យ៉ាងថា គេក៏លក់ដាច់នៅពេលនឹងដែរ ហើយខ្ញុំក៏លំបាកចិត្តរឿងនឹងមិនគិតទៅខាងណាខាងណីទេ ហើយម្យ៉ាងធ្វើការវាសំខាន់ជាងបានប្រាក់បន្ថែមផង»។ នៅលើកោះដែលពលករខ្មែរធ្វើការនេះ គឺមានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីដីគោក និងចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីទីក្រុងបាងកក ហើយមានពលករខ្មែរធ្វើការប្រមាណ២០០នាក់ ក្នុងនោះភាគច្រើនធ្វើការសំណង់។ ចំណែកឯពលករខ្មែរដែលធ្វើការផ្ទះសំណាក់នៅជាប់ឆ្នេរនៅលើកោះមួយនេះ មានទាំងអស់៧នាក់ ដោយអ្នកខ្លះធ្វើការផ្នែករៀបចំបន្ទប់ផ្ទះសំណាក់ ខ្លះបម្រើភ្ញៀវផ្នែកខាងរត់តុ និងខ្លះទៀតចាំយកប្រាក់ពីភ្ញៀវចូលបន្ទប់ទឹក។ ទន្ទឹមគ្នានេះ នៅរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ ពួកគាត់មិនបានទៅលេងស្រុកកំណើតដូចពលករធ្វើការនៅកន្លែងផ្សេងនោះទេ។

ពលការិនីម្នាក់ជាភរិយារបស់លោក នី ភិរម្យ មានប្រសាសន៍ថា អ្នកស្រីនិងស្វាមីមិនបានទៅលេងបុណ្យចូលឆ្នាំខ្មែរ ជួបជុំបងប្អូននៅស្រុកកំណើតទេ ព្រោះជាប់រវល់ធ្វើការឲ្យឲ្យថៅកែជនជាតិថៃ ដើម្បីបានប្រាក់យកទៅចិញ្ចឹមកូន និងម្ដាយនៅខេត្តកំពង់ចាម។ ស្ត្រីវ័យ៣០ឆ្នាំប្លាយរូបនេះ រៀបរាប់ទៀតថា ប្រសិនបើអ្នកស្រីទៅលេងស្រុកនៅថ្ងៃបុណ្យសំខាន់នោះ គឺអ្នកស្រីអាចប្រឈមនឹងថៅកែបញ្ឈប់ពីការងារ ហើយម្យ៉ាងធ្វើការនៅអំឡុងពេលនេះ ក៏ធ្វើឲ្យអ្នកស្រីអាចរកបានប្រាក់បន្ថែមបានច្រើនជាងប្រាក់ឈ្នួលសព្វមួយដងដែរ ដូច្នេះទើបអ្នកស្រីសម្រេចចិត្តមិនបានទៅជួបជុំសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៖ «ព្រោះអីថៅកែគាត់អត់មានអ្នកជួយធ្វើការងារគាត់អ៊ីចឹង ហើយយើងមកជួយគាត់ព្រោះខ្ញុំធ្លាប់នៅជាមួយគាត់ ហើយគាត់ក៏ចិត្តល្អដែរ។ ខ្ញុំនឹកឃើញពេលបុណ្យទានគេទៅជួបប្អូនគេសប្បាយ តែខ្ញុំមិនដឹងធ្វើមិច បើយើងក្រហើយគ្មានជម្រើសក្រៅពីការងារនៅស្រុកថៃ»។

រីឯពលករម្នាក់ទៀត ដែលមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យ ឯណេះវិញ លោក ស្ដើង រ៉ាណ ឈរនៅមាត់សមុទ្រយកជើងឆ្កើះខ្សាច់បណ្ដើររៀបរាប់បណ្ដើរថា លោកធ្វើការងារផ្នែកខាងរត់តុនៅលើកោះមួយនេះជាមួយប្រពន្ធជាង ៤ឆ្នាំហើយ ប៉ុន្តែពុំដែលបានទៅលេងបុណ្យចូលឆ្នាំខ្មែរនៅស្រុកកំណើតម្ដងណានោះទេ។ បុរសវ័យ ៣០ឆ្នាំប្លាយរូបនេះបន្ថែមទៀតថា អំឡុងពេលបុណ្យឆ្នាំនេះ នៅពេលឃើញភ្ញៀវមកលេងនៅលើកោះ ហើយមុជទឹកលែងជាមួយសាច់ញាតិរបស់គេម្ដងៗ ធ្វើឲ្យលោកនឹកស្រមៃដល់ប្រពន្ធនិងកូន ថាប្រសិនបើបាននៅជួបជុំគ្នាមិនដឹងសប្បាយយ៉ាងណាទេ ប៉ុន្តែលោកថាបានត្រឹមតែក្ដីស្រមៃប៉ុណ្ណោះ ចំណែកឯការពិត គឺទាំងលោកនិងប្រពន្ធបានត្រឹមតែអោបសម្រក់ទឹកភ្នែក ដោយមិនបានទៅចូលរួមលេងសប្បាយជាមួយសាច់ញាតិនៅស្រុកកំណើតឡើយ៖ «ព្រោះថាវាស្រួលលុយកាក់ក្នុងមួយអាទិត្យដឹងតែគេបើកលុយ ហើយបើយើងចេញពីកន្លែងនេះទៅក៏ធ្វើការដូចតែគ្នា ដូច្នេះខ្ញុំសម្រេចចិត្តថា ស៊ូទ្រាំអត់ ទោះបើគេជេរស្ដីតិចតួចក៏ចេះតែទ្រាំទៅ ព្រោះគេបើកលុយវាស្រួលដែរ ព្រោះខ្ញុំធ្លាប់ដើរមកច្រើនហើយកន្លែងខ្លះគេបោកខ្ញុំហើយកន្លែងនេះស្រួលក៏ចេះតែទ្រាំទៅ។ ប៉ុន្តែឆ្នាំក្រោយនេះខ្ញុំអត់ធ្វើការទេ គឺខ្ញុំសុំគាត់ទៅលេងចូលឆ្នាំម្ដងហើយ ដើម្បីជួបជុំឪពុកម្ដាយនិងជួបកូន ឲ្យបានជួបជុំគ្នាលេងពេលចូលឆ្នាំ ព្រោះខ្ញុំខានបានចូលឆ្នាំច្រើនដងហើយ»។ សព្វថ្ងៃពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ មានប្រហែលជា ១លាននាក់ ហើយក្នុងចំណោមនោះ អាចមានពលកររាប់ម៉ឺននាក់ ដែលមិនបានទៅលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅឯស្រុកកំណើត។

ទោះជាយ៉ាងនេះក្ដី ក្រុមពលករដែលធ្វើការនៅលើកោះមួយក្នុងខេត្តឈុនបុរី ឲ្យដឹងថា ក្រោយបុណ្យចូលឆ្នាំរួចហើយ គឺចាប់ពីថ្ងៃទី១៨ មេសាទៅ ថៅកែបានអនុញ្ញាតឲ្យពួកគាត់ទៅស្រុកខ្មែររយៈពេល១០ថ្ងៃ ហើយពួកគាត់ថានឹងត្រឡប់ទៅធ្វើការនៅលើកោះដូចដើមវិញ ដើម្បីសន្សំប្រាក់សម្រាប់ដោះស្រាយជីវភាពគ្រួសារនៅថ្ងៃអនាគតបន្តទៀត៕

website_news/2018090407.txt · Last modified: 2018/04/09 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki