website_news:2018090408

របាយការណ៍ផ្តល់សំឡេងឲ្យម្តាយដែលបាត់បង់កូន ដោយសារគេយកទៅចិញ្ចឹមនៅបរទេស

https://www.postkhmer.com/ Erin Handley and គង់ មេត្ដា | Publication date 09 April 2018 | 12:13 ICT

កំពតៈ អ្នកស្រី គីម ប៊ុនណាត បានវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីអ្នកស្រីបានទៅមើលម្ដាយរបស់អ្នកស្រីឈឺនៅខេត្ដកំពត ដែលពេលនោះអ្នកស្រីមិនឃើញកូនប្រុសរបស់អ្នកស្រីទេ។ អ្នកស្រី ប៊ុនណាត ផ្តល់កំណើតកូនដំបូងរបស់អ្នកស្រីនៅក្នុងឆ្នាំ ២០០១។ អ្នកស្រីរៀបរាប់ថាអ្នកស្រីមិនដឹងថា កាលនោះហេតុអ្វីបានជាស្វាមីរបស់អ្នកស្រីយកកូនប្រុសអាយុទើបបាន ៩ ខែដែលកំពុងមានជំងឺធ្ងន់ធ្ងរទៅដាក់នៅមណ្ឌលកុមារកំព្រាទេ។ នៅទីនោះគេបានប្រាប់អ្នកស្រី ប៊ុនណាត ថាគេនឹងជួយសម្រួលឲ្យកូនប្រុសរបស់អ្នកស្រីបានទៅព្យាបាលនៅក្រៅប្រទេស។ ក្រោយមកអ្នកស្រីបានលែងលះស្វាមី។ អ្នកស្រីបានទៅសួរសុខទុក្ខកូនប្រុសរបស់អ្នកស្រីរៀងរាល់ថ្ងៃអាទិត្យ ជាថ្ងៃដែលអ្នកស្រីឈប់សម្រាកពីការងាររោងចក្រ។ មិនយូរប៉ុន្មានកូនប្រុសរបស់អ្នកស្រីត្រូវបានគ្រួសារមួយសុំយកទៅចិញ្ចឹមនៅឯ សហរដ្ឋអាមេរិកហើយចាប់តាំងពីពេលនោះមក អ្នកស្រីមិនដែលបានជួបមុខកូនប្រុសរបស់អ្នកស្រីទៀតទេ។ អ្នកស្រីនិយាយបណ្ដើរយកដៃជូតទឹកភ្នែកបណ្តើរថា៖ «ខ្ញុំព្រួយបារម្ភថា កូនប្រុសខ្ញុំ គិតថាខ្ញុំបោះបង់គាត់ចោល»។ ខណៈដែលថ្ងៃប្រារព្ធខួបកំណើតអាយុ ១៨ ឆ្នាំរបស់កូនប្រុសអ្នកស្រីខិតជិតចូលមកដល់អ្នកស្រី ប៊ុនណាត បានបង្ហាញរូបថតរបស់កូនប្រុសអ្នកស្រីដែលមើលទៅមានលក្ខណៈជាកុមារជនជាតិអាមេរិក កំពុងផ្លុំទៀននំខួបកំណើត និងញញឹមពព្រាយអមដោយសម្លៀកបំពាក់កីឡាយ៉ាងស្អាត។ ករណីរបស់អ្នកស្រី ប៊ុនណាត គឺជាករណីមួយក្នុងចំណោមករណីរបស់ស្ត្រី ៣ នាក់ដែលត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយរបស់អង្គការសិទ្ធិមនុស្សលីកាដូដែលស៊ើបអង្កេតលើករណី «កុមារដែលត្រូវបានគេលួច» នៅក្នុងប្រទេសកម្ពុជា។ ស្ត្រីទាំងនោះគឺជាជនរងគ្រោះនៃការបោកបញ្ឆោតពីមណ្ឌលកុមារកំព្រាមួយចំនួនដែលធ្វើអាជីវកម្មលើភាពក្រីក្ររបស់ពួកគេ ហើយនៅក្នុងករណីជាច្រើនទៀតគេបានប្រឌិតឯកសារក្លែងក្លាយឡើង ដើម្បីទទួលយកកុមារនោះទៅចិញ្ចឹមដោយគ្មានការយល់ព្រមពីឪពុកម្តាយ។ កាលៈទេសៈដ៏គួរឱ្យរន្ធត់បែបនេះត្រូវបានគេមើលឃើញថា កុមារត្រូវបានគេបញ្ជូនចេញពីម្តាយរបស់ពួកគេហើយរបាយការណ៍ក៏បានជំរុញឲ្យរដ្ឋាភិបាល និងអ្នកដែលពាក់ព័ន្ធធ្វើការសុំទោសដល់គ្រប់គ្នាដែលរងគ្រោះពីដំណើរការស្មុំកូនបែបក្លែងបន្លំនេះកាលពីអតីតកាល ដើម្បីធានាកុំឱ្យមានការស្មុំកូនអន្តរប្រទេសជាថ្មីម្ដងទៀតនៅថ្ងៃអនាគត។

តាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលបានឲ្យដឹងថាចន្លោះពីឆ្នាំ ១៩៨៧ ដល់ ២០០៩ មានកុមារចំនួន ៣៦៩៦ នាក់ត្រូវបានគេនាំយកចេញពីប្រទេសកម្ពុជា ដើម្បីយកទៅចិញ្ចឹម នៅពេលដែលប្រទេសកម្ពុជាបានហាមឃាត់ការស្មុំកូនក្លែងបន្លំបែបនេះក្រោយពីមានការចោទប្រកាន់ថា មានករណីជួញដូរមនុស្សនិងករណីលក់កុមារកើតឡើង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ របាយការណ៍នោះបានគូសបញ្ជាក់ថា តួលេខនេះអាចមានច្រើនជាងនេះដោយសារតែការកត់ត្រាទិន្នន័យមិនទាន់មានប្រព័ន្ធច្បាស់លាស់ ហើយការសុំកូនមួយចំនួនមិនត្រូវបានធ្វើឡើងតាមរយៈក្រសួងសង្គមកិច្ចនោះទេ។ ករណីទាំង ៣ នេះអាចជានិមិត្តរូបនៃរឿងរ៉ាវរបស់មនុស្សរាប់រយរាប់ពាន់នាក់ផ្សេងទៀត។

នៅក្នុងករណីរបស់អ្នកស្រី ប៊ុនណាត ពីដំបូងកូនប្រុសរបស់អ្នកស្រីត្រូវបានគេបញ្ជូនទៅព្យាបាលនៅប្រទេសថៃហើយទារកនោះបានទទួលការព្យាបាលនៅទីនោះប្រហែលមួយសប្តាហ៍ ក៏ត្រឡប់មកវិញហើយក្រោយមកមណ្ឌលកុមារកំព្រានិយាយថា ពួកគេនឹងបញ្ជូនកូនប្រុសរបស់អ្នកស្រីទៅសហរដ្ឋអាមេរិកដើម្បីទទួលការព្យាបាលបន្ត ហើយស្ត្រីជាម្តាយតែងតែរំពឹងថាកូនប្រុសរបស់ខ្លួននឹងវិលត្រលប់មកវិញ។

តាមការឃ្លាំមើលរបស់អង្គការលីកាដូ បង្ហាញថាពេលទារកនោះទៅដល់សហរដ្ឋអាមេរិក វាត្រូវបានគេដាក់ក្រោមការមើលថែរក្សាជាបណ្តោះអាសន្នជាមួយគ្រួសារមួយ ក៏ប៉ុន្តែទំនងជាគ្រួសារនោះក្រោយមកបានទទួលយកទារកនោះទៅចិញ្ចឹម ហើយសកម្មភាពស្មុំកូននេះល្មើសនឹងបម្រាមរបស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០០១។ របាយការណ៍របស់អង្គការលីកាដូបានបញ្ជាក់ថា ប៉ុន្មានឆ្នាំក្រោយមកបុគ្គលិកមណ្ឌលកុមារកំព្រាម្នាក់បានទៅផ្ទះរបស់អ្នកស្រី ប៊ុនណាត ហើយស្នើអ្នកស្រីឱ្យចុះហត្ថលេខាលើឯកសារចំនួន ២ ច្បាប់។ បុគ្គលិករូបនោះក៏បានប្រគល់ឲ្យអ្នកស្រីនូវសំបុត្រកំណើតរបស់កូនដែលមើលទៅហាក់ដូចជាផ្នែកមួយនៃការប៉ុនប៉ងបង្កើតឯកសារដើម្បីឲ្យការធ្វើដំណើរទៅសហរដ្ឋអាមេរិកមានភាពស្របច្បាប់ និងដើម្បីបញ្ជាក់ថាទារកនោះត្រូវបានឪពុកម្តាយបោះបង់ចោល ដូច្នេះហើយបានជាកុមារនោះអាចត្រូវបានគេប្រគល់ឲ្យអ្នកដទៃយកទៅចិញ្ចឹមបាន។

សំឡេងរបស់អ្នកស្រី ប៊ុនណាត ហាក់បង្ហាញអំពីអារម្មណ៍រំជួលចិត្ត នៅពេលដែលអ្នកស្រីរៀបរាប់ពីការមើលថែទាំកូនប្រុសដ៏តូចរបស់អ្នកស្រីដែលមានជំងឺកាលជិត ២ ទសវត្សរ៍មុន។ អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំមិនចង់បានអ្វីពីកូនប្រុសរបស់ខ្ញុំទេ។ ខ្ញុំគ្រាន់តែចង់ឃើញកូនរបស់ខ្ញុំ។ យ៉ាងហោចណាស់ឱ្យគាត់ដឹងថាខ្ញុំគឺជាម្តាយរបស់គាត់»។

បងប្អូនស្រី ២ នាក់ម្នាក់ឈ្មោះ នាង ផល អាយុ ៣១ ឆ្នាំ និងម្នាក់ទៀតឈ្មោះ នាង យ៉ន អាយុ ៣៧ ឆ្នាំយល់អំពីអារម្មណ៍របស់អ្នកស្រី ប៊ុនណាត។ ក្នុងចំណោមពួកគេ កូនរបស់ពួកគេចំនួន ៧ នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីតាលីដោយគ្មានការយល់ព្រមពីពួកគាត់ទេ។ ដោយសារតែការប្រកបរបរចិញ្ចឹមជីវិតជាកម្មករចម្ការកៅស៊ូ អ្នកស្រី យ៉ន បានយកកូនរបស់អ្នកស្រី ៤ នាក់ដែលកូនពៅទើបតែមានអាយុ ៧ ខែទៅដាក់ក្នុងមជ្ឈមណ្ឌលកុមារកំព្រាក្នុងឆ្នាំ ២០០៧ តាមការណែនាំរបស់អ្នកជិតខាងដែលបានក្លាយទៅជាឈ្មួញកណ្តាលម្នាក់។ អ្នកស្រីថ្លែងថា៖ «ពួកយើងក្រីក្រខ្លាំងណាស់ហើយខ្ញុំសង្ឃឹមថាកូនៗរបស់ខ្ញុំនឹងអាចទទួលបានការអប់រំល្អ ប្រសិនបើពួកគេទៅរស់នៅទីនោះ»។ អ្នកស្រី ផល ដែលកូន ៣ នាក់របស់អ្នកស្រីត្រូវបានគេសុំយកទៅចិញ្ចឹមនៅប្រទេសអ៊ីតាលីនោះបានថ្លែងថាអ្នកស្រីដឹងថាកូនៗរបស់អ្នកស្រីនឹងត្រូវបានគេបញ្ជូនទៅក្រៅប្រទេស ប៉ុន្តែមិនត្រូវបានគេប្រាប់លម្អិតទេ។ គេបានប្រាប់បងប្អូនស្រីទាំង ២ ថាពួកគេនឹងផ្ញើរូបថតរបស់កូនគាត់មកឲ្យ និងប្រាប់អំពីស្ថានភាពរបស់កូនពួកគេរៀងរាល់ប្រាំមួយខែម្តង ហើយកូនៗរបស់ពួកគេ អាចវិលត្រលប់មកលេងផ្ទះវិញបាន។ ប៉ុន្តែអ្វីដែលគេប្រាប់នោះមិនមែនជាការពិតទេ។ អ្នកស្រីថ្លែងថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយខ្លាំងណាស់។ ខ្ញុំនៅតែនឹកពួកគេគ្រប់ពេលវេលាហើយខ្ញុំមិនដឹងទេថា តើខ្ញុំអាចជួបពួកគេម្តងទៀតបានឬយ៉ាងណាទេ ប៉ុន្តែខ្ញុំសង្ឃឹមតិចតួចណាស់»។ «ខ្ញុំគិតអំពីកូនៗរបស់ខ្ញុំស្ទើរតែគ្រប់ពេលវេលា ហើយជួនកាលខ្ញុំសន្លប់»។

កំពុងមើលថែកូនពៅរបស់ខ្លួនដែលទើបតែមានអាយុ ៨ ខែជាកូនដែលកើតក្រោយពេលដែលកូន ៤ នាក់ត្រូវបានគេនាំទៅកាន់ប្រទេសអ៊ីតាលី អ្នកស្រី យ៉ន ថ្លែងថាអ្នកស្រីនឹកកូនរបស់អ្នកស្រីខ្លាំងណាស់ ពេលខ្លះអ្នកស្រីគិតចង់សម្លាប់ខ្លួន។ ប៉ុន្តែអ្នកស្រីគិតថា អ្នកស្រីត្រូវតែរស់ដើម្បីមើលថែកូនពៅរបស់អ្នកស្រី។ អ្នកស្រីបន្តថា៖ «ប្រសិនបើខ្ញុំចិញ្ចឹមពួកគេនៅក្នុងប្រទេសកម្ពុជា នោះខ្ញុំមិនចាំបាច់ព្រួយបារម្ភថា ខ្ញុំនឹងបាត់បង់ពួកគេទេ។ ទោះបីជាយើងមិនមានអាហារហូបគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែយើងក៏អាចចែករំលែកគ្នាបានដែរ។ យើងនឹងរស់នៅរីករាយជាមួយគ្នា ប៉ុន្តែពេលនេះខ្ញុំមិនប្រាកដទេថា តើខ្ញុំអាចឃើញមុខពួកគេបានទៀតឬអត់នោះ»។

របាយការណ៍របស់អង្គការលីកាដូបានគូសបញ្ជាក់អំពីករណីផ្សេងមួយទៀត ដែលស្ត្រីជាម្តាយមានកូន ៤ នាក់ក៏ត្រូវបានគេបញ្ជូនទៅប្រទេសអ៊ីតាលីដែរ។ ឪពុកម្តាយត្រូវបានបញ្ចុះបញ្ចូលដោយប្រធានមណ្ឌលកុមារកំព្រាថាវានឹងផ្តល់ផលប្រយោជន៍ដល់កូនៗរបស់ពួកគេ បើទោះបីជាពួកគេមិនយល់អំពីវិសាលភាពនៃការស្មុំកូនពីបរទេសក្តី។ ថ្វីបើពួកគេយល់ស្របពីដំបូង ប៉ុន្តែក្រោយមកពួកគេបានប្តូរចិត្តទុកកូនៗ ឲ្យរស់នៅជាមួយពួកគេវិញ បន្ទាប់ពីពួកគេមកលេងក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្តែប្រធានមណ្ឌលកុមារកំព្រាបានមកយកកូនរបស់ពួកគេត្រឡប់ទៅវិញហើយពួកគេក៏បានយកកូនពៅទៅលាក់នៅក្នុងចម្ការកៅស៊ូ។ ប៉ុន្តែអ្នកជិតខាងបានប្រាប់ប្រធានមណ្ឌលកុមារពីកន្លែងដែលកូនគាត់លាក់ខ្លួន។ កូនរបស់គាត់កំពុងរត់លេងនៅមិនឆ្ងាយប៉ុន្មានពីគាត់ហើយពេលប្រធានមណ្ឌលបានមកដល់ គាត់បានចាប់លើកយកកូននោះហើយប្រធានមណ្ឌលបានប្រាប់ឲ្យប្រមូលកូនផ្សេងៗមក ពីព្រោះលិខិតស្នាមបានរៀបចំរួចរាល់អស់ហើយ។ ខណៈពេលដែលប្រទេសជាច្រើនបានផ្អាកស្មុំកូនពីប្រទេសកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដោយសារតែការរកឃើញការក្លែងបន្លំអំពើពុករលួយក្នុងដំណើរការស្មុំកូននេះ ក៏ប៉ុន្តែនៅមានប្រទេសជាច្រើនទៀតនៅបន្តសកម្មភាពស្មុំកូនហើយអំឡុងពេលនោះកុមារច្រើនបំផុតគឺត្រូវបានគេសុំយកទៅចិញ្ចឹមនៅប្រទេសអ៊ីតាលី។ ក្រសួងការបរទេសអ៊ីតាលី និងស្ថានទូតអ៊ីតាលីនៅទីក្រុងបាងកក មិនបានឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺទេ។

លោកស្រី Naly Pilorge នាយិកាអង្គការលីកាដូបានពណ៌នាករណីទាំងនេះថា ជារឿងដែល «គួរឱ្យខ្លោចផ្សា»។ លោកស្រីថ្លែងថា៖ «គ្រួសារដែលផ្តល់កំណើតដល់កុមារទាំងនោះត្រូវបានគេបោកបញ្ឆោតហើយឪពុកម្តាយដែលសុំកូននោះយកទៅចិញ្ចឹម ចាញ់ល្បិចកលគេ ចំណែកឯកុមារទាំងនោះត្រូវបានគេលួចអត្តសញ្ញាណពិតប្រាកដរបស់ពួកគេ។ ពួកគេទាំងអស់នោះគួរតែដឹងការពិតថា អ្វីដែលបានកើតឡើង និងគួរចាត់វិធានការលើអ្នកដែលពាក់ព័ន្ធឲ្យទទួលខុសត្រូវ»។ មិនមានករណីស្មុំកូនយកទៅចិញ្ចឹមនៅបរទេសទៀតទេ ចាប់តាំងពីប្រទេសកម្ពុជាបានសម្រេចដាក់បម្រាមរាល់សកម្មភាពស្មុំកូនទាំងអស់ក្នុងឆ្នាំ ២០០៩ ទោះបីមានរបាយការណ៍ផ្ទុយគ្នាដែលបង្ហាញថាការដាក់បម្រាមនេះត្រូវបានដកចេញក៏ដោយ។

លោក សូ កី ប្រធានគ្រប់គ្រងទិន្នន័យនៅរដ្ឋបាលស្មុំកូនអន្តរប្រទេសបានអះអាងថាការស្មុំកូនអន្តរប្រទេសបានដាក់ឲ្យស្របច្បាប់ឡើងវិញក្នុងឆ្នាំ ២០១៤ ប៉ុន្តែឯកសារឆ្នាំ ២០១៥ បង្ហាញថាក្រសួងសង្គមកិច្ចគ្រោងបើកការអនុវត្តឡើងវិញយឺតជាងនឹងបន្តិច។ លោកបញ្ជាក់ថា ការស្មុំកូនអន្តរប្រទេសឥឡូវនេះមានសុវត្ថិភាព ហើយគ្មានករណីស្មុំកូនណាមួយកើតឡើងទេ ពីព្រោះដំណើរការថ្មីមានលក្ខណៈតឹងរ៉ឹង។ លោកបន្តថា៖ «ជាមួយនឹងនីតិវិធីថ្មី គឺវាត្រូវចំណាយពេលច្រើនជាង ២០០ ថ្ងៃ ហើយការដាក់ពាក្យស្មុំកូនម្នាក់ត្រូវចំណាយ ៥ ពាន់ដុល្លារ ហើយប្រាក់ ៧០ ភាគរយបានទៅលើសុខុមាលភាពកុមារ»។ ក៏ប៉ុន្តែអនុសាសន៍របស់អង្គការលីកាដូបានលើកឡើងថា គ្មានសកម្មភាពស្មុំកូនអន្តរប្រទេសណាមួយកើតឡើងទៀតឡើយ លុះត្រាណាប្រព័ន្ធដោះស្រាយ និងការស៊ើបអង្កេតមួយត្រូវបានអនុវត្ត ហើយវិធានការសុវត្ថិភាព ត្រូវបានយកមកអនុវត្តដើម្បីធានាថាកំហុសអតីតកាលនឹងមិនអាចកើតមានឡើងវិញឡើយ។ ក្រុមសាស្ត្រាចារ្យយល់ស្រប និងបានអំពាវនាវឱ្យមានការទទួលស្គាល់ជាសាធារណៈអំពើកំហុសឆ្គងកាលពីអតីតកាលទាក់ទងទៅនឹងការស្មុំកូនអន្តរប្រទេសហើយត្រូវសុំទោសអ្នកដែលរងគ្រោះទាំងអស់ និងត្រូវចុះទៅដល់គ្រួសារដែលរងគ្រោះទាំងនោះដើម្បីឱ្យពួកគេរៀបរាប់រឿងរ៉ាវរបស់ពួកគេ ដើម្បីស្វែងរកដំណោះស្រាយ»។

លោក David Smolin ប្រធានមជ្ឈមណ្ឌលសម្រាប់កុមារ ច្បាប់ និងសីលធម៌ នៅសាកលវិទ្យាល័យ Samford University ថ្លែងថាប្រទេសដែលទទួលកុមារ ត្រូវតែចែករំលែកបន្ទុកនៃការស៊ើបអង្កេត និងការដោះស្រាយ ដើម្បីធ្វើឱ្យកុមារដែលគេស្មុំយកទៅចិញ្ចឹម ឪពុកម្តាយពួកគេ និងគ្រួសារដែលទទួលយកទៅចិញ្ចឹមមានឱកាសដើម្បីស្វែងរកការពិត និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារឡើងវិញ…»។ លោកបានឱ្យដឹងតាមអ៊ីមែលថា៖ «ការរំលោភបំពាននេះធ្វើឱ្យកុមារទាំងនោះនៅដាច់ឆ្ងាយពីឪពុកម្តាយ និងគ្រួសាររបស់ពួកគេ ហើយអាចបំផ្លាញដល់ទំនាក់ទំនងរបស់គ្រួសារដែលស្មុំកូននោះផងដែរ។ ការរំលោភបំពានទាំងនេះក៏បំផ្លាញដល់ប្រព័ន្ធស្មុំកូនអន្តរប្រទេសផងដែរ ដែលជាកត្តាចម្បងធ្វើឲ្យការស្មុំកូន អន្តរប្រទេសនៅទូទាំងពិភពលោកធ្លាក់ចុះ»។

លោកស្រី Patrcia Fronek នៅសាកលវិទ្យាល័យ Griffith ដែលឯកទេសខាងសេវាពពោះជំនួស និងស្មុំកូនបានថ្លែងថា៖ «ករណីនៃការស្មុំកូនឆ្លងប្រទេសក្លែងបន្លំ និងការជួញដូរដែលត្រូវបានគេដឹងគឺគ្រាន់តែជាផ្នែកតូចមួយដែលអ្នកអាចឃើញក្នុងចំណោមផ្នែកដទៃទៀតដែលត្រូវបានលាក់បាំង»។ លោកស្រីថ្លែងតាមអ៊ីមែលថា៖ «ការស្មុំកូនឆ្លងប្រទេសមានផលវិបាកមួយជីវិត។ ម្តាយ ឪពុក និងគ្រួសាររងការឈឺចាប់ក្រៀមក្រំ និងផលវិបាក សុខភាពផ្លូវចិត្តដទៃៗទៀតជាពិសេសនៅពេលពួកគេមិនដឹងថាអ្វីកើតឡើងចំពោះកូនរបស់ខ្លួន»។ លោកស្រីបានថ្លែងថាសេវាតាមដាន និងជួបជុំគ្នាវិញត្រូវការឲ្យមានហើយបុគ្គលិកផ្នែកសង្គម និងប្រឹក្សាយោបល់ក៏ត្រូវការឲ្យមានផងដែរ ដើម្បីជួយពួកគេ។ លោកស្រីបន្តថាសូម្បីតែនៅពេលកុមារត្រូវបានចិញ្ចឹមនៅក្នុងគ្រួសារល្អមួយរបស់ឪពុកម្តាយដែលស្មុំក៏ដោយ ក៏ពួកគេនៅតែ «ឈឺចាប់អំពីបញ្ហាអត្តសញ្ញាណ និងការបែកបាក់ពីគ្រួសារ សហគមន៍ និងវប្បធម៌របស់ខ្លួនដែរ»។

ពិតណាស់អ្នកនាំពាក្យអង្គការ UNICEF លោកស្រី Iman Morooka ថ្លែងថា ការគ្រប់គ្រងសមស្របមួយគឺ «មានសារៈសំខាន់ខ្លាំងណាស់» ប្រសិនបើការស្មុំកូនអន្តរជាតិនឹងនៅតែបន្ត ហើយវាគួរតែកើតឡើង បន្ទាប់ពីការប្រើប្រាស់ជម្រើសនានាក្នុងស្រុក។ លោកស្រីថា៖ «បច្ចុប្បន្ននេះមានការខ្វះខាតបុគ្គលិកសង្គមធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាហើយនេះជាអ្វីមួយដែលតម្រូវឲ្យមានការវិនិយោគជាបន្ទាន់ដោយរដ្ឋាភិបាល»។ លោកស្រី Fronek បានបន្តព្រមានថា កម្ពុជាមិនឲ្យយល់ស្របតាមប្រទេសនានា ដែលមានឥទ្ធិពលដែលជំរុញឲ្យមានការស្មុំកូនដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋខ្លួនទេ។ «មានទីផ្សារស្មុំកូន។ កម្ពុជាមិនបំពាក់ដោយកម្មវិធីស្មុំកូនឆ្លងប្រទេស»។ បើសូម្បីតែមិនមានទីផ្សារស្មុំកូនអន្តរជាតិ ការកេងប្រវ័ញ្ចទាំងទៅលើកុមារ និងឪពុកម្តាយនៅតែកើតឡើង។ ភាគច្រើនបំផុតប្រហែល ៨០ ភាគរយនៃកុមារដែលរស់នៅមណ្ឌលកុមារកំព្រាកម្ពុជាយ៉ាងហោចណាស់មានម្តាយ ឬឪពុកដែលនៅរស់។ ពេលខ្លះឪពុកម្តាយត្រូវបានគេសន្យាមិនពិតថា កូនរបស់ពួកគេនឹងទទួលបានការអប់រំប្រសើរជាងការរស់នៅជាមួយពួកគេនៅផ្ទះ ហើយក្នុងករណីខ្លះគឺនៅមណ្ឌលកុមារកំព្រាដែលទទួលបានប្រយោជន៍ពីចំណូល។ លោកស្រីបានថ្លែងបន្តថា៖ «មិនមែនផ្ទះទាំងអស់របស់កុមារក្នុងប្រទេសកម្ពុជាត្រូវបានចុះពិនិត្យ ឬដាក់បញ្ញត្តិដោយរដ្ឋាភិបាលនោះទេ»។ «ទេសចរណ៍មណ្ឌលកុមារកំព្រានៅតែកើតមានហើយមានកុមារ និងគ្រួសារដែលមានហានិភ័យ និងងាយរងគ្រោះដល់មនុស្សជាច្រើនដែលនឹងយកប្រយោជន៍ពីពួកគេ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយស្ថានទូតអាមេរិកបានថ្លែងថារដ្ឋាភិបាលរបស់ខ្លួន «បន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ខណៈខ្លួនកំពុងធ្វើការដើម្បីលើកកម្ពស់សុខុមាលភាពកុមារក្នុងប្រទេសកម្ពុជា ហើយបង្កើតដំណើរការសុំកូនឆ្លងប្រទេស ក្រោមអនុសញ្ញាស្មុំកូនទីក្រុងឡាអេ»។ «វាសំខាន់ណាស់ដែលកម្ពុជាត្រូវកសាងការការពារទាំងនេះពីមុនពេលសហរដ្ឋអាមេរិកអាចបន្តការស្មុំកូនឆ្លងប្រទេសនៅទីនោះ»។ មនុស្ស ២ នាក់ដែលជាប់ពាក់ព័ន្ធនឹងមណ្ឌលកុមារកំព្រាដែលកំណត់អត្តសញ្ញាណដោយម្តាយដែលត្រូវបានសម្ភាស ខណៈបញ្ជូនកូនរបស់ខ្លួនទៅបរទេសប្រឆាំងនឹងឆន្ទៈរបស់ឪពុកម្តាយបង្កើតរបស់ពួកគេបានផ្តាច់ខ្លួនចេញឆ្ងាយពីករណីមុនៗ។

លោកស្រី អ៊ុក ណារុំ នាយកប្រតិបត្តិនៃសមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រាបានថ្លែងថាលោកស្រីបាននៅមណ្ឌលដែលកុមារ ៤០ នាក់ត្រូវបានចិញ្ចឹមអស់រយៈពេល ៤ ឆ្នាំកន្លងមក និងបានសង្កត់ធ្ងន់ថាមិនមានការស្មុំកូនណាមួយកើតមានក្នុងអំឡុងពេលនោះទេ។ «ខ្ញុំគ្រាន់តែមើលថែក្មេងៗ។ សេចក្តីសម្រេចសម្រាប់ការផ្គូផ្គងជាមួយគ្រួសារ ក្រសួងជាអ្នកសម្រេច។ ខ្ញុំមិនមានសិទ្ធិធ្វើវាទេ»។ លោកស្រីបន្តថាមាន «ករណីតិចតួចណាស់» ដែលឪពុកម្តាយចិញ្ចឹមសួរសំណួរអំពីសាច់ញាតិរបស់កូនខ្លួន»។

នៅពេលបង្ហាញជាមួយការចោទប្រកាន់ថាមានការស្មុំកូនក្លែងបន្លំ ជាលក្ខណៈអន្តរជាតិទៅប្រទេសអ៊ីតាលីលោក មាស យុត អតីតប្រធានសមាគមសាមគ្គី ៧ មករាបានសង្កត់ធ្ងន់ថា លោកបានចូលនិវត្តន៍ពីមណ្ឌលកុមារកំព្រាកាលពី ៥ ឆ្នាំមុន។ លោកថ្លែងថា៖ «នៅពេលកុមារត្រូវបានស្មុំដោយឪពុកម្តាយបរទេស ហើយរស់នៅបរទេស វាគឺធ្វើឡើងតាមរយៈក្រសួងសង្គមកិច្ច។ យើងមិនដែលធ្វើវាដោយផ្ទាល់ទេ»។ «ឪពុកម្តាយស្មុំកូនផ្តល់ប្រាក់មួយចំនួនមកយើង វាកើតចេញពីទឹកចិត្តរបស់ពួកគេ»។ លោកបានបដិសេធថាកុមារមិនមែនស្មុំដោយការគិតជាតម្លៃប៉ុន្មាននោះទេ។ប៉ុន្តែបញ្ហានៅតែកើតមានចំពោះស្ត្រីមួយចំនួន។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងនោះគឺអ្នកស្រី អ៊ីន ម៉ាលី ដែលកាលពីឆ្នាំ ២០០៥ កូន ២ នាក់របស់អ្នកស្រី ត្រូវបានបញ្ជូនទៅប្រទេសអូទ្រីសដោយមិនមានការយល់ព្រមពីអ្នកស្រី។ ដូចមនុស្សជាច្រើនដទៃៗទៀតអ្នកស្រីមានអារម្មណ៍ត្រូវបានបង្ខំឲ្យដាក់កូនរបស់ខ្លួននៅក្នុងការមើលថែដោយមណ្ឌលកុមារកំព្រាដោយសារភាពក្រីក្រ និងប្តីមានជំងឺធ្ងន់ធ្ងរ។ នៅពេលអ្នកស្រីដឹងថាកូនស្រីរបស់អ្នកស្រីត្រូវបានបញ្ជូនចេញទៅអ្នកស្រីបានទៅប្រឈមមុខនឹងប្រធានមណ្ឌលកុមារកំព្រាដែលកាលពីមុនមិនពេញចិត្តនឹងអ្នកស្រី ម៉ាលី ដែលទៅលេងមណ្ឌលនេះញឹកញាប់ពេក។

លោកនាយកមណ្ឌលបានសួរថា៖ «ហេតុអ្វីអ្នកចង់ដឹង?»។ នៅពេលអ្នកស្រីទទួលបានពាក្យដែលគេប្រាប់ថាកូនប្រុសរបស់អ្នកស្រីកំពុងត្រូវបានរៀបចំសម្រាប់ការស្មុំកូនទៅបរទេស អ្នកស្រីបានចាប់ផ្តើមស្ទុះស្ទាទៅមណ្ឌលកុមារកំព្រា ប៉ុន្តែកូនរបស់អ្នកស្រីត្រូវបានគេបញ្ចូនចេញរួចជាស្រេចទៅហើយ។ អ្នកស្រីថ្លែងថា៖ «ក្នុងនាមជាម្តាយ ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់»។ «ខ្ញុំមិនបានឃើញកូនរបស់ខ្ញុំសូម្បីតែម្តងមុនពេលចាកចេញ»៕ NS/PS

website_news/2018090408.txt · Last modified: 2018/04/10 12:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki