website_news:2018090701

ក្រសួងការបរទេស អន្តរាគមន៍ជួយពលរដ្ឋខ្មែរ១៦នាក់ឲ្យត្រឡប់មកស្រុកកំណើតវិញ ក្រោយចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសចិន និងមិនទ្រាំទ្រជាមួយការងារបាន

http://www.freshnewsasia.com/ 2018-07-09

(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ ១៦នាក់ទៀតហើយ ត្រូវបានក្រសួងការបរទេសអន្តរាគមន៍ជួយឲ្យបានត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេបានចាញ់បោកមេខ្យល់នាំទៅរៀបការជាមួយបរទេសចិន និងខ្លះទៀតមិនទ្រាំទ្រជាមួយការងារបាន។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលរដ្ឋដែលជួយអន្តរាគមន៍ឲ្យបានត្រឡប់មកស្រុកកំណើតវិញនេះរួមមាន៖

១. ស្រ្តីខ្មែរចំនួន ៧នាក់ មកពីខេត្តកំពង់ចាម កំពង់ឆ្នាំង ក្រចេះ តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់នៅក្នុងប្រទេសចិន។ ស្ថានទូតខ្មែរនៅប្រទេសចិន បានជួយអន្តរាគមន៍ ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ព្រមទាំងរៀបចំឯកសារធ្វើដំណើរដល់ស្រ្តីរងគ្រោះទាំង៧នាក់ ឲ្យត្រឡប់មកស្រុកកំណើតវិញ។ ស្ត្រីខ្មែរទាំង៧នាក់ បានមកដល់កម្ពុជាវិញនៅថ្ងៃទី០៤ និងទី០៥ ខែកក្កដា ឆ្នាំ២០១៨។

២. ស្រ្តីខ្មែរចំនួន ៤នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតបម្រុងយកទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ ស្រ្តីរងគ្រោះទាំងនោះ មកពីខេត្តកណ្តាល កំពង់ចាម និងត្បូងឃ្មុំ ត្រូវបានមេខ្យល់នាំធ្វើដំណើរពីកម្ពុជាទៅដល់វៀតណាម នៅចុងខែមិថុនា ហើយបម្រុងបន្តដំណើរឆ្លងកាត់ព្រំដែនទៅប្រទេសចិន តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចវៀតណាមជួយសង្រ្គោះទាន់ពេល។ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគដល់ស្រ្តីទាំង៤នាក់ ហើយបានរៀបចំមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នៅថ្ងៃទី០៤ និងថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០១៨ ។

៣. ស្រ្តីជាអនីតិជនខ្មែរចំនួន៣នាក់ មានអាយុពី១៣ឆ្នាំ ដល់១៦ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលទទួលរងគ្រោះដោយការជួញដូរមនុស្ស តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១៨។

៤. ស្រ្តីបម្រើការជាមេផ្ទះខ្មែរ១នាក់ ដែលពុំអាចទ្រាំទ្រការងារនៅអារ៉ាប៊ីសាអូឌីត ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ជួយសម្របសម្រួលរៀបចំមាតុភូមិនិវត្តន៍ និងមកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។

៥. ស្រ្តីខ្មែរ ១នាក់ ដែលចាញ់បោកមេខ្យល់ និងត្រូវបានអាជ្ញាធរចិនឃាត់ខ្លួនពីបទរស់នៅខុសច្បាប់ ត្រូវបាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីអាន ប្រទេសចិន ជួយអន្តរាគមន៍ និងរៀបចំមាតុភូមិនិវត្តន៍។ ស្រ្តីរងគ្រោះបានមកដល់កម្ពុជាវិញ នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៨៕

website_news/2018090701.txt · Last modified: 2018/07/09 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki