website_news:2018090702

ស្ត្រីស៊ីឈ្នួលពពោះ ៣២ នាក់ត្រូវបានឃុំខ្លួននៅមន្ទីរពេទ្យ

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 09 July 2018 | 09:52 ICT

ភ្នំពេញៈ ស្ត្រីចំនួន ៣២ នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងរឿងស៊ីឈ្នួលពពោះជំនួសនៅពេលនេះកំពុងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងមន្ទីរពេទ្យនគរបាល ១៦ ឧសភា ដើម្បីងាយស្រួលតាមដាន និងពិនិត្យសុខភាពពួកគេ ខណៈស្ត្រីទាំងនោះកំពុងតែមានផ្ទៃពោះ។ បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក សន កែវ បានឲ្យដឹងកាលពីម្សិលមិញថា ស្ត្រីខ្មែរ ៣២ នាក់ដែលត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីចោទប្រកាន់ពីបទជួញដូរមនុស្សដោយឆ្លងដែន និងអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះកំពុងត្រូវបានឃុំខ្លួនក្នុងមន្ទីរពេទ្យ ដើម្បីងាយស្រួលតាមដាន។ លោកបញ្ជាក់ថា៖ «ស្ត្រី ៣២ នាក់គឺយើងយកគាត់ទៅដាក់នៅមន្ទីរពេទ្យនគរបាល ១៦ ឧសភា។ ចំពោះករណីនេះផែនការបន្តទៅមុខទៀត ខ្ញុំមិនទាន់ដឹងទេ ដោយសារខ្ញុំមិនទាន់បានទទួល (បទបញ្ជា) នៅឡើយ»។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា ការឃុំខ្លួនស្ត្រីទាំងនោះជាការសម្រេចរបស់តុលាការ ហើយថាស្ត្រីដែលអាជ្ញាធរចាប់ឃាត់ខ្លួនទាំងនោះគឺដោយសារតែពួកគាត់មានបំណងលក់កូនរបស់ខ្លួនដើម្បីប្រាក់។ លោកស្រីបញ្ជាក់ថា៖ «អ្វីដែលយើងគិតជាបឋមជនរងគ្រោះគឺជាទារកនៅក្នុងផ្ទៃ។ យើងបង្កើតគាត់មក បន្ទាប់មកយើងយកគាត់ទៅលក់ ដូច្នេះវាអមនុស្សធម៌ខ្លាំងណាស់។ ផ្លូវច្បាប់មានន័យថាអ្នកដែលពពោះហ្នឹង គាត់ផ្តល់ទីកន្លែង និងលាក់ខ្លួនជនរងគ្រោះនៅក្នុងពោះគាត់។ ទីបំផុតគាត់នាំចេញយកទៅឲ្យគេហើយដោះដូរជាលុយ ដូច្នេះវាមិនអាចរួចផុតពីការចោទប្រកាន់ទេ»។ លោកស្រីបានបន្ថែមថា ស្ត្រីទាំងនេះបានប្រព្រឹត្តបទល្មើសគឺត្រូវតែទទួលទោសដូចមនុស្សដទៃទៀតដែរ ហើយបើតាមសាសនាវិញការពពោះកូនដើម្បីលក់បែបនេះជាអំពើបាប។ លោកស្រីបន្តថា ប្រសិនបើពួកគាត់មិនត្រូវបានផ្តន្ទាទោសទេនោះស្ត្រីដទៃទៀតអាចនឹងយកតម្រាប់តាមពួកគាត់។ ប៉ុន្តែទោះយ៉ាងណាលោកស្រី ប៊ុនអេង បញ្ជាក់ថា៖ «យើងត្រូវតែថែទាំគាត់ ដើម្បីឲ្យគាត់ថែទាំកូនបន្តទៀត។ ទោះយ៉ាងណាស្ត្រីដែលកំពុងពពោះ គាត់ត្រូវឆ្លងកាត់ការលំបាកផ្នែកសុខភាពច្រើន ដូច្នេះយើងត្រូវការការថែទាំគាត់។ ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល យើងមិនធ្វើដូចអ្នកទោសទូទៅទេ ដោយសារគាត់ជាស្ត្រីពពោះ ហើយយើងបាននិងកំពុងថែទាំពួកគាត់យ៉ាងល្អ»។

កាលពីល្ងាចថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក កោ វណ្ឌី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីខ្មែរ ៣២ នាក់ជាបណ្តោះអាសន្នដាក់ពន្ធនាគារពាក់ព័ន្ធសំណុំរឿងពពោះជំនួស យកកូនលក់ទៅបរទេស។

លោក អ៊ី រិន ប្រធានផ្នែករដ្ឋបាលនៅសាលាដំបូងរាជធានីបានឲ្យដឹងថា លោកចៅក្រម កោ វណ្ឌី បានសម្រេចឃុំខ្លួនស្ត្រីខ្មែរទាំងនេះពីបទ «ជួញដូរមនុស្សដោយឆ្លងដែន» និងបទ «អន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ» យោងតាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជន និងយោងតាមមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធនឹងសំណុំរឿងនេះកាលពីរសៀលថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០១៨ លោក កោ វណ្ឌី ក៏បានចេញដីកាសម្រេចឃុំខ្លួន បុរសចិនម្នាក់ឈ្មោះ LlU QlANG អាយុ ៤៩ ឆ្នាំ ជាមេការ និងស្ត្រីខ្មែរចំនួន ៤ នាក់ទៀតដែលជាមេការនិងជាអ្នកបកប្រែពីបទ «ជួញដូរមនុស្សដោយឆ្លងដែន» និងបទ «អន្តរការរវាង អ្នកសុំកូន និងស្ត្រីពពោះ» យោងតាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជន និងយោងតាមមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌដូចគ្នានេះដែរ។ បើយោងតាមមាត្រា ១៦ នៃច្បាប់ស្តីអំពីការបង្ក្រាបការជួញដូរមនុស្ស ពួកគេទាំង ៥ នាក់អាចប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំប្រសិនបើតុលាការរកឃើញថាមានទោស។ ពួកគេទាំង ៥ នាក់នេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅក្នុងប្រតិបត្តិការមួយកាលពីថ្ងៃទី ២១ ខែមិថុនានៅក្នុងផ្ទះមួយនៅខណ្ឌឫស្សីកែវ ពីបទបង្កើតភ្នាក់ងារស៊ីឈ្នួលពពោះជំនួសខុសច្បាប់ ហើយក្នុងពេលចុះបង្ក្រាបនោះ សមត្ថកិច្ចក៏បានរកឃើញស្ត្រីចំនួន ៣២ នាក់ ខណៈពួកគេកំពុងស្ថិតនៅក្នុងដំណាក់កាលមានផ្ទៃពោះ។

លោកស្រី រស់ សុភាពនាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) មិនគាំទ្រចំពោះការចាប់ឃុំខ្លួនស្ត្រីដែលស៊ីឈ្នួលពពោះក្នុងពន្ធនាគារនោះឡើយដោយលោកស្រីថ្លែងថាស្ត្រីទាំងនោះក៏ជាជនរងគ្រោះដែរ។ «នៅពេលដែលយើងយកជនរងគ្រោះ (ស្ត្រីស៊ីឈ្នួលពពោះ) ទៅដាក់ពន្ធនាគារដោយសារគាត់ចរចាជាមួយអ្នកដែលផ្តល់សេវាហ្នឹង ហើយដោយសារគាត់ក្រីក្រមែនទែនគាត់គ្មានជម្រើស ហើយគាត់មិនដឹងថាការពពោះនេះប៉ះពាល់ជីវិត និងសុខភាពរបស់គាត់…គាត់ធ្វើដើម្បីជីវភាពរបស់គាត់»។ លោកស្រីបានបន្ថែមថាស្ត្រីទាំងនោះគ្មានបំណងលក់កូនទេ គឺដោយសារតែភាពក្រីក្រ ហើយពួកគាត់មិនបានដឹងថា ការស៊ីឈ្នួលពពោះជំនួសនេះគឺជាអំពើខុសច្បាប់នោះទេ ពីព្រោះកម្ពុជាមិនទាន់មានច្បាប់នេះ។ លោកស្រីចោទសួរថា៖ «តើកន្លែងណា (ច្បាប់ណា) ដែលចែងថាអំពើនេះ (ស៊ីឈ្នួលពពោះជំនួស) វាខុសច្បាប់…គាត់ដឹងតែយកលុយហើយសម្រាប់ពួកគាត់លុយ ១ ម៉ឺនដុល្លារច្រើនណាស់»៕

website_news/2018090702.txt · Last modified: 2018/07/09 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki