website_news:2018100102

សង្គមស៊ីវិលបង្ហាញការទប់ស្កាត់ការជួញដូរស្ត្រីនិងកុមារខណៈពលករចំណាក់ស្រុកជួយសង្គ្រោះកាន់តែច្រើន

http://wmc.org.kh/ ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០១៨ធូ វីរៈ

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលបង្ហាញភាពវិជ្ជមានចំពោះលទ្ធផលនៃការទប់ស្កាត់អំពើជួញដូរស្ត្រី និងកុមារនៅឆ្នាំ២០១៧មានលក្ខណៈល្អប្រសើរ។ ស្របពេលពលករចំណាកស្រុកខែ្មរដោយខុសច្បាប់៥៦នាក់ត្រូវបានជ្ញាធរជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតនៅដើមឆ្នាំ២០១៨នេះ។ យ៉ាងតិចពលករចំណាកស្រុកខ្មែរ៥៦នាក់ត្រូវបានរដ្ឋាភិបាលជួយសង្គ្រោះក្រោយពេលពួកគេធ្វើដោយខុច្បាប់នៅប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៨។ ពលករខ្មែរចំនួន២៩នាក់ជួយសង្គ្រោះពីប្រទេសវៀតណាម គឺ៥នាក់មកពីប្រទេសម៉ាឡេស៊ី និង ពលករខ្មែរធ្វើការលើទូកនេសាទនៅប្រទេសថៃចំនួន២២នាក់បញ្ជូនត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីតុលាការថៃកាត់ទោសពីបទនេសាទខុសច្បាប់។

ការបញ្ជូនពលករចំណាកស្រុកមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់នេះគឺ ស្របពេលអង្គការមេត្រីអន្តរជាតិហៅកាត់(AIM)បង្ហាញភាពវិជ្ជមានចំពោះការជួយសង្គ្រោះស្ត្រី និងកុមាររងគ្រោះ និងងាយរងគ្រោះពីអំពើជួញដូរមនុស្សមានលក្ខណៈល្អប្រសើរនៅឆ្នាំ២០១៧នេះ។ លោកស្រី ខេង ស៊ីសារ៉ាត់ នាយិការងប្រចាំប្រទេសនៃអង្គការមេត្រីអន្តរជាតិ(AIM)ប្រាប់វិទ្យុស្ត្រីថា អង្គការរបស់លោកស្រីជួយសង្គ្រោះស្ត្រី និងកុមារងាយរងគ្រោះពីអំពើការជួញដូរផ្លូវភេទចំនួន៣៦៨នាក់ និងជួយសង្គ្រោះស្រី្តរងគ្រោះទៅរៀបការជាមួយបុរសជនជាតិចិនចំនួន៤៨នាក់។ លោកស្រី ស៊ីសារ៉ាត់ បន្ថែមថាអង្គការមេត្រីអន្តរជាតិជួយសង្គ្រោះស្ត្រីនិងកុមាររងគ្រោះនិងងាយរងគ្រោះមានចំនួនច្រើននៅឆ្នាំ២០១៧គឺ៤១៦ករណី។ ខណៈដែលឆ្នាំ២០១៦ជួយសង្គ្រោះពីការជួញដូរមានត្រឹម៣២៨ករណី។«សម្រាប់អង្គការមេត្រីអន្តរជាតិយើងទទួលបាន៤១៦ករណីបើប្រៀបធៀបឆ្នាំ២០១៦ គឺយើងកើនឡើងដោយសារយើងមានកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយអាជ្ញាធរហើយយើងចុះជួយធ្វើការងារនឹងបានច្រើនជាងមុន។»

អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនិងកុមារនៅសមាគមអាដហុកឲ្យដឹងនៅអំឡុងខែតុលា ឆ្នាំ២០១៧ថាយ៉ាងតិចលោកស្រីទទួលបានពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះប្រមាណ២០នាក់ក្នុងមួយខែ នៃករណីកេងប្រវ័ញ្ចកម្លាំងពលកម្ម កេងប្រវ័ញ្ចផ្លូវភេទ និងការរៀបការដោយបង្ខំជាមួយជនជាតិចិន។

បើតាមរបាយការណ៍ថ្មីមួយ ស្តីពីទាសភាពសម័យទំនើបគឺក្នុងចំណោមមនុស្ស៤លាន៨សែននាក់ត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទក្នុងឆ្នាំ២០១៦។ ជនរងគ្រោះ ៩៩ ភាគរយជាស្ត្រី ហើយម្នាក់ក្នុងចំណោមប្រាំនាក់ជាកុមារ។ ស្ត្រីនិងកុមារ៨៤ភាគរយនៃចំនួនប្រជាជន១៥៤លាននាក់ត្រូវបានរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ។៥៩ភាគរយត្រូវបានធ្វើការងារដោយបង្ខំពីវិស័យឯកជន។ ស្ត្រីនិងកុមារីត្រូវបានចាត់ចូលគ្រប់ផ្នែកនៃទម្រង់ទាសភាពសម័យទំនើបលើកលែងតែពលកម្មបង្ខំឱ្យធ្វើការងារដោយស្ថាប័នរដ្ឋ។

បើយោងតាមរបាយការណ៍ ស្តីពីការជួញដូរមនុស្សចេញដោយក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីនៅខែកក្កដា ឆ្នាំ ២០១៧ បញ្ជាក់ថាប្រជាពលរដ្ឋខ្មែរនៅតែបន្តជួញដូរកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេសដោយក្រសួងការងារមិនបានពិនិត្យមើលភ្នាក់ងារជ្រើសរើសពលករឲ្យមានប្រសិទ្ធភាព និងកង្វះធនធានមនុស្ស។ របាយការណ៍នេះបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានកាត់ទោសជនល្មើសទាក់ទងនឹងការជួញដូរមនុស្ស៥៣នាក់ បើធៀបទៅនឹងឆ្នាំ២០១៥ មាន៦៩នាក់។ រដ្ឋាភិបាលកម្ពុជាបានជួយសង្គ្រោះជនរងគ្រោះពីការជួញដូរមនុស្ស២៧២នាក់ពីប្រទេសម៉ាឡេស៊ី ១៣៩ពីប្រទេសថៃ និង៦៤នាក់ពីប្រទេសចិន៕

website_news/2018100102.txt · Last modified: 2018/01/10 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki