website_news:2018100103

កម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងសន្តិសុខ តាមព្រំដែន

https://www.dap-news.com/kh/ ថ្ងៃអង្គារ, 09 មករា ២០១៨ 18:07 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងភាគីថៃលោក ផនផុច ផេនផាត អភិបាលខេត្តស្រះកែវ បានប្ដេជ្ញាយ៉ាងមត់មាំក្នុងកិច្ចការពង្រឹងសន្តិសង្គម តាមបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ។ លោក សួន បវរ បានលើកឡើង ក្នុងជំនួបជាមួយភាគីថៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៨នេះថា ខេត្តបន្ទាយមានជ័យ មាន៩ស្រុក-ក្រុងហើយមាន៦ ស្រុក/ក្រុងជាប់ព្រំដែនកម្ពុជា-ថៃមាន ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក។ លោកបន្តថា កិច្ចសហប្រតិបត្តិការ អន្តរជាតិរវាងខេត្តទាំងពីរ ពិសេសសម្ព័ន្ធភាពកម្ពុជាខេត្តបន្ទាយមានជ័យ ភាគីថៃខេត្តស្រះកែវរក្សាបាននិងគោរព យ៉ាងខ្ជាប់ខ្ជួននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី និងមានការទំនាក់ទំនងល្អ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សិក្សាធិការ សុខាភិបាល ទេសចរណ៍ វប្បធម៌ កីឡា សាសនា។

លោក សួន បវរ បានបញ្ជាក់ថា កន្លងមកភាគីទាំងពីរតែងតែមានកិច្ចប្រជុំប្តូរ វេនគ្នាការធ្វើទស្សកិច្ចសិក្សា និងការពិភាក្សាដោះស្រាយ ដើម្បីទុបស្កាត់នូវបទល្មើសឆ្លងដែន ដូចឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញខុសច្បាប់ និងគុណភាពជាដើម។ លោកបានបញ្ជាក់ថា ដើម្បីអោយច្រកទ្វារតំបន់ព្រំដែន៤៣អាចដំណើរការទៅបាន រដ្ឋបាលខេត្តបន្ទាយមានជ័យស្នើរសុំអោយមានការចូលរួមពីភាគីថៃ ដើម្បីអោយភាគីខាងកម្ពុជាអាចតភ្ជាប់ផ្លូវទៅដល់ចំណុចដែលត្រូវបើកច្រកនិងស្នើអោយភាគីទាំងពីរអាចធ្វើដំណើរចេញចូលជាធម្មតាតាមផ្លូវនេះវិញមុនដំណើរការបើកច្រកជាផ្លូវការ។ លោក សួន បវរ បានលើកឡើងថាជុំវិញការប្រើប្រាស់បណ្ណព្រំដែន(BorderPass) កម្ពុជា-ថៃគំរូថ្មី យោងតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីការឆ្លងការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ដើម្បីសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជាដែលមានទីលំនៅអចិន្ត្រៃយ៍នៅខេត្តជាប់ជាយដែនកម្ពុជាថៃ ។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ៕

website_news/2018100103.txt · Last modified: 2018/01/10 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki