website_news:2018100104

សាកសពជនជាតិខ្មែរ២នាក់ ដែលស្លាប់ នៅទឹកដីថៃ បានបញ្ជូនមកកម្ពុជា

https://www.dap-news.com/kh/ អង្គារ, 09 មករា ២០១៨ 17:27 ដោយ: ធី លីថូ ID:049

ភ្នំពេញ៖អាជ្ញាធរកម្ពុជា ប្រចាំប្រទេសថៃ បានធ្វើការសម្របសម្រូលជាមួយអាជ្ញាធរថៃ បញ្ជូនសាកសពពលករខ្មែរចំនួន២នាក់ ដែលបានស្លាប់ ក្នុងហេតុការណ៍ នាវាដឹកទំនិញប៉ាគីស្ថានបុកទូកនេសាទថៃ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា តាមច្រកទ្វាអន្តរជាតិបានឡែមដូង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ដែលទើបផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី៩ ខែមករា នេះ បានឲ្យដឹងថា សាកសពពលករខ្មែរទាំង២នាក់ ត្រូវបានបញ្ជូនចេញពីមូលនិធិសាវ៉ាងរ៉ូចចាក់ណាក់ថាំ ដែលស្ថិតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ទៅប្រទេសកម្ពុជា តាមច្រកទ្វាអន្តរជាតិបានឡែមដូង ។

គួរបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងសហការជាមួយ និយោជកក្នុងការបន្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីទាមទារសំណង ពីនាវាដឹកទំនិញប៉ាគីស្ថាន ដែលបានបង្កហេតុនោះ ដើម្បីឲ្យធ្វើរការជូនសំណងទៅឲ្យក្រុមគ្រួសារនៃសពទាំង២នាក់។ សូមរំលឹកថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ មានឧបទ្ទវហេតុមួយបានកើតឡើងដោយាសារនាវាដឹកទំនិញរបស់ប៉ាគីស្ថាន បុកទូកនេសាទថៃ Choke Chuchai នៅចំណុច ឆ្នេរសមុទ្រសាត់តា ហ៊ីប ខេត្តឈុនបុរី ប្រទេសថៃ បណ្ដាលឲ្យទូក នេសាទថៃលិចចូលក្នុងសមុទ្រ និងធ្វើឲ្យមនុស្សចំនួន៤នាក់ស្លាប់ ក្នុងនោះមានពលករខ្មែរ២នាក់ និងជនជាតិថៃ២នាក់៕

website_news/2018100104.txt · Last modified: 2018/01/16 16:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki