website_news:2018100402

ពលករមកពីថៃ រងគ្រោះដោយសារនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូងបញ្ជាឲ្យកូនចៅដេកចាំយកលុយ

http://peoplenews.asia/ ដោយ ៖ សុខ សាន្ត ថ្ងៃទី09 ខែ04 ឆ្នាំ2018 ម៉ោង 9:39 PM

ខេត្តបាត់ដំបង ៖ ពលករខ្មែរធ្វើការងារនៅប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរួមជួបជុំ គ្រួសារ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅតែបន្តរងគ្រោះ ដោយសារ លោក សៅ ប៊ុនណារិទ្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បញ្ជារឲ្យកូនចៅអង្គុយទាលុយពីពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃចាប់តាំងពីដើមខែមេសា ដោយម្នាក់ៗត្រូវ ៣០០បាតជិតស្មើនិង៤០០០០រៀល ទៅអោយសមត្ថកិច្ចភាគីថៃ និងនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង។ នេះគឺជាសកម្មភាពនៃការប្រព្រឹត្តអំពើពុករលួយ ស្រណុកសុខស្រួល ជាមួយរដូវប្រមូលលុយ គ្រាន់តែដេក ក៏បានលុយចូលដោយងាយៗដែរ។ ទង្វើរទាំងនេះ ធ្វើអោយប៉ះពាល់ដល់អារម្មណ៍ពលករខ្មែរ និងជះឥទ្ធិពលដ៏អាក្រក់ដល់ថ្នាក់លើ ខណៈបុគ្គលរូបនេះគិតផលប្រយោជន៍បុគ្គលធំជាងលើកកម្ពស់កិត្តិយសអង្គភាព និងស្វែងយល់ យន្តការនយោបាយ រដ្ឋាភិបាលបាននិងកំពុង គិតគូរពីពលករខ្មែរនោះ..?

នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលនឹងឈានជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះខាងរដ្ឋភិបាល ប្រទេសថៃដែលមានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋាភិបាលកម្ពុជា គឺបានអោយតាមបណ្តាក្រុមហ៊ុន សហគ្រាសតូច-ធំក្នុង ប្រទេសនេះត្រូវអនុញ្ញាតអោយបុគ្គលិក កម្មករ ពលករ ជនជាតិបរទេស ពិសេស ពលករខ្មែរបានឈប់សម្រាកពីការងារមួយរយៈ ដើម្បីមកលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ដើម្បីសប្បាយរីករាយ នារដូវចូលឆ្នាំថ្មីនេះ។ យ៉ាងតិចក្នុង១ថ្ងៃមានពលករខ្មែររាប់ពាន់នាក់បានឆ្លងតាមច្រកដូង។ មានពលខ្មែររាប់ម៉ឺននាក់បានចាកចេញពីប្រទេសថៃ តាមច្រកមួយចំនួនទាំងច្រកអន្តរជាតិ និងច្រកទ្វេរភាគី ច្រករបៀងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិនជាដើម ក្នុងមួយថ្ងៃៗរាប់ពាន់នាក់។ ប៉ុន្តែអ្វីដែលមិនគួរកើតត្រង់ថា មេនគរបាលអន្តោរប្រវេសន៍ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ឆក់ឱកាសអោយមន្ត្រីរបស់ខ្លួនយកលុយពីពលករខ្មែរ ក្នុងម្នាក់៣០០បាតជិតស្មើនឹង៤០០០០រៀល ទៅអោយសមត្ថកិច្ចភាគីថៃ និងនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង។ផ្ទុយពីគោលការណ៍លើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលទៅលើពលករ កម្មករ កម្មការិនី ក្នុងក្របខណ្ឌទូទាំងប្រទេសនោះ។

ប្រជាពលរដ្ឋ ដែលជាពលករ បានចោទជាសំនួរថា តើការប្រព្រឹត្តរបស់លោក សៅ ប៊ុនណារិទ្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង មានដឹងដែរឬទេ? ឬក៏ចាំបែងចែកផលប្រយោជន៍ជាមួយគ្នា។ គួរអោយអាសូរដល់ពលករដែលគ្នាខិតខំធ្វើការនៅប្រទេសគេហើយ ហើយពេលដល់ថ្ងៃត្រូវមកលេងក្រុមគ្រួសារ ត្រូវបានមន្រ្តីមួយចំនួន តាមច្រកទ្វារព្រំដែន តម្រូវអោយចំណាយលុយថែមទៀត វាហាក់ដូចជាកំពុងតែអាកក្តាមយកឈាមដូច្នេះដែរ។មិនងាចសុំការពន្យល់ពី លោក លោក សៅ ប៊ុនណារិទ្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បានទេ។

website_news/2018100402.txt · Last modified: 2018/04/10 12:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki