website_news:2018100406

ស្របច្បាប់និងខុសច្បាប់ កំពុងសម្រុកចេញពីថៃមកលេងស្រុកថ្ងៃចូលឆ្នាំខ្មែរ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១១:១៥ ប៊ុន ធឿន ,ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល២ទៅ៣ថ្ងៃកន្លងមកហើយ ដែលពលករខ្មែរទៅធ្វើការឯប្រទេសថៃ បានសម្រុកចូលមកកម្ពុជាក្នុង១ថ្ងៃៗពី៤០០ទៅ៥០០នាក់ ចំណែកពលករចូលទៅប្រទេសថៃខុសច្បាប់ ក៏ត្រូវបានចាប់បញ្ជូនមកវិញពី១០០ ទៅ១៥០នាក់ដែរ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់កាលពីថ្ងៃទី៩ ខែមេសា ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រយៈពេល២ទៅ៣ថ្ងៃនេះ ពលករខ្មែរដែលត្រឡប់ចូលមកកម្ពុជាវិញក្នុង១ថ្ងៃៗប្រមាណជា៤០០ទៅ៥០០នាក់ គឺច្រើនជាងបើប្រៀបធៀបនឹងឆ្នាំមុន ដែលក្នុង១ថ្ងៃៗមានប្រមាណជា៣០០ទៅ៤០០នាក់ប៉ុណ្ណោះ ។ លោកបញ្ជាក់ថា ចំណែកពលករខ្មែរដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកវិញរយៈពេល២ទៅ៣នេះ ក្នុង១ថ្ងៃៗមានប្រមាណជា១០០ទៅ១៥០នាក់ បើប្រៀបធៀបនឹងសប្តាហ៍មុន១ថ្ងៃៗមានប្រមាណជិត១០០នាក់ ។ ភាគច្រើន ពួកគាត់ជាពលករខ្មែរដែលទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃតាមរយៈមេខ្យល់ ហើយត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកវិញ ។ លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ថ្លែងទៀតថា ប្រជាពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ហើយត្រឡប់មកស្រុកកំណើតវិញមុនថ្ងៃបុណ្យចូលឆ្នាំថ្មី គឺកើតមានរាល់ថ្ងៃរហូតជិតដល់ថ្ងៃចូលឆ្នាំទើបស្ងាត់ ។

លោកបានសំណូមពរ កុំឲ្យរថយន្តឈ្នួលឡើងថ្លៃ ព្រោះរៀងរាល់ឆ្នាំឲ្យតែជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរសម្រុកចូលមកស្រុកកំណើតវិញ រថយន្តឈ្នួលឡើងថ្លៃណាស់ ។ស្របពេលដែលភាគីទាំង២ កម្ពុជា-ថៃ សម្រួលដល់ការធ្វើដំណើរចំពោះពលករស្នាក់នៅ និងធ្វើការនៅទឹកដីថៃ ឱ្យមានភាពងាយស្រួលក្នុងការវិលត្រឡប់មកស្រុកកំណើត ដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខដោយមិនយកប្រាក់ គេឃើញពលករនាំគ្នាសម្រុកមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតច្រើនខុសសព្វមួយដង សម្រាប់ថ្ងៃទី៨ ខែមេសា និងថ្ងៃ៩ ខែមេសា ។ ខណៈក្រុមពលករត្រឡប់ពីថៃច្រើន តាមដងផ្លូវជាតិលេខ៥នៅក្រុងប៉ោយប៉ែត ពិសេសតាមមុខសាខាលក់សំបុត្ររថយន្តក្រុង មានការកកស្ទះស្ទើរធ្វើដំណើរមិនចង់ទៅមុខ ព្រោះតែរទេះធំៗនិងម៉ូតូកង់បី ចតលើកដាក់អីវ៉ាន់ និងមានការលក់នំចំណី ផ្លែឈើច្រើន ធ្វើឱ្យសមត្ថកិច្ចឈឺក្បាល មិនតិចឡើយ ព្រោះដូចចាប់ក្តាមដាក់ចង្អេរ ។

រីឯរថយន្តក៏មានចំនួនកើនឡើងដែរ ដែលមួយចំនួនធំជារថយន្តតាក់ស៊ី តែមួយចំនួនទៀតមកពីតាមបណ្តាខេត្តជារថយន្តគ្រួសាររង់ចាំដឹកសាច់ញាតិវិលត្រឡប់ពីថៃ ។ សំបុត្ររថយន្តតូចធំតាមទីតាំងសាខាលក់សំបុត្រមួយចំនួន បានឡើងថ្លៃខុសពីមុន កន្លែងខ្លះរហូតម្នាក់៤០០បាត (ប្រាក់ថៃ) និងកន្លែងខ្លះរហូតដល់ទៅ៥០០បាត ប៉ុន្តែកន្លែងខ្លះក៏លក់ក្នុងតម្លៃធម្មតាព្រោះជាម៉ូយប្រចាំរបស់ពួកគេទាំងទៅទាំងមក ។ ពលករឆ្លងព្រំដែនពីថៃតាមច្រកទ្វារអន្តរជាតិខាងលើ សម្រាប់ថ្ងៃ៩ ខែមេសា ហាក់គគ្រឹកគគ្រេងណាស់ចំពោះអ្នកមកពីធ្វើការរោងចក្រពិសេសអ្នកប្រើប្រាស់ប័ណ្ណស៊ីជម្ពូ/លិខិតឆ្លងដែនការងារក្នុងលក្ខណៈជើងដំណើរធម្មតា ។ ដោយឡែក ពលករដែលប្រើប្រាស់ប័ណ្ណឆ្លងដែន Border Pass ធ្វើការតាមស្រុកក្នុងខេត្តជាប់ព្រំដែនដូចជា ស៊ីឈ្នួលធ្វើចម្ការកាប់អំពៅ ក៏វិលត្រឡប់ជាលក្ខណៈគ្រួសារ មានកូនចៅតូចៗ មកជាមួយ និងសម្ភារឆ្នាំងចានរបស់របរដឹកពេញៗរទេះតែម្តង ។

គេកត់សម្គាល់ឃើញថា ការឆ្លងព្រំដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតឆ្នាំនេះងាយស្រួលជាងឆ្នាំមុនៗ ។ នេះបើយោងតាមការសាកសួរផ្ទាល់ជាមួយក្រុមពលករ គឺអ្នកមានឯកសារច្បាប់ត្រឹមត្រូវ អាជ្ញាធរនិងសមត្ថកិច្ចប្រចាំនៅមាត់ច្រកទ្វារព្រំដែនប្រទេសទាំង២ មិនយកប្រាក់លើសេវាណាមួយឡើយ លើកលែងតែពលករដែលវិលត្រឡប់ដោយខុសច្បាប់ គឺត្រូវចំណាយប្រាក់ម្នាក់៥០០ទៅ៦០០បាត ឱ្យមេខ្យល់ដែលគេសង្ស័យថា អាចត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចថៃទើបឆ្លងដែនបាន ។ជុំវិញករណីយកលុយពីពលករនេះ សមត្ថកិច្ចកម្ពុជានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបដិសេធថាមិនបានដឹងទេ ព្រោះខាងកម្ពុជាបានបើកចំហមិនមានការត្រួតពិនិត្យអ្វីនោះឡើយ សូម្បីតែសេវាឯកសារផ្សេងៗក៏មិនយកប្រាក់ពីពលករដែរ ៕

website_news/2018100406.txt · Last modified: 2018/04/10 12:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki