website_news:2018100501

នាយករដ្ឋមន្រ្តី ដាក់ចេញអនុសាសន៍៩ចំណុច ដល់ក្រសួងពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះកម្មករ

https://www.dap-news.com/kh/ ថ្ងៃពុធ, 09 ឧសភា ២០១៨ 11:00 ដោយ: ដើមអម្ពិល ID:112

ភ្នំពេញ៖ បន្ទាប់ពីបានផ្ដល់ អត្ថប្រយោជន៍ជាច្រើន ដល់កម្មករកម្មការិនី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅថ្ងៃទី៩ ខែឧសភានេះ បានដាក់ចេញនូវអនុសាសន៍៩ចំណុច ដល់ក្រសួងពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះកម្មករ។ អនុសាសន៍៩ចំណុចសំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នោះរួមមាន៖

១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិឃុំ ក៏ត្រូវបានអនុវត្តដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានហ្មត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារ ឲ្យបានដិតដល់ចំពោះការ អនុវត្តសកម្មភាពនេះ។

៤.ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះ ដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥)ត្រូវអនុវត្តចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះ របស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនពលករ ទៅក្រៅប្រទេសជួយសម្រួល នូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវ ល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហា ប្រឈមនានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោលហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ទន្ទឹមនឹងនោះដែរគឺត្រូវជួយរកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់ត្រូវរួមគ្នាថែរក្សា ”សន្តិភាព” ឲ្យបានគង់វង្សដើម្បីបន្តការអភវិឌ្ឍ ប្រទេសជាតិ ឲ្យមានការរីកចម្រើនតទៅមុខទៀត។ សម្តេចតេជោ សុំកុំឲ្យបណ្តាលរោងចក្រទាំងអស់មាន នូវបងតូចបងធំ(ជើងកាង) ដែលមក បំបាសបំបោលកម្មករ។ សូមកម្មករកម្មការិនីត្រូវរួមគ្នា រក្សាការងាររបស់ខ្លួន ត្រូវគោរពគ្នាទៅ វិញទៅមករវាងម្ចាស់រោងចក្រ និងកម្មករ៕

website_news/2018100501.txt · Last modified: 2018/05/10 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki