website_news:2018100502

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ ស្រ្តីខ្មែររងគ្រោះភាគច្រើននៅប្រទេសចិន គឺដោយសារអាពាហ៍ពិពាហ៍ប្រថុយប្រថាន

http://cambodiapolice.com/ 12:54 pm 10 ឧសភា 2018

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ជូរ ប៊ុនអេង បានអះអាងថា ស្រ្តីខ្មែរដែលត្រូវបានគេជូញដូរ និងរងគ្រោះច្រើនជាងគេនៅប្រទេសចិនកាលពីកន្លងទៅនោះ គឺភាគច្រើនដោយសារការរៀបអាពាហ៍ពិពាហ៍ប្រថុយប្រថាន និងផ្ទុយពីឆន្ទៈ ខណៈក្រុមស្រ្តីរងគ្រោះទាំងនោះត្រូវបានអាជ្ញាធរកម្ពុជា និងចិនជួយសង្រ្គោះឲ្យមកប្រទេសកម្ពុជាវិញ ប្រមាណជិត៦០នាក់ កាលពីឆ្នាំ២០១៧កន្លងទៅនេះ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារភ្នំពេញមុននឹងបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីភាពរីកចំរើននៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផែនការសកម្មភាព ។ លោកជំទាវ ជូរ ប៊ុនអេង បានលើកឡើងថា ស្រ្តីខ្មែរយើងច្រើនណាស់ដែលបានរងគ្រោះ និងជូញដូរដោយខុសច្បាប់នៅប្រទេសចិន ។ ដូច្នេះកិច្ចប្រជុំនេះ គឺភាគីកម្ពុជា និងចិន ស្វែងរកផែនការសម្រាប់ជួយសង្រ្គោះពួកគេ និងទប់ស្កាត់ទង្វើនេះមិនឲ្យមានបន្តទៀត ។

បើតាម លោកជំទាវ ជូរ ប៊ុនអេង ដដែលបានបន្តតៀតថា កិច្ចប្រជុំលើកទី២ ជាមួយភាគីចិននាពេលនេះ គឺជាការត្រួតពិនិត្យរួមគ្នាលើកិច្ចសហប្រតិបត្តិការ ដែលក្រុមអ្នកទទួលបន្ទុកអនុវត្តកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរបាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ លោកជំទាវ បានបន្តថា កិច្ចព្រមព្រៀងទ្វេភាគីនេះ គឺបានធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ហើយត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៦ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។

សូមរំលឹកថា កិច្ចប្រជុំនេះ គឺជាលើកទី២ហើយ ដោយលើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០១៧កន្លងទៅនៅខេត្តអានហួយ ប្រទេសចិន ដោយភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានស្តីអំពីភាពរីកចំរើន នៃកិច្ចសហប្រតិបត្តិការ ក្នុងការបង្ការបង្រ្កាប និងជួយដូរជនរងគ្រោះដោយអំពើជួយដូរមនុស្សដែលភាគច្រើន គឺជាការរងគ្រោះដោយអាពាហ៍ពិពាហ៍ប្រថុយប្រថាន និងផ្ទុយពីឆន្ទះជាដើម ។ កិច្ចប្រជុំលើកទី២នេះ គឺបានកំពុងធ្វើឡើងនៅប្រទេសកម្ពុជា ចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ភាគីកម្ពុជាដឹកនាំដោយ លោកជំទាវ ជូរ ប៊ុន អេង និងភាគីចិនដឹកនាំដោយ លោក ស៊ីនស៊ីកូ អគ្គនាយករងនាយកដ្ឋាន ស៊ើបអង្កេតព្រហ្មទណ្ឌ ក្រសួងសន្តិសុខសាធារណៈរដ្ឋប្រជាមានិតចិន ៕

website_news/2018100502.txt · Last modified: 2018/05/10 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki