website_news:2018100506

ស្ដ្រីជួលក្មេងឱ្យសុំទានត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៨ ឆ្នាំ

https://www.postkhmer.com/ នៀម ឆេង | Publication date 10 May 2018 | 10:22

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសផ្ដន្ទាទោសស្រី ឈ្មោះ ភួង ចន្នី អាយុ ៥០ ឆ្នាំដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំពីបទ «ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច» នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ នេះបើតាមអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) កម្ពុជា និងលោក សេក សារឿន ជាមេធាវីការពារក្មេងៗរងគ្រោះ ៧ នាក់។

លោក សេក សារឿន បញ្ជាក់ថាការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃសុក្រ ក្រោយបើកសវនាការនៅថ្ងៃ ១០ មេសាដែលមានលោកចៅក្រម ម៉ុង មុនីសោភា ជាប្រធានក្រុមជំនុំជម្រះ។ លោកថាក្នុងសវនាការស្រីជាប់ចោទបានសារភាពថាខ្លួនបានបង្ខំក្មេងឲ្យសុំទាន ហើយយកលុយឲ្យខ្លួនដោយការប្រព្រឹត្តដូច្នេះ ៨ ឆ្នាំមកហើយ។ លោក សេក សារឿន ថ្លែងថាកុមារទាំងនោះទទួលបានអាហារតែ ១ ពេលក្នុង ១ ថ្ងៃហើយត្រូវបង្ខំឲ្យសុំទានឲ្យបាន ២ ដុល្លារក្នុង ១ ថ្ងៃ បើមិនបាននឹងត្រូវទទួលការវាយនឹងខ្សែភ្លើង និងបង្ខំឲ្យដេកលើបង់តាមទីសាធារណៈ។

ដោយឡែកលោក អោ គឹមអាន នាយលេខាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ស្ត្រីឈ្មោះ ភួង ចន្នី បានជួលក្មេងៗទាំងនោះពីអ្នកសុំទានផ្សេងទៀតដោយមានក្មេង ៥ នាក់ចេះដើរ ហើយក្មេង ២ នាក់ទៀតមិនទាន់ចេះដើរ។ លោកថា៖ «ក្មេងដែលចេះដើរគាត់ឲ្យដើរសុំទាន ចំណែកក្មេងតូចៗគាត់ពដើរសុំ និងជួលគេម្នាក់ឲ្យពដើរសុំដូចគាត់។ គាត់ជាអ្នកចាត់ចែងហើយគាត់ជាអ្នកដើរប្រមូលលុយ»។

លោក យូ សុភ័ក្ក្រ អនុប្រធានមន្ទីរសង្គមកិច្ចរាជធានី-ភ្នំពេញថ្លែងស្វាគមន៍ចំពោះការដាក់ទោសស្ត្រីនេះដោយលោកថ្លែងថា វាអាចជាការទប់ស្កាត់កុំឲ្យមានកុមាររងគ្រោះក្នុងអំពើដូច្នេះបន្តទៀត៕

website_news/2018100506.txt · Last modified: 2018/05/10 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki