website_news:2018100701

ស្ត្រីខ្មែរ១៦នាក់ដែលរងការជួញដូរទៅធ្វើការនិងរៀបការនៅបរទេសត្រូវបានជួយសង្គ្រោះ

https://khmer.voanews.com/ 09 កក្កដា 2018 នៅ វណ្ណារិន

ក្រសួងការបរទេសកម្ពុជាបានរាយការណ៍មកថា ស្ត្រីខ្មែរយ៉ាងហោចណាស់១៦នាក់ ដែលចាញ់បោកមេខ្យល់ទៅរៀបការនិងធ្វើការតាមផ្ទះដោយខុសច្បាប់នៅបរទេស ត្រូវបានជួយសង្រ្គោះនិងបញ្ជូនមកកាន់ស្រុកកំណើតវិញ។ ប្រទេសកម្ពុជានៅតែជាប្រភពនៃការជួញដូរមនុស្សទៅកាន់ប្រទេសផ្សេងៗ ដែលនេះជាការបារម្ភដ៏ធ្ងន់ធ្ងរពីអ្នកធ្វើការប្រយុទ្ធប្រឆំាងនឹងការជួយដូរមនុស្សនៅមនុស្សនៅកម្ពុជា ជាពិសេសការជួញដូរទៅកាន់ប្រទេសចិន។

ភ្នំពេញៈ យ៉ាងហោចណាស់ ស្ត្រីខ្មែរ១៦នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសមួយចំនួនរួមទាំងប្រទេសចិននិងថៃ ក្រោយចាញ់បោកមេខ្យល់នាំទៅឱ្យរៀបការនិងធ្វើការតាមផ្ទះនៅក្នុងប្រទេសទាំងនោះ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ស្ត្រីខ្មែរទាំង១៦រូបត្រូវបានបញ្ជូនមកកាន់ប្រទេសកំណើតវិញកាលពីសប្តាហ៍កន្លងទៅ។ យ៉ាងណាក៏ដោយ សង្គមស៊ីវិលធ្វើការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សបានអំពាវនាវឱ្យមានការរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសចំពោះមេខ្យល់ដែលនាំស្ត្រីខ្មែរទៅកាន់ប្រទេសចិន ដែលកំពុងមានការកើនឡើង។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលចេញផ្សាយនៅថ្ងៃចន្ទ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ស្ត្រីខ្មែរចំនួន១៦នាក់ត្រូវបានជួយសង្គ្រោះដោយស្ថានតំណាងកម្ពុជាក្នុងប្រទេសផ្សេងៗ ចាប់តាំងពីចុងខែមិថុនាកន្លងទៅ។ ក្នុងនោះមានស្ត្រីខ្មែរ៧នាក់ដែលចាញ់បោកមេខ្យល់នាំទៅរៀបការនៅប្រទេសចិនដោយខុសច្បាប់ ៤នាក់ផ្សេងទៀតត្រូវបានមេខ្យល់បម្រុងនាំទៅប្រទេសចិនឆ្លងកាត់ប្រទេសវៀតណាម កុមារីខ្មែរ៣នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសថៃ ម្នាក់ត្រូវបានជួយសង្រ្គោះក្នុងប្រទេសអេស្ស៊ីប និងមួយរូបផ្សេងទៀតត្រូវបានអាជ្ញាធរចិនឃាត់ខ្លួនពីបទរស់នៅខុសច្បាប់ក្នុងប្រទេសនោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញដោយអ្នកនាំពាក្យនៃក្រសួងការបរទេសបានសរសេរក្នុងន័យដើមថា«ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ធ្វើអន្តរាគមន៍ជួយសង្រ្គោះនិងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរចំនួន៧នាក់ មកពីខេត្តកំពង់ចាម កំពង់ឆ្នាំង ក្រចេះ តាកែវ បាត់ដំបងនិងរាជធានីភ្នំពេញ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់នៅក្នុងប្រទេសចិន។ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគព្រមទាំងរៀបចំឯកសារធ្វើដំណើរដល់ស្រ្តីរងគ្រោះទាំង៧នាក់ ហើយពួកគេបានមកដល់កម្ពុជាវិញ នៅថ្ងៃទី០៤ និងទី០៥ ខែ កក្កដា ឆ្នាំ២០១៨»។

VOA មិនអាចទំនាក់ទំនងមន្ត្រីនិងអ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជាដើម្បីសុំក្តីអធិប្បាយបន្ថែមបានទេនៅថ្ងៃចន្ទនេះ។ VOA ក៏មិនអាចសុំការអធិប្បាយពីអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខធិការនៃក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងនឹងការជួញដូរមនុស្សបានដែរ ដោយសារអ្នកស្រីជាប់ប្រជុំ។

ប្រទេសកម្ពុជាត្រូវបានដាក់ក្នុងក្រុមប្រទេស ដែលការទប់ស្កាត់ការជួញដូរមនុស្សមិនមានភាពប្រសើរឡើងក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៦។ ក្នុងរបាយការណ៍ស្តីពីការជួញដូរឆ្នាំ២០១៨ ដែលចេញដោយក្រសួងការបរទេសអាមេរិកកាលពីចុងខែមិថុនាកន្លងទៅ កម្ពុជាត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ទី២ ឬ (Tier 2) ដែលការអនុវត្តច្បាប់និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆំាងការជួញដូរមនុស្សនៅមានកម្រិត ជាពិសេសការកាត់ទោសជនល្មើស និងការផ្តល់សេវាដល់ជនរងគ្រោះពីការជួញដូរមិនទាន់ពេញលេញ។ របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧មានជនរងគ្រោះកម្ពុជាចំនួន៩៨៦នាក់ ត្រូវបានក្រសួងការបរទេសកម្ពុជាជួយធ្វើមាតុភូមិនិវត្តន៍ ដែលភាគច្រើនមកពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាមនិងចិន។ ចំនួននេះច្រើនជាងឆ្នាំ២០១៦ដែលមានតែ ៨១៥នាក់ប៉ុណ្ណោះ។ រីឯក្រសួងសង្គមកិច្ចបានជួយធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាចំនួន២៤៣នាក់ដែរក្នុងឆ្នាំ ២០១៧ដដែល។

អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រី កុមារ និងប្រឆំាងការជួញដូរនៃអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានប្រាប់ VOA នៅថ្ងៃចន្ទនេះថា ការជួយជនរងគ្រោះពីការជួញដូរមិនត្រូវបញ្ចប់ត្រឹមការបញ្ជូនពួកគាត់មកកាន់ស្រុកកំណើតវិញនោះទេ ជាពិសេសជនរងគ្រោះពីការជួញដូរឬបោកបញ្ឆោតទៅរៀបការនៅប្រទេសចិនដែលភាគច្រើនបានរងគំនាបផ្លូវចិត្តនិងទារុណកម្មផងដែរ។ ជាបទពិសោធន៍ជនរងគ្រោះដែលអង្គការអាដហុកបានសង្គ្រោះ ត្រូវបានបញ្ជូនឱ្យសិក្សាជំនាញផ្សេងៗនិងទទួលការលើកទឹកចិត្តមុនពួកគាត់អាចចូលទៅរស់នៅក្នុងសង្គមវិញ។ «យើងមិនមែនគ្រាន់តែថា ជួយគាត់មកហើយ បោះបង់គាត់ចោលទេ! យើងត្រូវតែធ្វើម៉េច ដើម្បីកាត់បន្ថយ ដើម្បីជៀសវាងកុំឱ្យគាត់មានគំនិតចង់ធ្វើចំណាកស្រុកឬចង់ទៅក្រៅសារជាថ្មីទៀត។ ប៉ុន្តែពាក់ព័ន្ធហ្នឹងរឿងករណីចិន ដែលខ្ញុំបានធ្វើកន្លងមកហ្នឹងដោយសារគាត់បទពិសោធន៍ឈឺចាប់ គឺអ្នកដែលទៅរៀបការជាមួយជនជាតិចិន ហើយត្រឡប់មកវិញហ្នឹងគឺ ភាគច្រើនគាត់មានបញ្ហាឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្ត»។

អ្នកស្រី ឆន សុគន្ធា បានឱ្យដឹងដែរថា ការជួញដូរមនុស្សទៅកាន់ប្រទេសចិនគឺជារឿងដែលគួរឱ្យបារម្ភហើយមានភាព «រញ៉េរញ៉ៃនិងសាំញ៉ាំច្រើន» ជាពិសេសមេខ្យល់មិនត្រូវបានផ្តន្ទាទោសឱ្យបានត្រឹមត្រូវនោះទេ។ ជាងនេះទៀត មេខ្លោងនៃការជួញដូរមនុស្សបានបញ្ចុះបញ្ចូលជនរងគ្រោះ ទៅរៀបការនៅប្រទេសចិន តាមរូបភាពផ្សេងៗ និងនាំជនរងគ្រោះឆ្លងកាត់ទៅប្រទេសវៀតណាមឬឡាវ ខណៈស្ថានទូតចិននៅកម្ពុជាធ្វើការរឹតបន្តឹងទិដ្ឋាការដល់ពួកគាត់។ «ខ្ញុំឃើញថា ការអន្តរាគមន៍ រឿងករណីចិនហ្នឹងគឺវាមានរឿងរញ៉េរញ៉ៃ ហើយនិងរឿងសាំញ៉ាំច្រើន។ ខ្ញុំមើលឃើញបញ្ហាដោយវានៅតែកើតមានច្រើន ហើយមិនមានការថយចុះនោះទេ។ គឺទី១ដោយសារបញ្ហាមេខ្យល់ ហើយទី២គឺថាការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តឬអ្នកដែលនាំកូនក្រមុំឬស្ត្រីខ្មែរយើងទៅរៀបការនៅប្រទេសចិនហ្នឹង»។

យ៉ាងណាក៏ដោយ អ្នកស្រី ឆន សុគន្ធា នៃអង្គការការពារសិទ្ធិមនុស្សអាដហុក(ADHOC) បញ្ជាក់ថា ដើម្បីប្រឆំាងនឹងការជួញដូរឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលកម្ពុជាពង្រឹងការអនុវត្តច្បាប់ ដោយបំបាត់នូវវប្បធម៌និទណ្ឌភាព ការកាត់ទោសមេខ្យល់នៃការជួញដូរមនុស្សឱ្យបានគ្រប់ៗគ្នា រួមទាំងការជួយស្ថារនីតិសម្បទាឱ្យជនរងគ្រោះពីការជួញដូរផងដែរ៕

website_news/2018100701.txt · Last modified: 2018/07/10 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki