website_news:2018100702

ថៃចាប់ពលករខ្មែរ ១ ពាន់នាក់បញ្ជូនមកកម្ពុជាវិញ ក្រោយបិទការផ្ដល់ឯកសារការងារស្របច្បាប់

https://www.postkhmer.com/ ឃុត សុភចរិយា and សុទ្ធ គឹមសឿន date 10 July 2018 | 09:16 ICT

ប៉ោយប៉ែតៈ ក្នុងរយៈពេលត្រឹមជាងមួយអាទិត្យកម្លាំងតម្រួតអន្តោប្រវេសន៍ថៃចាប់ពលករខ្មែរប្រមាណជាង ១០០០ នាក់ដែលបានចូលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់បញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសបិទការផ្ដល់សុពលភាពនូវឯកសារការងារ និងធ្វើដំណើរស្របច្បាប់សម្រាប់ពលករបរទេសទាំងអស់កាលពីចុងខែមិថុនា។

លោកស្រី ស៊ិន ណាំយ៉ុង អនុប្រធានគណៈកម្មការសម្របសម្រួលទទួលពលករពីប្រទេសថៃប្រចាំច្រកប៉ោយប៉ែតបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះប្រមុខ រដ្ឋាភិបាលថៃបានប្រកាសបិទការផ្ដល់សុពលភាពនូវឯកសារស្របច្បាប់នានាដល់ពលករចំណាកស្រុកបរទេសទាំងអស់ដែលរួមបញ្ចូលទាំងពលករចំណាកស្រុកកម្ពុជាផងដែរ។ លោកស្រី ណាំយ៉ុង បានថ្លែងថា ចាប់ថ្ងៃទី ១-៩ ខែ កក្កដា ឆ្នាំ ២០១៨ កម្លាំងតម្រួតអន្តោប្រវេសន៍ថៃបានចាប់បញ្ជូនពលករខ្មែរចំណាកស្រុកខុសច្បាប់សរុបជាង ១០០០នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ។ ប៉ុន្តែសកម្មភាពនៃការចាប់បញ្ជូននោះពុំមានសភាពខ្លាំងក្លាដូចកាលពីប៉ុន្មានឆ្នាំកន្លងទៅនោះទេ។ លោកស្រីបានថ្លែងថា៖ «ប៉ុន្តែនៅក្នុងឯកសារបញ្ជូនពលកររបស់ក្រុមតម្រួតអន្តោប្រវេសន៍ថៃនោះបានព្រមានថា នឹងចាត់វិធានការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ប្រឆាំងនឹងពលករចំណាកស្រុកទាំងនោះ ប្រសិនបើពួកគេត្រូវបានចាប់ខ្លួនសាជាថ្មីក្នុងបទល្មើសដូចគ្នានេះ»។

យោងតាមរបាយការណ៍របស់ក្រសួងការងារ ពលករខ្មែរប្រមាណ ១ លាន ៧ ម៉ឺននាក់បានស្នាក់នៅ និងបំពេញការងារនៅក្នុងប្រទេសថៃបានទទួលឯកសារស្របច្បាប់នៅតាមបណ្ដារោងចក្រ សហគ្រាស លើវិស័យសំណង់ នេសាទ និង កសិកម្មត្រូវបានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ចុះបំពេញបេសកកម្មការងារផ្ដល់ភាពស្របច្បាប់ជូនពួកគេដល់ប្រទេសថៃ។ ប៉ុន្តែទន្ទឹមជាមួយគ្នានេះមានពលករខ្មែរចំណាកស្រុកមួយចំនួនទៀតនៅតែបន្តចូលទៅធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃ តាមរយៈមេខ្យល់ដែលបង្កឲ្យមានការព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ពីភាគីថៃ។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករថ្លែងថា៖ «យើងមានក្ដីព្រួយកង្វល់ខ្លាំងណាស់ ជុំវិញការព្រមានរបស់ភាគីថៃទៅលើពលករចំណាកស្រុករបស់យើង»។ លោកបន្តថា៖ «អាជ្ញាធរពាក់ព័ន្ធរដ្ឋាភិបាលកម្ពុជា គួរតែបង្កើតឱកាសការងារឲ្យបានច្រើននៅតាមព្រំដែន ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរយើង»។

បញ្ហាពលករនេះកាលពីម្សិលមិញក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញរបាយការណ៍មួយបានឲ្យដឹងដែរថា រាជរដ្ឋាភិបាលបានសង្គ្រោះស្ត្រីខ្មែរចំនួន ១៦ នាក់ឲ្យបានវិលត្រឡប់មកកម្ពុជាវិញនៅក្នុងខែកក្កដានេះ បន្ទាប់ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្រៅប្រទេសបានធ្វើអន្តរាគមន៍ដើម្បីសង្គ្រោះឲ្យផុតពីគ្រោះថ្នាក់ដោយសារមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបរទេស ការជួញដូរមនុស្ស និងពុំអាចទ្រាំការងារបាន។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងឲ្យដឹងនៅក្នុងរបាយការណ៍ដដែលនេះថាស្ត្រីទាំង ១៦ នាក់នោះត្រូវបានសង្គ្រោះពីប្រទេសចិនថៃវៀតណាម អារ៉ាប៊ីសាអ៊ូឌីត។ ក្នុងនោះស្ថានទូតបានរៀបចំកន្លែងស្នាក់នៅ អាហារបរិភោគ ព្រមទាំងរៀបចំឯកសារធ្វើដំណើរ។ របាយការណ៍នេះបានឲ្យដឹងថា ស្ត្រីទាំងនោះមានស្រុកកំណើតនៅក្នុងខេត្ត តាកែវ ក្រចេះ កំពង់ឆ្នាំង កំពង់ចាម បាត់ដំបង រាជធានីភ្នំពេញ ត្បូងឃ្មុំ កណ្ដាល បន្ទាយមានជ័យ។ ក្នុងនោះស្ត្រីខ្មែរចំនួន ១១ នាក់ត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការខុសច្បាប់នៅប្រទេសចិន ស្ត្រីម្នាក់ចាញ់បោកមេខ្យល់ និងត្រូវអាជ្ញាធរចិនឃាត់ខ្លួនពីបទរស់នៅខុសច្បាប់។ ស្ត្រីជាអនីតិជនខ្មែរចំនួន ៣ នាក់មានអាយុពី ១៣ ឆ្នាំ ដល់ ១៦ ឆ្នាំទទួលរងគ្រោះដោយការជួញដូរមនុស្សតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ចំណែកស្ត្រីបម្រើការជាមេផ្ទះខ្មែរម្នាក់ គឺពុំអាចទ្រាំទ្រការងារនៅអារ៉ាប៊ីសាអ៊ូឌីត។ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ១៤ នាក់ផ្សេងទៀតត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងចិនបានជួយសង្គ្រោះឲ្យត្រឡប់មកកម្ពុជាវិញដែរ។

របាយការណ៍របស់ក្រសួងការបរទេសក៏បានឲ្យដឹងដែរថានៅឆ្នាំ ២០១៧ កន្លងទៅនេះអាជ្ញាធរបានជួយសង្គ្រោះពលរដ្ឋខ្មែរនៅក្រៅប្រទេសជិត ១ ពាន់នាក់មកពីបណ្ដាប្រទេសចំនួន ៩ ឲ្យវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេជួបការរំលោភសិទ្ធិ និងការលំបាកនៅកន្លែងធ្វើការ។ ពលរដ្ឋខ្មែរភាគច្រើន ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីមានចំនួនដល់ទៅ ៣៨២ នាក់ និងថៃ ១៧១ នាក់ព្រមទាំងបណ្ដាប្រទេសនានានៅក្នុងតំបន់។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) កាលពីដើមខែកក្កដាបានអះអាងថា រដ្ឋាភិបាលនៅតែគ្មានវិធានការទប់ស្កាត់ចំពោះបញ្ហាដែលត្រូវបានមេខ្យល់បោកបញ្ឆោតចេញពីកម្ពុជា។ លោក តុលា ថ្លែងថា៖ «ការចាញ់បោកគេនេះគឺចេះតែចាញ់បោកបន្ដបន្ទាប់គ្មានវិធានការទប់ស្កាត់ ហើយចំណែកការដាក់ទោសទណ្ឌទៅលើមេខ្យល់ក៏មិនសូវឃើញជាដុំកំភួនអ្វីដែរ។ គឺបានន័យថា ដាក់ទោសតែអ្នកដែលតូចតាច ហើយអ្នកដែលជាមេខ្យល់ធំៗមានអំណាចដូចជាមិនឃើញមានទោសទេ»។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៨ កន្លងមកនេះបានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្ដល់សេវាជួយស្វែងរកការងារធ្វើនៅក្រៅប្រទេសជូនប្រជាពលរដ្ឋបានជាង ១ លាន ២ សែននាក់នៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងតំបន់រដ្ឋបាលពិសេសហុងកុង ដោយមិនគិតពីពលរដ្ឋដែលទទួលសេវាខុសច្បាប់៕

website_news/2018100702.txt · Last modified: 2018/07/10 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki