website_news:2018100704

ពលករខ្មែរធ្វើសំណង់នៅថៃប្រឈមគ្រោះថ្នាក់ខ្លាំង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ ម៉ោង ១៦:២៧ ចន ណារិទ្ធ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរទៅធ្វើការជាកម្មករសំណង់នៅប្រទេសថៃបានអះអាងថា ក្រុមកម្មករទៅធ្វើការផ្នែកសំណង់នៅប្រទេសថៃ គឺប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ខ្លាំងបំផុត ដោយសាតែមេការ ឬអ្នកម៉ៅការសំណង់នោះតម្រូវឲ្យធ្វើការងារណាដែលលំបាកៗ និងប្រថុយប្រថានជាមួយគ្រោះថ្នាក់ ។ កាលពីប៉ុន្មានសប្តាហ៍មុននេះនៅទីក្រុងបាងកកប្រទេសថៃ ភ្នាក់ងារសារព័ត៌មានកោះសន្តិភាពបានជួប ផ្ទាល់ជាមួយកម្មករសំណង់មួយក្រុមដែលជាជនជាតិខ្មែរ ក្នុងពេលសម្រាកពីការងារសំណង់ កំពុងអង្គុយផ្ទាល់ដី ហូបបាយជុំគ្នានៅក្បែរការដ្ឋានសំណង់មួយកន្លែងដែលកំពុងសាងសង់បានប្រមាណ៩០% របស់អគារព្រះរាមចិត្រ ឬក្បែរផ្សារទំនើបប៊ិចស៊ី ចំកណ្តាលទីក្រុងបាងកកតែម្តង ដោយមានទឹកមុខក្រៀមក្រំគួរឲ្យអាណិតអាសូរខ្លាំងណាស់ ។ នៅពេលភ្នាក់ងារកោះសន្តិភាពចូលទៅជួបក្នុងន័យសួរនាំសំណេះសំណាល និងសួរសុខទុក្ខធម្មតា ពួកគាត់បាននាំគ្នាផ្អាកហូបបាយ និងក្រោកឈររៀបរាប់ដោយមិនទាន់ទាំងសួរផងនោះ ។

កម្មករម្នាក់ឈ្មោះ ដាវី បានឲ្យដឹងថា ពួកគាត់ពិតជាមានការលំបាកខ្លាំង ជាពិសេសក្នុងពេលការដ្ឋានសំណង់ណាដែលមានការលំបាក ដូចជា ពេលសំណង់បុកគ្រឹះ ឬការដ្ឋានហាលថ្ងៃ និងការងារឡើងខ្ពស់ៗ ឬប្រថុយជាមួយគ្រោះថ្នាក់ជាដើម គឺមេការឲ្យកម្មករខ្មែរធ្វើតែម្តង ដល់ពេលសាងសង់បានខ្ពស់ និងមានម្លប់ស្រួល ហើយគេដេញកម្មករខ្មែរឲ្យទៅធ្វើសំណង់មួយទៀត ដើម្បីដាក់កម្មករថៃចូលជំនួសវិញ ដែលការងារបែបនេះ មានជាក់ស្តែងស្ទើរគ្រប់កន្លែងតែម្តង ។ ជាក់ស្តែងក្នុងពេលនេះ មេការសំណង់បានឲ្យពួកគាត់ជាកម្មករ ឡើងលាបថ្នាំ ជូតកញ្ចក់ និងសម្អាតជញ្ជាំងអគារផ្នែកខាងក្រៅដែលមានកំពស់ប្រមាណ២០ជាន់ ដោយគ្រាន់តែចងខ្សែរ៉ូតជាប់ចង្កេះ គឺមិនមានកន្ត្រកយោងនោះទេ ទម្លាក់ខ្លួន ដើម្បីលាប ជូត និងសំអាតតាំងពីជាន់លើដល់ក្រោម ហើយនៅពេលធ្វើការងារណាដែលលំបាកៗរួច ត្រូវមេការថៃឲ្យទៅធ្វើសំណង់នៅទីតាំងមួយផ្សេងទៀត ។ ចំណែកកម្មករថៃ ពួកគេធ្វើការណាដែលស្រួលៗទេ ដូចជារៀបការ៉ូ ប៊ៀកឬបូកជញ្ជាំងផ្នែកខាងក្នុងអគារ ឬការងារក្នុងម្លប់តែប៉ុណ្ណោះ ។

ក្រុមកម្មករទាំងនោះបានរៀបរាប់ទាំងទឹកមុខក្រៀមក្រំទៀតថា ទោះការងារលំបាក និងប្រថុយប្រថានគ្រោះថ្នាក់បែបនេះក្តី ក៏ចេះតែស៊ូទ្រាំ មិនតែប៉ណ្ណោះក្រុមហ៊ុនទទួលម៉ៅការសំណង់នោះ បើកប្រាក់ខែមិនទៀងទាត់ទៀតផង និងបើកឲ្យម្តងបន្តិចៗ ព្រោះខ្លាចកម្មកររត់នៅពេលដែលបើកលុយអស់ ។ កម្មករក្រុមនោះបានបញ្ជាក់ថា សម្រាប់ក្រុមរបស់គាត់ធ្វើការ បានប្រាក់ឈ្នួលក្នុងមួយថ្ងៃតែជាង២០០បាត បើជាកម្មករជំនាញ អាចទទួលបានពី៣០០ឬជាង៣០០បាត ចំណែកកម្មករជនជាតិថៃវិញ ទទួលបានពី៤០០ទៅ៥០០បាតក្នុងមួយថ្ងៃ និងធ្វើតែការងារណាដែលស្រួលៗទៀតផង ។ ក្រុមកម្មករដដែលបានឲ្យដឹងបន្តថា ពួកគេទៅធ្វើការនៅស្រុកថៃផ្នែកសំណង់នេះ ពិតជាមានការលំបាកខ្លាំង មានពេលខ្លះអត់លុយទៅស្រុកកំណើតដោយសារថៅកែមិនបើកប្រាក់ខែឲ្យ និងឲ្យធ្វើការថែមម៉ោងទៀត ភាគច្រើនកម្មករខ្ចីឬជំពាក់មេការដែលម៉ៅការសំណង់ គឺនៅពេលបើកប្រាក់ខែសងមេការវិញស្ទើរគ្មានសល់ ប៉ុន្តែក៏មានក្រុមហ៊ុនខ្លះបើកប្រាក់ខែទៀងទាត់ តែមានតិចណាស់ ។ កម្មករទាំងនោះបានរៀបរាប់ថា ពួកគាត់បានចាញ់បោកមេខ្យល់ ដោយបានសន្យាថា ទៅធ្វើការសំណង់នៅប្រទេសថៃ បានប្រាក់ខែច្រើន គឺក្នុងមួយថ្ងៃ នឹងទទួលបានប្រាក់ពី៧០០ទៅ១ពាន់បាតឯណោះ ទើបពួកគាត់ បានសម្រេចចិត្តនាំគ្នាចាកចេញពីស្រុកកំណើតទៅធ្វើការនៅប្រទេសថៃក្នុងពេលនេះ ដឹងអីលំបាកយ៉ាងនេះ បើកម្មករក្រៅពីសំណង់គួរសមបន្តិច បើកម្មករធ្វើសំណង់ពិតជាពិបាកតែម្តង ៕

website_news/2018100704.txt · Last modified: 2018/07/10 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki