website_news:2018110102

តុលាការអាមេរិក ច្រានចោលបណ្ដឹងរបស់ពលរដ្ឋកម្ពុជា

http://www.postkhmer.com/ Wed, 10 January 2018 Leonie Kijewski

ភ្នំពេញៈ តុលាការសហព័ន្ធអាមេរិកមួយបានច្រានចោលពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនថៃចំនួន ២ និងក្រុមហ៊ុនអាមេរិក ២ ដែលពលរដ្ឋកម្ពុជា ៧ នាក់បានប្តឹងដោយអះអាងថាពួកគេគឺជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងឲ្យធ្វើការដោយបង្ខំ។ ចៅក្រម John F Walter នៃតុលាការសហព័ន្ធប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានច្រានចោលរឿងក្តីនេះ បើទោះជាការកាត់ក្តីមិនមានហេតុផលក៏ដោយ។ លោក Walter បានលើកឡើងអំពីករណីនេះកាលពីថ្ងៃទី ២១ ខែធ្នូឆ្នាំមុនដោយថាខ្វះយុត្តាធិការ។

ពាក្យបណ្តឹងនេះត្រូវបានប្តឹងកាលពីខែមិថុនាឆ្នាំ ២០១៦ ដោយមានជនរងគ្រោះជាជនជាតិខ្មែរ ៧ នាក់ក្នុងនោះមានស្ត្រី ២ នាក់។ ក្នុងពាក្យបណ្តឹងនោះជនរងគ្រោះបានបញ្ជាក់ថាពួកគេត្រូវបានក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុកមកបញ្ចុះបញ្ចូលឱ្យទៅធ្វើការនៅក្រុមហ៊ុនគ្រឿងសមុទ្រថៃ Phatthana Seafood Co. Ltd. ចន្លោះឆ្នាំ ២០១១ ដល់ ២០១២ ហើយបានប្រឈមនឹងការបង្ខំឱ្យធ្វើការងារលើសកម្លាំង ហើយគ្រឿងសមុទ្រទាំងនោះសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក។ ពាក្យបណ្តឹងនោះបានបញ្ជាក់ថាការធ្វើដំណើរទៅកាន់ប្រទេសថៃគឺជាទុក្ខលំបាកមួយ។ ដើមបណ្តឹងឈ្មោះបាន និងឈ្មោះ ណាគ្រី ត្រូវបានគេនាំយកទៅធ្វើការនៅទីនោះដោយពួកគាត់បានខ្ចីបុលគេ ហើយត្រូវធ្វើដំណើរតាមរថយន្តភីកអាប់មួយគ្រឿងដែលដាក់មនុស្សណែន និងត្រូវបានគំរាមកំហែងដោយការវាយដំផងដែរ។ ដើមបណ្តឹងឈ្មោះបាន និងណាគ្រីសម្លឹងមើលដោយការភ័យខ្លាចនៅពេលដែលកម្មកររួមការងារជាមួយគ្នាត្រូវបានវាយដំដោយខ្សែភ្លើងពីពួកអ្នកជ្រើសរើសពលករ។

ប៉ុន្តែបន្ទាប់ពីពួកគេទៅដល់ទីនោះអ្វីៗហាក់មិនបានល្អឡើយ។ ពលករមួយចំនួនមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញម្ហូបអាហារបរិភោគទេ ហើយជារឿយៗពួកគេត្រូវរស់ទាំងស្រេកឃ្លាន។ ឧទាហរណ៍ ដើមបណ្តឹងឈ្មោះបាន និងណាគ្រីត្រូវឆ្លៀតពេលដើររកចាប់ត្រីក្តាម ខ្យងនៅតាមវាលស្រែក្បែរៗនោះដើម្បីយកទៅធ្វើម្ហូបចម្អែតក្រពះ។ លើសពីនេះទៀតដើមបណ្តឹងជាច្រើនបាននិយាយថា ពួកគេត្រូវបានគេចាត់ឱ្យធ្វើការជាមួយសារធាតុក្លរីនដោយគ្មានឧបករណ៍ការពារគ្រប់គ្រាន់ដែលនាំឱ្យពួកគេមានបញ្ហាផ្លូវដង្ហើមផងដែរ។ ពាក្យបណ្តឹងនោះបានបន្ថែមថានៅពេលដែលកម្មករចង់ចាកចេញពួកគេត្រូវបានថៅកែប្រាប់ថាពួកគេមិនអាចទទួលបានលិខិតឆ្លងដែនពួកគេទេគឺរហូតទាល់តែពួកគេរកលុយសងបំណុលថ្លៃសេវាជ្រើសរើសពលកររួចរាល់អស់សិន ប៉ុន្តែនេះជាអ្វីដែលពួកគេគ្មានលទ្ធភាពដោយសារប្រាក់ខែទាបជាងការសន្យាឆ្ងាយខ្លាំងណាស់។

ពាក្យបណ្តឹងនោះបានចោទប្រកាន់ក្រុមហ៊ុនអាហារសមុទ្រ Phatthana Seafood, SS Frozen Food, Doe Corporations, Rubicon Resources និង Wales & Co ថាពួកគេត្រូវទទួលខុសត្រូវចំពោះការបង្ក្រាបការបង្ខំឱ្យធ្វើការដោយបង្ខំ និងការជួញដូរមនុស្សដោយអចេតនាដោយសារតែពួកគេជា «អ្នកចូលហ៊ុនរួមគ្នាដែលបានបំពានច្បាប់សហរដ្ឋអាមេរិកដែលពួកគេបានទទួលប្រយោជន៍ពីការនាំចូលគ្រឿងសមុទ្រដូចជាបង្គាជាដើមដែលគ្រឿងសមុទ្រទាំងនោះរកបានដោយពលករដែលគេជួញដូរ និងកេងប្រវ័ញ្ច»។

ប៉ុន្តែក្នុងសាលក្រមដំណើរការរឿងក្តីនេះត្រូវបានចៅក្រមអះអាងថាមិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញអំពីទំនាក់ទំនងរវាងក្រុមហ៊ុនសហរដ្ឋអាមេរិក និងការជួញដូរមនុស្សដើម្បីផ្តល់ជាយុត្តាធិការដល់តុលាការសហរដ្ឋអាមេរិកលើសំណុំរឿងនេះទេ។ យោងតាមពាក្យបណ្តឹង ដើមបណ្តឹងបានចោទប្រកាន់ថាក្រុមហ៊ុន S.S Frozen Food បានទទួលផលប្រយោជន៍ពីដើមបណ្តឹងម្នាក់ដែលត្រូវបានគេឱ្យធ្វើការងារទាំងបង្ខំ ទោះបីជាដើមបណ្តឹងទើបតែបានទៅធ្វើការនៅទីនោះគឺបន្ទាប់ពីមានបញ្ជាទិញពីក្រុមហ៊ុនអាមេរិកក្តី។ ពាក្យបណ្តឹងនោះក៏បានបញ្ជាក់ពីការជាប់ទាក់ទងជាមួយនឹងភ្នាក់ងារជ្រើសរើសពលករ CDM Trading Manpower ផងដែរនៅក្នុងដំណើរការជួញដូរ។

អ្នកស្រី Lim Vouchna ដែលជាមន្ត្រីម្នាក់របស់ក្រុមហ៊ុននេះបានថ្លែងថាអ្នកស្រីមិនអាចផ្តល់ព័ត៌មានបន្ថែមអំពីករណីនេះបានទេ ប៉ុន្តែថាអ្នកស្រីបានចាប់ផ្តើមធ្វើការក្នុងក្រុមហ៊ុននេះបន្ទាប់ពីរឿងក្តីនេះបានកើតឡើងរួចហើយ។ លោកស្រីថាក្រុមហ៊ុន CDM Trading Manpower ឈប់ធ្វើការជាមួយក្រុមហ៊ុន Phatthana ទៀតហើយ។

លោក DyThe Hoya មន្ត្រីអង្គការសិទិ្ធការងារ Central បានថ្លែងថាដំណើរការតុលាការមានភាពស្មុគស្មាញណាស់សម្រាប់ជនរងគ្រោះនៃអំពើជួញដូរមនុស្សហើយថាក្រុមហ៊ុនជាច្រើនតែងតែបានឈ្នះក្តីនៅតុលាការដោយសារវិសមភាពធនធាន។ លោកបានបញ្ជាក់ថា៖ «វាមិនយុត្តិធម៌សម្រាប់ពលករនោះទេ»៕ NS

website_news/2018110102.txt · Last modified: 2018/01/11 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki